លោកយាយ​វ័យ 70 ឆ្នាំ​ម្នាក់ ទើបតែ​បាន​ឆ្លងទន្លេ​កូន​ដំបូង ក្រោយពី​បាន​ជួប​វេជ្ជបណ្ឌិត

(ឥណ្ឌា)-លោកយាយ​ម្នាក់​ឈ្មោះ Jivunben Rabari បាន​ក្លាយជា​ស្ត្រី​កូនខ្ចី​ដែលមាន​វ័យ​ចំណាស់​ជាងគេ​បំផុត​មួយរូប​នៅលើ​ពិភពលោក បន្ទាប់ពី​បាន​ឆ្លងទន្លេ​ក្នុង​វ័យ 70 ឆ្នាំ ដោយ​វិធី​បង្ក​កំណើត​នៅក្នុង​ឧបករណ៍​វិទ្យាសាស្ត្រ ដែល​ហៅថា In Vitro Fertilization។

លោកយាយ Rabari និង​ស្វាមី Maldhari អាយុ 75 ឆ្នាំ រស់នៅ​ក្នុងភូមិ Mora រដ្ឋ Gujurat រៀបការ​ជាមួយគ្នា​បាន 45 ឆ្នាំ​ហើយ និង​តែងតែ​ចង់បាន​កូន​នឹង​គេ។ រហូតមកដល់​ខែ​នេះ ទើប​ពួកគាត់​បានទទួល​ស្វាគមន៍​កូន​ដំបូង តាមរយៈ​វិធីសាស្ត្រ IVF។

លោកយាយ Rabari ឱ្យដឹងថា គាត់​មិនមាន​លិខិតស្នាម​បញ្ជាក់​ពី​អាយុ​ផ្ទាល់ខ្លួន ប៉ុន្តែ​អះអាងថា មាន​អាយុ 70 ឆ្នាំ។ ប្រការនេះ​បាន​នាំឱ្យ​លោកយាយ​ក្លាយជា​ស្ត្រី​ម្នាក់​ក្នុងចំណោម​ស្ត្រី​កូនខ្ចី​ដែលមាន​វ័យ​ចំណាស់​ជាងគេ​ក្នុង​ពិភពលោក។

«លើកដំបូង ពួកគាត់​បានមក​រក​ខ្ញុំ ខ្ញុំ​ប្រាប់ថា ពួកគាត់​មិនអាច​មានកូន​នៅក្នុង​វ័យ​ចំណាស់​នេះ​ទេ ប៉ុន្តែ​ពួកគាត់​នៅតែ​ចង់​បង្កើតកូន។ ពួកគាត់​និយាយថា សមាជិក​ច្រើន​នាក់​របស់​គ្រួសារ​គាត់​ក៏​ធ្លាប់បាន​ប្រើប្រាស់​វិធីសាស្ត្រ​បង្ក​កំណើត​ក្នុង​ឧបករណ៍​វិទ្យាសាស្ត្រ» វេជ្ជបណ្ឌិត Naresh Bhanushali រៀបរាប់​អំពី​ប្ដី​ប្រពន្ធ​លោកយាយ Rabari និង​បន្ថែមថា៖ «ករណី​ដូច​ប្ដី​ប្រពន្ធ​មួយគូ​នេះ​គឺ​កម្រ​ជួបប្រទះ​ខ្លាំងណាស់»។

កាលពី​ឆ្នាំ 2019 លោកយាយ​ជនជាតិ​ឥណ្ឌា​ម្នាក់ ឈ្មោះ Mangayamma Yarmati ក៏​ធ្លាប់បាន​ធ្វើឱ្យមាន​ការចាប់​អារម្មណ៍​ផងដែរ ព្រោះតែ​បង្កើតបាន​កូនស្រី​ពីរ​នាក់​នៅក្នុង​វ័យ 73 ឆ្នាំ ដោយ​ប្រើ​វិធី​ដូចខាងលើ។ ឆ្នាំ 2016 លោកយាយ Daljinder Kaur ដែលជា​ស្ត្រី​ជនជាតិ​ឥណ្ឌា​ម្នាក់​ផ្សេងទៀត ក៏​បង្កើតបាន​កូនប្រុស​ក្នុង​វ័យ 70 ឆ្នាំ ដោយសារ​វិធីសាស្ត្រ In vitro fertilization នេះដែរ។

ជាធម្មតា ស្ត្រី​ស្ទើរតែ​ទាំងអស់ សុទ្ធតែ​ឆ្លងកាត់​ដំណាក់កាល​អស់​រដូវ ដែល​កើតឡើង​ចាប់ពី​វ័យ​ប្រហែល 50 ឆ្នាំ​ឡើងទៅ ដូច្នេះ ការ​មាន​ផ្ទៃពោះ​តាមបែប​ធម្មជាតិ​ក្នុង​វ័យ 70 ឆ្នាំ​គឺ​ស្ទើរតែ​មិនអាច​ទៅរួច។ ប៉ុន្តែ ក្រុម​អ្នកវិទ្យាសាស្ត្រ​ជឿថា ការប្រើប្រាស់​វិធីសាស្ត្រ​បង្ក​កំណើត​ក្នុង​ឧបករណ៍​វិទ្យាសាស្ត្រ ស្ត្រី​នៅតែ​អាចមាន​ផ្ទៃពោះ​ក្នុងពេល​មាន​វ័យ​ចំណាស់ ឱ្យតែ​ស្បូន​នៅមាន​សុខភាព​ល្អ៕

Advertisement