«សាកសព» ដើមឈើ​ទាល​ធំ​មួយ​ដើម អាយុកាល​ប្រហែល​រាប់រយឆ្នាំ ទទួលបាន​ការគោរព​បូជា​ ក្រោយ​​ផុស​ពី​ទន្លេ​ឡើង​វិញ

សាលាឃុំ​ឈើទាល នៃ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល បានក្លាយ​ជាទី​ចាប់អារម្មណ៍​របស់​ជា​ជន​នៅក្នុង​តំបន់ ពិសេស​គឺ​អ្នកមាន​ជំនឿ ចាប់ពី​ថ្ងៃ​ដែល​អាជ្ញាធរ​ឃុំ​ឈើទាល បាន​អូស «សាកសព» ដើមឈើ​ទាល​ដ៏​ធំ​មួយ​ដើម​មក​តម្កល់​នៅខាងមុខ​បរិវេណ​សាលាឃុំ។

ប្រជាពលរដ្ឋ​ជាច្រើន​កុះករ នាំគ្នា​ទៅ​មើល និង​អុជ​ធូប​ទៀន ថ្វាយ​ផ្កា បួងសួង​សុំ​សេចក្ដីសុខ​ពី​ខ្លឹម​ដើមឈើ​ទាល​ខាងលើ ខណៈដែល​អ្នកលេង​បណ្ដាញ​សង្គម​នាំគ្នា​ចែករំលែក​ទិដ្ឋភាព​នៃ​កន្លែង​តម្កល់ «សព» ដើមឈើ​ទាល​នេះ។

«ដើមឈើ​ទាល​មាន​អាយុកាល​រាប់រយឆ្នាំ កប់​ក្នុង​ទឹកទន្លេ​បាសាក់​រាប់សិប​ឆ្នាំ​ទៀត សល់​តែ​ខ្លឹម​សុទ្ធ បើ​មិនបាន​ទៅ​មើល​មិន​អស់ចិត្ត​ទេ» នេះ​បើតាម​គណនី Facebook ឈ្មោះ Phoeng Seang ដែល​បាន​ទៅដល់​កន្លែង​តម្កល់ «សព» ដើមឈើ​ទាល​នៅ ឃុំ​ឈើទាល កាលពី​ម្សិលមិញ។ ម្ចាស់​គណនី​នេះ​បន្តថា «ទីតាំង» តម្កល់​ដើមឈើ​ទាល​នេះ ស្ថិត «នៅ​សាលាឃុំ​ឈើទាល ស្រុក​កៀនស្វាយ» ខេត្តកណ្ដាល។ បុរស​នេះ​ថែមទាំង​បាន​បង្ហោះ​តំណ​ភ្ជាប់​ផែនទី​នៃ​ទីតាំង​របស់​សាលាឃុំ​ឈើ​ទាល​ផងដែរ។

នៅក្នុង​ឱកាស​នៃ​ថ្ងៃបុណ្យ​វិសាខបូជា បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្ដាល បាននាំគ្នា​រៀបចំ​ពិធី​នៅ​ទីតាំង​តម្កល់​ដើមឈើ​ទាល​នេះ។ អ្នកភូមិ​ក្នុង​មូលដ្ឋាន​បានឱ្យដឹងថា ដើមឈើ​ទាល​នេះ​បាន​បាត់​ខ្លួន​អស់​រយៈពេល​ជា​យូរ​មកហើយ ប៉ុន្តែ​ពេលនេះ​បែរជា​ផុស​ឡើងមក​វិញ ធ្វើឱ្យ​មនុស្សម្នា​កមាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង។

អាជ្ញាធរ​ឃុំ​ខាងលើ កាលពី​ថ្ងៃទី ១៣ ឧសភា បាន​យក​គ្រឿងចក្រ​ទៅ​អូសទាញ​ដើមឈើ​ទាល​មួយ​ដើម​ដែល​នៅសល់តែ​ឃ្លឹម​នេះ​ឡើង​ពី​ទន្លេ និង​បានដាក់​តម្កល់​នៅ​សាលាឃុំ បន្ទាប់ពី​ទទួលបាន​សេចក្ដីរាយការណ៍​ថា មាន​មនុស្ស​ច្រើន​នាក់​ប្រុង​នឹង​អូស​ដើម​ឈើទាល​នេះ​យក​ចេញពី​កន្លែង​ដែល​គេ​ប្រទះឃើញ​ដំបូង។

Advertisement