ព្រោះតែ​ដូច Lionel Messi ពេក អ្នកគាំទ្រ​ម្នាក់​ក៏​ប្រែ​ជាមាន​ជីវភាព​ធូរធារ

លោក Leonardo Gorri និងភរិយា Giselle Mascagno

Leonardo Gorri ដែលជា​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​ម្នា​ក់នៅ​អា​ហ្ស​ង់​ទីន កំពុង​បង្ក​ការចាប់អារម្មណ៍​លើ​បណ្ដាញ​សង្គម និង «មានតម្លៃ​ខ្ពស់» ព្រោះ​តែមាន​រូបរាង​មុខមាត់​ដូច​ទៅនឹង​កំពូល​តារាបាល់ទាត់ Lionel Messi។

Leonardo មានកូន​បួន​នាក់ និង​ចិញ្ចឹម​គ្រួសារ​ដោយ​មុខរបរ​បើករថយន្ត​ដឹកទំនិញ។ ប៉ុន្តែ​កាលពី​ប៉ុន្មាន​ឆ្នាំមុន ជីវិត និង​គ្រួសារ​របស់ Leonardo Gorri ចាប់ផ្ដើម​មានការ​ផ្លាស់​ប្ដូរ​ច្រើន ព្រោះតែ​គាត់​មានមុខមាត់ រូបរាង​ដូច​ទៅនឹង Messi។ Leonardo Gorri ប្រាប់​ទំព័រ Clarin ថា អតិថិជន​ជាច្រើន​បាន​សុំ​ថតរូប​សែ​ល​ហ្វ៊ី​ជាមួយ​គាត់។

ប៉ុន្តែ​គ្រប់យ៉ាង​បាន​ផ្លាស់ប្ដូរ​ខ្លាំង​នៅក្នុង​ឆ្នាំ 2021។ កាលណោះ ភរិយា​របស់ Leonardo Gorri បាន​ថត​សកម្មភាព​គាត់​ធ្វើ​ត្រាប់​តាម Messi ហើយ​បង្ហោះ​លើ​បណ្ដាញ​សង្គម ជាទី​ដែល Leonardo Gorri ទទួលបាន​ចំណាប់អារម្មណ៍​ខ្លាំង​លើ​គណនី​ឈ្មោះ «ខ្ញុំ​មិនមែនជា Messi»។

ចាប់ពីពេលនោះ​មក លោក Leonardo Gorri ក៏​បង្ហោះ​រូបថត និង​វីដេអូផ្សេងៗជា​បន្តបន្ទាប់ និង​ប្រែជា​ល្បីឈ្មោះ​កាន់តែខ្លាំង។

លោក Leonardo Gorri

ដោយសារតែ​មានមុខមាត់​ដូច Messi លោក Leonardo Gorri ក៏មាន​ឱកាស​ចូលរួម​ទស្សនាការ​ប្រកួត​មួយចំនួន​របស់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន។ «Messi ក្លែងក្លាយ» ក៏​ធ្លាប់​ទទួលបាន​ការចុះហត្ថលេខា​លើ​អាវយឺត​ពី «Messi ពិត» ផងដែរ។ Leonardo Gorri និយាយថា នេះ​គឺជា​មួយ​ក្នុងចំណោម «វត្ថុ​មានតម្លៃ​បំផុត» សម្រាប់​គាត់។

លោក Leonardo Gorri

ព្រោះតែ​មានមុខមាត់ និង​រូបរាង​ដូច Lionel Messi និង​សមត្ថភាព​សម្ដែង លោក Leonardo Gorri ក៏​ទទួលបាន​ការអញ្ជើញ​ឱ្យ​សហការ​ពី​បណ្ដា​ក្រុមហ៊ុន​រៀបចំ​ព្រឹត្តិការណ៍ ក៏ដូចជា​ផលិតកម្ម​ភាពយន្ត​នៅ​អា​ហ្ស​ង់​ទីន៕

Advertisement