ភាពខុសប្លែកគ្នា រវាងមិត្តភាពរបស់បុរស និងមិត្តភាពរបស់នារី

បើសិនអ្នកគិតថា នៅពេលរៀនចប់ហើយ មិត្តភាពរវាងគ្នា(មិត្តរួមថ្នាក់)ក៏នឹងចប់ទៅតាមនោះដែរ សូមសាកល្បងគិតសាថ្មីឡើងវិញ…។ ពេលនិយាយពីការសាងមិត្តភាព បុរសៗមានទំនោរក្នុងការត្រឡប់ទៅសេពគប់មិត្តភក្តិចាស់ៗសម័យរៀនច្រើនជាងនារី។ លទ្ធផលនៃការសិក្សាស្រាវជ្រាវបានបង្ហាញថា បុរសៗច្រើនតែសម្លឹងរកមើលក្រុមដែលមានតែបុរសសុទ្ធ ដូចជាក្លិប ឬក្រុម ជាដើម ខណៈដែលនារីៗវិញរាងជ្រើសរើសច្រើនជាង ដោយនិយមសេពគប់តែមិត្តភក្តិជិតដិតត្រឹមតែប៉ុន្មាននាក់ប៉ុណ្ណោះ។

មិត្តភាពរបស់មនុស្សប្រុស ភាគច្រើនៗ គឺស្រដៀងនឹងការកសាងសម្ព័ន្ធមិត្ត។ បន្ទាប់ពីវិភាគតាមរយៈរូបភាព Profile របស់មនុស្សប្រុសនៅក្នុង Facebook ជិត 112,000នាក់ទូទាំងពិភពលោកហើយ គេរកឃើញថា មនុស្សប្រុសមានទំនោរក្នុងការប្រើរូបភាព Profile ជាក្រុមដែលមានរូបខ្លួនឯងជាមួយមិត្តភក្តិមួយក្រុមធំ ដែលបង្ហាញឱ្យឃើញពីការប្រកួតប្រជែងគ្នានៅក្នុងក្រុមពួកបុរសៗដូចគ្នាពាក់ព័ន្ធនឹងមិត្តភាពរបស់ពួកគេ។ ផ្ទុយទៅវិញ នារីៗសឹងតែមិនដែលប្រើរូបភាព Profile ជាក្រុមធំៗជាមួយមិត្តភក្តិឡើយ តែច្រើនប្រើរូបតែម្នាក់ឯង ឬមិនទេក៏ថតជាមួយមិត្តភក្តិស្រីដូចគ្នាតែម្នាក់ប៉ុណ្ណោះ ដោយសារតែមនុស្សស្រីច្រើនតែផ្ដល់ចំណាប់អារម្មណ៍ចំពោះអ្នកដទៃបានតែម្នាក់ប៉ុណ្ណោះក្នុងមួយលើក។

តើហេតុអ្វីបានជាមនុស្សស្រី និងមនុស្សប្រុសមានវិធីចងមិត្តខុសប្លែកគ្នាដូច្នេះ? សមុដ្ឋាន 1ចំណុច គឺព្រោះតែខួរក្បាលរបស់បុរស និងនារីមានភាពខុសប្លែកគ្នា។ ជាទូទៅ ស្រ្តីនឹងមានប្រព័ន្ធ លីមពិក ធំជាងរបស់បុរស។ ប្រព័ន្ធ លីមពិក គឺជាខ្សែបណ្ដាញរបស់សរសៃប្រសាទក្នុងខួរក្បាលដែលតភ្ជាប់ជាមួយសញ្ជាតិញាណ និងអារម្មណ៍ ដោយវានឹងគ្រប់គ្រងអារម្មណ៍ចម្បងៗ ដូចជា សេចក្ដីសុខ និងសេចក្ដីភ័យខ្លាច។ ដោយហេតុនេះទើបមនុស្សស្រីអាចតភ្ជាប់អារម្មណ៍របស់ខ្លួនឯងជាមួយអ្នកដទៃបានល្អជាង។ លទ្ធផលនៃការស្រាវជ្រាវផ្សេងទៀតនៅបានបង្ហាញឱ្យឃើញថា ស្រ្តីមានទំនោរក្នុងការសាងមិត្តភាពដោយពិចារណាតាមរយៈអារម្មណ៍ជាគោល និងនិយមជជែកនិយាយគ្នាក្នុងរឿងផ្ទាល់ខ្លួន។ ចំណែកមិត្តភាពរបស់មនុស្សប្រុសវិញ ច្រើនសង្កត់ធ្ងន់លើការបានធ្វើកិច្ចការងាររួមគ្នា ដូចជា មើលកីឡា ឬរៀបចំពិធីជប់លៀង ហើយញ៉ាំស្រាបៀរជាមួយគ្នា។ល។

មិត្តភាពរបស់មនុស្សស្រីនឹងចេញមកបែបប្រភេទជួបជុំគ្នាដើម្បីជជែកនិយាយ និងដោះដូរគំនឹតយោបល់គ្នា។ ស្រីៗត្រូវការភ្ជាប់សម្ព័ន្ធភាពឱ្យស្អិតល្មួត តែប្រុសៗត្រូវការធ្វើកិច្ចការងារផ្សេងៗរួមគ្នា និងនៅជាមួយគ្នាជាក្រុមច្រើនជាង៕

Advertisement