ពលរដ្ឋ​អាម៉េរិក តុបតែង​ខ្លួន​ជា​វីរុស​ COVID-19 និង​វ៉ាក់សាំង​ជា​ដើម​ ក្នុង​រាត្រី​នៃ​ពិធីបុណ្យ​ហា​ឡូ​វីន

ប្រជាជន​ជាច្រើន​ក្រុម នៅ សហរដ្ឋ​អាម៉េរិក នាំគ្នា​តុបតែង​ខ្លួន​ទៅតាម​ប្រធានបទ​ដែល​ទាក់ទង​នឹង COVID-19 ក្នុង​ការហែក្បួន នា​រាត្រី​បុណ្យ​ហា​ឡូ​វីន លើកដំបូង ក្នុងអំឡុង​ពីរ​ឆ្នាំ​កន្លង។

កាលពី​យប់​ថ្ងៃទី 31 តុលា ទីក្រុង​នី​វ​យ៉​ក របស់ សហរដ្ឋ​អាម៉េរិក មាន​ព្រឹត្តិការណ៍​ហែ​ក្បួន​នៅក្នុង​ពិធីបុណ្យ​ហា​ឡូ​វីន​ដំបូង ក្នុង​រយៈពេល​ជិត​ពីរ​ឆ្នាំ​មកនេះ ក្រោយពី​ព្រឹត្តិការណ៍​កាលពី​ឆ្នាំមុន​ត្រូវបាន​លុបចោល​ដោយសារ​បម្រាម​គោចរ​ប្រឆាំង COVID-19។

ក្នុង​ព្រឹត្តិការណ៍​នេះ មាន​អ្នកខ្លះ​ពាក់​ឈុត​ដែល​បង្ហាញ​អំពី​ប័ណ្ណ​ចាក់​វ៉ាក់សាំង អ្នកខ្លះ​ជ្រើសរើស​ឈុត​ម្ជុលចាក់​វ៉ាក់សាំង Pfizer និង​អ្នកខ្លះ​ក៏​ពាក់​ឈុត​ជា​រូបរាង​របស់​វីរុស COVID-19 ខណៈ​អ្នក​ផ្សេងទៀត​ក៏​កាន់​រូប​គ្រោងឆ្អឹង​មនុស្ស។ ទាំងនេះ​គឺ​ដើម្បី​រំលឹក​គ្រប់គ្នា​ឱ្យ​ចងចាំ​រោគរាតត្បាត​នេះ ក៏ដូចជា​អំពាវនាវ​ដល់​អ្នកដទៃ ឱ្យទៅ​ទទួល​ការចាក់​វ៉ាក់សាំង​ភ្លាម បើសិនជា​អាច។

ហា​ឡូ​វីន (Halloween) គឺជា​ពិធីបុណ្យ​ប្រពៃណី​របស់​ប​ណ្ដា​ប្រទេស​លោកខាងលិច ដែល​ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី 31 តុលា រៀងរាល់ឆ្នាំ។

ពិធីបុណ្យ​​ហាឡូវីន​ នេះ ​ជា​ចំនុច​សម្គាល់​នៃ​ការបញ្ចប់​រដូវ​ប្រមូល​ផល និង​ចាប់ផ្ដើម​រដូវរងា។ ទន្ទឹមនឹងនេះ វា​ក៏​ជា​ពិធីបុណ្យ​ដែល​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​របស់​បុព្វបុរស​ដែល​បាន​លាចាក​លោក​ផងដែរ៕

 

Advertisement