បុរស​ម្នាក់ជួប​សំណាង​ធំ ពេល​បាន​​​រកឃើញ​ដុំថ្ម​មាន​ផ្ទុក​មាស 2.6 គីឡូ​ក្រាម

លោក Darren Kamp ម្ចាស់ហាង Lucky Strick Gold និងដុំថ្មផ្ទុកមាសតម្លៃ 160,000 ដុល្លារអាម៉េរិក

អ្នក​រុក​រក​​មាស​ម្នាក់​នៅ​អូស្ត្រាលី​ ​អរ​ស្ទើរ​ហោះ ដូច​បាន​ត្រូវ​ឆ្នោត​ធំ​នៅពេល​គាស់​ឃើញ​ដុំថ្ម​ដែលមាន​ផ្ទុក​មាស​តម្លៃ 160,000 ដុល្លារ​អាម៉េរិក នៅលើ​វាលស្រែ​ក្នុង​រដ្ឋ Victoria។

ដោយ​គ្រាន់តែ​ប្រើប្រាស់​ម៉ាស៊ីន​ស្វែងរក​លោហធាតុ​តម្លៃ​ទាប អ្នក​រុក​រ​កមាស​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​រកឃើញ​វត្ថុ​មានតម្លៃ​នៅក្នុង​តំបន់​ដែល​ល្បី​ឈ្មោះថា​ជា «ត្រីកោណមាស» នៅ Victoria ជាទី​ដែល​ធ្លាប់បាន​ក្លាយជា​ចំណុចកណ្ដាល​នៃ​សកម្មភាព​រុករ​កមាស​នៅក្នុង​ទសវត្សរ៍​ឆ្នាំ 1800។

នៅពេល​នាំយក​ដុំថ្ម​ដែល​ខ្លួន​បាន​រកឃើញ ទៅកាន់​ហាង Lucky Strike Gold ក្នុង​ទីរួមស្រុក Geelong ដែល​នៅក្បែរនោះ​ដើម្បី​ឱ្យគេ​ពិនិត្យ បុរស​ខាងលើ​​ភ្ញាក់ផ្អើល​ជាខ្លាំង ពេល​ដឹង​ពី​តម្លៃ​របស់​វា។ ដុំថ្ម​នោះ​មាន​ទម្ងន់​ជាង 4.6 គីឡូក្រាម តែមាន​មាស​រហូតដល់ 2.6 គីឡូក្រាម និង​ត្រូវបាន​ម្ចាស់​ហាង Lucky Strike Gold ទិញ​ក្នុងតម្លៃ 160,000 ដុល្លារ​អាម៉េរិក។

«នេះ​គឺជា​ដុំថ្ម​មាន​មាស​ច្រើន​បំផុត​ដែល​ខ្ញុំ​ធ្លាប់បាន​ពិនិត្យ​ក្នុង​អាជីព 43 ឆ្នាំ​កន្លង» Darren Kamp ម្ចាស់​ហាង Lucky Strick Gold ចែករំលែក​នៅលើ​បណ្ដាញ​សង្គម​ស្ដី​ពី​ដុំ​ថ្ម​ផ្ទុក​មាស​ខាងលើ កាលពី​សប្ដាហ៍​កន្ល​ង​។

អូស្ត្រាលី បើទោះជា​ត្រូវបាន​វាយតម្លៃថា​ជា​ទឹក​ដី​ដែល​មាន​មាស​ច្រើនជាងគេ​លើ​ពិភពលោក ប៉ុន្តែ​ការរកឃើញ​ដូច​ករណី​ខាងលើនេះ​ពិតជា​កម្រ​កើតមាន។ កំណត់ត្រា​ស្ដីពី​ដុំ​មាសធំ​បំផុត​ដែល​ធ្លាប់​រកឃើញ​នៅ​អូស្ត្រាលី​ ​បាន​ទៅលើ​វត្ថុ​មួយ​ដែលមាន​ឈ្មោះថា «Welcome Stranger»។ វា​មាន​ទម្ងន់ 66 គីឡូក្រាម និង​មានតម្លៃ​ប្រហែល 2.7 លាន​ដុល្លារ​អាម៉េរិក។ យោងតាម​សារមន្ទីរ Victoria ដុំ​មាស​នេះ​ត្រូវបាន​អ្នករុករក​មាស​ពីរ​នាក់​រកឃើញ​កាលពី​ឆ្នាំ 1869៕

Advertisement