(វីដេអូ)-ផ្លូវថ្នល់​ក្នុង​ក្រុង​នៅ​ប្រទេស​ចិន ប្រែជា «ទន្លេ​ទឹកកក» ក្រោយ​ភ្លៀង​មួយ​មេ

បន្ទាប់ពី​ព្យុះ​ផ្គរ​រន្ទះ រួម​នឹង​ភ្លៀង​ទឹកកក​មួយ​មេ​យ៉ាង​ធំ ដងផ្លូវ​នានា​ក្នុង​ទីប្រជុំជន Fenghuang នៃ​ទីក្រុង Wenshan (ប្រទេស​ចិន) ក៏​ប្រែ​ទៅជា «ទន្លេ​ទឹកកក» ដ៏​ត្រជាក់ បណ្ដាលឱ្យ​ពលរដ្ឋ និង​មធ្យោបាយ​ធ្វើដំណើរ​លើ​ដងផ្លូវ ត្រូវ​ស្ទះ និង​ពិបាក​ធ្វើដំណើរ។

យោងតាម​ទំព័រ MSN វីដេអូ​ខ្លី​មួយ​ដែល​ត្រូវបាន​ថត​កាលពី​ថ្ងៃទី28 ខែមេសា បាន​បង្ហាញថា ដងផ្លូវ​នៃ​ទីក្រុង Wenshan ក្នុង​ខេត្ត Yunnan កំពុង​លិច​ក្នុង​ទឹកជំនន់​យ៉ាងជ្រៅ និង​ត្រូវ​គ្របដណ្ដប់​ដោយ​ស្រទាប់​ទឹកកក​សក្បុស។ រាល់​មធ្យោបាយ​ធ្វើដំណើរ​នៅទីនេះ សុទ្ធតែ​បង្ក​ជា​រលក ប្រៀបដូចជា​ទូក​បើកបរ​លើក​ផ្ទៃ​ទន្លេ។

យានជំនិះ និង​អ្នក​ថ្មើរជើង​ជាច្រើន ត្រូវ​គាំងដំណើរ​ក្នុង​ជំនន់​ទឹកភ្លៀង និង​ត្រូវ​រង់ចាំ​ជំនួយ​ពី​ក្រុម​ពន្លត់​អគ្គិ​ស​ភ័យ ដែល​ប្រើប្រាស់​កូន​ទូក​មក​សង្គ្រោះ។

ក្រុមមន្ត្រី​មូលដ្ឋាន បានចាប់ផ្ដើម​អនុវត្ត​ផែនការ​បន្ទាន់ ដើម្បី​រំដោះ​ទឹកជំនន់​នេះ។ ការខូចខាត​ដែល​កើតឡើង​ដោយសារ​គ្រោះធម្មជាតិ Wenshan កំពុង​ត្រូវបាន​ស្រង់​ស្ថិតិ៕

ប្រភព៖ Yahoo, MSN
ប្រែ​សម្រួល៖ បុត្រា

Advertisement