អ្នកម្ដាយថ្មោងថ្មី និងជំនឿខុសៗ 4យ៉ាងក្នុងការបំបៅដោះកូន

ពេលនិយាយពីការបំបៅដោះកូន មានជំនឿជាច្រើន និងការនិយាយប្រាប់តៗគ្នាមក រហូតអាចធ្វើឱ្យអ្នកម្ដាយជាច្រើននាក់យល់ច្រឡំ និងវិលវល់មិនប្រាកដក្នុងចិត្តថា តើជំនឿទាំងនោះត្រឹមត្រូវឬទេ? ដូច្នេះថ្ងៃនេះ យើងនឹងនាំយកចំណេះដឹងល្អៗមកជម្រាបជូនអ្នកម្ដាយថ្មោងថ្មី ដើម្បីបានកែខៃជំនឿខុសៗក្នុងការបំបៅទឹកដោះកូន ដូចតទៅ…។

1.យកចិត្តទុកដាក់បំបៅដោះកូន រហូតភ្លេចមើលថែទាំសុខភាពខ្លួនឯង

អ្នកម្ដាយភាគច្រើនតែងកើតមានបញ្ហាលើការមិនមើលថែទាំសុខភាពខ្លួនឯង ព្រោះគិតថា ការបំបៅទឹកដោះកូន គឺជារឿងបន្ទាន់ និងសំខាន់បំផុតដែលត្រូវធ្វើមុនគេបង្អស់ តែបែរជាភ្លេចនឹកគិតថា ទឹកដោះសុទ្ធតែប្រកបទៅដោយសារធាតុអាហារចេញពីរាងកាយរបស់ស្ត្រីជាម្ដាយទាំងអស់។ បើម្ដាយមានសុខភាពមិនល្អ ទឹកដោះក៏មិនមានសារធាតុអាហារគ្រប់ចំនួនដែរ ដូច្នេះស្ត្រីជាម្ដាយត្រូវយកចិត្តទុកដាក់លើរឿងសុខភាព ញ៉ាំអាហារ និងសម្រាកឱ្យបានគ្រប់គ្រាន់ និងគួរញ៉ាំអាហារបំប៉ន មិនថាតែវីតាមីន សារធាតុរ៉ែ កាល់ស្យូម ស័ង្កសី-ល-ដើម្បីឱ្យរាងកាយរឹងប៉ឹងមាំមួនល្អ និងផលិតទឹកដោះដែលមានគុណភាពឱ្យកូនកូចបាន។

2.កូនគេងលក់ពេលបៅដោះ បញ្ជាក់ថា កូនឆ្អែតហើយ

អ្នកម្ដាយថ្មីថ្មោងជាច្រើន លួចនឹកសប្បាយនៅក្នុងចិត្ត ពេលបំបៅដោះកូនហើយកូនគេងលក់ទៅ យល់ថាកូនបៅទឹកដោះឆ្អែតរហូតដល់គេងលក់ តែការពិតវិញ កូនតូចអាចគេងលក់នៅក្នុងរង្វង់ដៃបីឱ្យបៅលើទ្រូងម្ដាយបានដោយមិនចាំបាច់មឹមឆ្អែតបាន ព្រោះស្រួលខ្លួន មានអារម្មណ៍កក់ក្ដៅ និងមានសុវត្ថិភាព ដូច្នេះការឧស្សាហ៍សង្កេតមើលកូន និងជួនកាលអាចប្ដូរឥរិយាបទកូនឱ្យបែរមកបៅដោះម្ខាងទៀត ឬឱ្យសម្រាកបៅមួយភ្លែតៗ​ ដើម្បីជំរុញឱ្យកូនមិនភ្លេចខ្លួនគេងលក់ បៅឱ្យបានឆ្អែតពេញលេញ ដើម្បីការចម្រើនធំធាត់ និងវិវឌ្ឍនាការរបស់កូនតូចយើងហ្នឹងឯង។

3.ស្ដាប់តាមអ្នកដទៃពីការបំបៅទឹកដោះកូន

ការបំបៅទឹកដោះ គ្មានច្បាប់ទម្លាប់កំណត់ច្បាស់នោះទេ អ្នកម្ដាយត្រូវចេះសង្កេតមើលកូន និងកែសម្រួលការឱ្យកូនបៅទឹកដោះឱ្យត្រឹមត្រូវ។ កូនខ្លះ បៅដោះ 5-10នាទី ឬ 20នាទីទើបឆ្អែត។ អ្នកម្ដាយខ្លះ ក៏ឱ្យកូនបៅដោះត្រឹមតែ 6ខែប៉ុណ្ណោះ អ្នកខ្លះ 1ឆ្នាំ ដល់ 2ឆ្នាំ ទើបលែងឱ្យបៅ…ទាំងអស់នេះ គ្មានខុស ឬត្រូវទេ។ អ្នកម្ដាយគួរសិក្សាព័ត៌មានពីប្រភពដែលគួរឱ្យជឿទុកចិត្តបាន ហើយយកមកកែសម្រួលធ្វើតាមឱ្យបានស័ក្តិសមបំផុត។

4.យល់ថា ការឈឺដោះបណ្ដាលមកពីការបំបៅកូន ជារឿងប្រក្រតី

អ្នកម្ដាយជាច្រើនយល់ខុសថា ការឈឺដោះ គឺជារឿងប្រក្រតីរបស់ការបំបៅដោះកូន តែការពិតវិញ វាអាចបណ្ដាលមកពីបញ្ហាបង្កប់មួយចំនួន ដូចជា ដោះតឹងណែនខះដោយសារតែកូនបៅទឹកដោះតិចពេក ឬអ្នកម្ដាយប្រើវិធីបឺតយកទឹកដោះទុកឱ្យកូនបៅ ខុសវិធី ជាដើម។ អាការទាំងនេះ បើទុកចោលរយៈពេលយូរ នឹងកើតការតឹងណែនខះក្នុងដោះជាបន្តបន្ទាប់ រហូតនាំឆ្ពោះទៅរកការរលាកក្លាយខាងក្នុងដោះ ឬករណីខ្លះ ក៏ជាមូលហេតុមកពីកូនកើតសភាវជាប់អណ្ដាត ធ្វើឱ្យបៅដោះយូរ តែមិនឆ្អែត ដែលអ្នកម្ដាយត្រូវទៅជួបគ្រូពេទ្យដើម្បីពិនិត្យ និងកែបញ្ហានេះ។

ជំនឿទាំង 4ខាងលើនេះ សុទ្ធតែត្រូវបានប្រាប់តៗគ្នាមក រហូតដល់អាចនឹងធ្វើឱ្យវិលវល់យល់ច្រឡំបាន ដូច្នេះពេលអ្នកម្ដាយបានដឹងពីការពិតហើយ ក៏សូមឱ្យនាំយកទៅប្រើ និងប្រតិបត្តិខ្លួនយ៉ាងត្រឹមត្រូវតាមវិធី ដើម្បីកូនតូចរបស់អ្នក៕

Advertisement