នារី​ជប៉ុន ច្នៃ​ម៉ូដ​កាបូបស្ពាយ​រូប​ឆ្មា អ្នកណា​ឃើញ​ហើយ ត្រូវតែ​សួរ ព្រោះ​ស្មានថា ឆ្មា​មែនទែន!

នារី​ជប៉ុន មហា​កំពូល​អៃ​ឌៀ ច្នៃ​ម៉ូដ​កាបូបស្ពាយ​រូប​ឆ្មា ដូច​មែនទែន​បំផុត រហូត​ក្លាយជា Fashion ដ៏​ល្បីល្បាញ អ្នកណាៗឃើញ​ហើយ ត្រូវតែ​សួរ ព្រោះ​ស្មានថា ស្ពាយ​ឆ្មា​ពីក្រោយ​ខ្នង​មែនទែន!!

បើ​អ្នកណា​បានឃើញ​រូបភាព​នេះ​លើកដំបូង ប្រហែល​ជាមាន​អាការ​ភ្ញាក់ផ្អើល​មិនតិច​ទេ ព្រោះតែ​គិតថា ប្រហែលជា​គេ​ចាប់​សត្វ​ឆ្មា យកមក​ធ្វើជា​កាបូបស្ពាយ​មែនទែន​ហើយ…តែបើ​សិន​ពិនិត្យមើល​ឱ្យ​ច្បាស់​ម្ដងទៀត ទើប​ដឹងថា អ្វីដែល​យើង​បានឃើញ​នោះ មិនមែនជា​សត្វ​ឆ្មា​ម៉េវៗ ដែលមាន​ជីវិត​នោះទេ តែ​គ្រាន់តែ​ជា​តុក្កតា​រូប​សត្វ​ឆ្មា​ប៉ុណ្ណោះ។

ក្លាយជា​រូបភាព​ដែល​ត្រូវបាន​គេ​ចែករំលែកតៗគ្នា​យ៉ាងច្រើន នៅពេលដែល​គណនី​ធ្វី​ត​ធើរ @picopoco08 របស់​ហាង​លក់​ផលិតផល​ធ្វើ​ដោយ​ដៃ​នៅក្នុង​ប្រទេស​ជប៉ុន ដែល​បាន​ផូ​ស្ត​រូបភាព​កាបូបស្ពាយ​រូប​សត្វ​ឆ្មា​ម៉េវៗ អមដោយ​ឃែ​ប​ស្សិន​ថា “ថ្ងៃនេះ​ធាតុអាកាស​ល្អ​មែនទែន ធ្វើឱ្យបាន​ចេញមក​ថត​រូប​នៅក្រៅ​ផ្ទះ​ម្ដង…មាន​អតិថិជន​ចង់បាន​ច្រើនណាស់ កុម្ម៉ង់​ទាំងអស់​ហ្នឹង​តែម្ដង បន្តិចទៀត​នឹង​បញ្ជូនទៅ​ដល់ដៃ​អតិថិជន​ហើយ!”

រូបភាព​ទាំងនោះ ក្រៅពី​ធ្វើឱ្យ​អ្នកលេង​បណ្ដាញ​សង្គម​ភ្ញាក់ផ្អើល​ហើយ នៅ​ឆក់យក​បេះដូង​អ្នក​ដែល​បានឃើញ​រូបភាព​ទាំងនោះ​ទៀតផង ព្រោះ​ស្នាដៃ​ផលិត​ចេញមក ដូច​សត្វ​ឆ្មា​មែនទែនពិតៗតែម្ដង… ដោយ​កាបូបស្ពាយ​រូប​សត្វ​ឆ្មា​នេះ ជា​ស្នាដៃ​របស់​សិល្បការិនី​ជនជាតិ​ជប៉ុន​ម្នាក់ ដែល​ស្រឡាញ់​ចូលចិត្ត​សត្វ​ឆ្មា ស្មើនឹង​ជីវិត​របស់​នាង ធ្វើឱ្យ​នាង​អាច​ប្រមូល​ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​នឹង​សត្វ​ឆ្មា និង​ផលិត​ចេញមក ដូច​សត្វ​ឆ្មា​មែនទែនពិតៗតែម្ដង មិនថាតែ​រូបរាង កែវភ្នែក ពុកមាត់ រោម រួមទាំង​ឥរិយាបថផ្សេងៗរបស់​វា​ទៀតផង ហើយ​កាបូបស្ពាយ​រូប​សត្វ​ឆ្មា​នេះ ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ 1ប្រមាណ​ជាជាង 1,000ដុល្លារ​ឯណោះ។

បន្ទាប់ពី​ផូ​ស្ត​រូបភាព​ទាំងនោះ​ចេញទៅ ធ្វើឱ្យមាន​អ្នក​ចូលមក​កុម្ម៉ង់​ទិញ​ផលិតផល​នេះ​យ៉ាងច្រើន រហូតដល់​ធ្វើឱ្យ​ខាង​អ្នក​ផលិត ត្រូវ​បិទ​ឈប់​ទទួល​ការ​កុម្ម៉ង់​ជា​បណ្ដោះអាសន្ន​សិន និង​បើសិនជា​មានការ​បើកទទួល​ការ​កុម្ម៉ង់​ទិញ​ជាថ្មី​នោះ នឹង​ជូនដំណឹង​នៅពេល​ក្រោយ​ទៀត។ ក្រៅពី​ផលិតផល​រូប​សត្វ​ឆ្មា​ហើយ អ្នក​ផលិត ថែមទាំង​មាន​ផលិត​រូប​តុក្កតា​សត្វ​ដូច​មែនទែនផ្សេងៗទៀតផង។

ដំណាក់កាល​ការផលិត​កាបូបស្ពាយ​តុក្កតា​រូប​សត្វ​ឆ្មា
ដំណាក់កាល​ការផលិត​កាបូបស្ពាយ​តុក្កតា​រូប​សត្វ​ឆ្មា

ប្រភព៖ សារព័ត៌មាន​បរទេស
ប្រែ​សម្រួល​ដោយ អ្នកគ្រូ ឆវី

Advertisement