(វីដេអូ)-កំពូល​មនុស្ស (Superman) ចេញមុខ​ជួយ​លើកទឹកចិត្ត​ដល់​កុមារ​មក​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 នៅ សហរដ្ឋ​អាម៉េរិក

អ្នកស្ម័គ្រចិត្ត និង​ក្រុម​វេជ្ជបណ្ឌិត​នៅ សហរដ្ឋ​អាម៉េរិក ស្លៀកពាក់​ឈុត Superman ដើម្បី​ជួយ​ឱ្យក្មេងៗដែល​មក​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 លែងមាន​ការភ័យខ្លាច។

ស្ថានីយ​វិទ្យុ RT (រុស្ស៊ី) បាន​រាយការណ៍​ថា ក្មេង​អាយុ​ចាប់ពី 5 ឆ្នាំ ដល់ 11 ឆ្នាំ ប្រមាណ 2,000 នាក់ បានមក​កាន់​ទីតាំង​ចាក់​វ៉ាក់សាំង​មួយ​នៅក្នុង​តំបន់ Lansdale នៃ​រដ្ឋ Pennsylvania សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី 14 វិច្ឆិកា។

ខាងក្រោម​នេះ​គឺជា​វីដេអូ ស្ដីពី​ក្រុម​អ្នកស្ម័គ្រចិត្ត​ស្លៀកពាក់​ឈុត Superman ចេញមុខ​លើកទឹកចិត្ត​កុមារ​ដែល​មក​ទទួល​ការចាក់​វ៉ាក់សាំង COVID-19។

អាណាព្យាបាល​មួយរូប​ថ្លែងថា៖ «ខ្ញុំ​ដឹងថា ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 នឹង​ជួយ​ឱ្យ​យើង​បោះជំហាន​ទៅមុខ និង​ឆ្លង​ផុត​ជំងឺ​រាតត្បាត។ ក្រុម​អ្នកស្ម័គ្រចិត្ត​នៅទីនេះ​ពិតជា​ល្អ​ខ្លាំងណាស់​សម្រាប់ក្មេងៗ ពួកគេ​កំពុង​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ»។

សហរដ្ឋ​អាម៉េរិក បានអនុម័ត​ឱ្យ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ជូន​ដល់​កុមារ ចាប់ពី​ថ្ងៃទី 2 វិច្ឆិកា 2021។ គិត​មកដល់​បច្ចុប្បន្ន កុមារ​ប្រមាណ 900,000 នាក់ បានទទួល​ការចាក់​វ៉ាក់សាំង​ដូ​ស​ទីមួយ​រួចរាល់​ហើយ៕

Advertisement