ជាប់ពន្ធនាគារ 10 ឆ្នាំ ដោយសារ​បទល្មើស​វាយ​ធ្វើបាប​សត្វ​ចិញ្ចឹម

(សហរដ្ឋ​អាម៉េរិក)-បុរស​ម្នាក់​នៅ​រដ្ឋ Florida ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល 10 ឆ្នាំ ព្រោះតែ​បាន​វាយ​ធ្វើបាប​សត្វ​សុនក​ប្រភេទ pit bull ដោយ​ចាក់ 50 កាំបិត និង​ញាត់​ចូលក្នុង​វ៉ាលិស បណ្ដាលឱ្យ​ស្លាប់​ពីរ​ថ្ងៃ​ក្រោយមក។

Brendan Evans អាយុ 35 ឆ្នាំ នៅ​ទីក្រុង Hollywood រដ្ឋ Florida ត្រូវ​ទទួលទោស​នៅក្នុង​រឿងក្ដី​វាយ​ធ្វើបាប​សត្វ​សុនក​ឈ្មោះ Ollie កាលពី 4 ឆ្នាំមុន។ នេះ​បើតាម Michael Gottlieb ដែលជា​មេធាវី​របស់​ជនល្មើស ឱ្យដឹង​កាលពី​ថ្ងៃទី 9 វិច្ឆិកា។

យោងតាម​ឯកសារ​រឿងក្ដី កាលពី​ឆ្នាំ 2017 Evans បាន​វាយ​ធ្វើបាប Ollie ដោយ​ចាក់ 50 កំបិទ និង​ញាប់​វា​ចូលក្នុង​វ៉ាលិស នៅពេល​សត្វ​ចិញ្ចឹម​នេះ​កំពុង​ត្រដរខ្យល់។ ប្ដី ប្រពន្ធ​មួយគូ ដែល​កំពុង​ដើរលេង​ពី​យប់ បានឮ​សំឡេង​ស្រែកថ្ងូរ​របស់​សុនករ​ង​គ្រោះ​ចេញពី​វ៉ាលិស​ពណ៌​ខៀ​ស​ដែលមាន​ចម្ងាយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​របស់ Evans ហើយ​ក៏បាន​ទូរស័ព្ទ​ប្រាប់​ប៉ូលិស។

Ollie ត្រូវបាន​នាំទៅ​កាន់​បន្ទប់​ព្យាបាល​សត្វ​ដែល​នៅក្បែរនោះ។ ក្រុមគ្រូពេទ្យ​យល់ថា សុនក​នេះ​​នឹង​​ជាសះស្បើយ ប៉ុន្តែ ពីរ​ថ្ងៃ​ក្រោយមក Ollie ក៏បាន​ស្លាប់។

ដំបូង​ឡើយ មនុស្ស​រាប់រយ​នាក់​បាន​ស្នើសុំ​ទទួលយក Ollie មក​ចិញ្ចឹម។ ក្រោយពី​វា​បាន​ស្លាប់​ដោយសារ​របួស មនុស្ស​ទាំងនេះ​ក៏​ប្រមូលប្រាក់​បរិច្ចាគ​បាន​ជិត 60,000 ដុល្លារ ដើម្បី​វែកមុខ​ជនដៃដល់។

ប៉ូលិស​កំណត់​បាន​អត្តសញ្ញាណ​របស់ Evans ដោយសារតែ DNA របស់​ជននេះ​ដែលជា​ប់​នៅលើ វ៉ាលិស។ Evans ដំបូង​ឡើយ​បាន​បដិសេធ ប៉ុន្តែ ក្រុមមន្ត្រី​ស៊ើបអង្កេត​បាន​រកឃើញ​ជើង​របស់​សត្វ​ឆ្មា និង​កណ្ដុរ​ដែល​ត្រូវគេ​កាត់​ក្បាល នៅក្នុង​ទូ​ក្លាសេ​របស់​ជននេះ រួម​នឹង​កូនកាំបិទ​បាក់ដង​មួយ​នៅក្នុង​ចាន​ចំណី​របស់​សុនក។ ស្នាម​ឈាម​ក៏ត្រូវ​បាន​រកឃើញ​នៅក្នុង​បន្ទប់ទឹក ចំណែក​ឈាមកក​ស្ងួត និង​រោមសត្វ​ក៏ត្រូវ​បាន​រកឃើញ​នៅក្នុង​ចង្ក្រាន​អាំង​សាច់។

អំពើ​ឃោរឃៅ​ចំពោះ Ollie បាន​បណ្ដាលឱ្យ​មានប្រតិកម្ម​នៅ​ទូទាំង​សកលលោក ពិសេស​ពី​អ្នក​ដែល​ស្រលាញ់​សុនក។ Evans ត្រូវបាន​ឃុំខ្លួន​ចាប់តាំងពី​ពេល​ត្រូវបាន​ចាប់ខ្លួន​កាលពី 4 ឆ្នាំមុន។

មេធាវី Gottlieb ឱ្យដឹងថា ដំបូង ជននេះ​ត្រូវបាន​ចោទប្រកាន់​លើ​បទល្មើស​ធ្វើបាប​សត្វ​ចំនួន 17 ករណី ប៉ុន្តែ តុលាការ​បានសម្រេច​លុប​ចោល 15 ករណី។ បើសិន​ត្រូវបាន​កាត់ទោស​ទាំង 17 ករណី Evans អាច​ត្រូវ​ដេក​គុក 85 ឆ្នាំ​ឯណោះ៕

Advertisement