មើមខ្ញី អាហារឱសថបុរាណដ៏ល្អដែលស្រ្តីមានគភ៌គួរទទួលទាន

ក្នុងខណៈតាំងគភ៌ មានអាហារច្រើនប្រភេទណាស់ដែលស្រ្តីមានគភ៌គួរទទួលទាន និងមិនគួរទទួលទាន ដូច្នេះទើបស្រ្តីមានគភ៌ត្រូវផ្ចិតផ្ចង់ក្នុងការជ្រើសរើសមុខម្ហូបអាហារខ្លាំងជាពិសេស ហើយមុខម្ហូបឱសថបុរាណដ៏ល្អមួយដែលស្រ្តីមានគភ៌ហាមខកខាននោះគឺ មើមខ្ញីហ្នឹងឯង។ ប្រហែលជានឹកឆ្ងល់ហើយមែនទេថា តើគុណប្រយោជន៍ និងគុណសម្បត្តិរបស់ខ្ញីចំពោះស្រ្តីមានគភ៌មានយ៉ាងណាខ្លះទៅ? កុំបង្អង់យូរ យើងនាំគ្នាមកមើលដូចតទៅ…។

គុណប្រយោជន៍របស់ខ្ញីចំពោះស្រ្តីមានគភ៌

សម្រាប់គុណប្រយោជន៍ដែលស្រ្តីមានផ្ទៃពោះនឹងបានទទួលពីការទទួលទានខ្ញីនោះ មានច្រើនណាស់ តែដែលមើលឃើញលទ្ធផលច្បាស់ៗបំផុតនោះមាន 3 ចំណុចដូចតទៅ ៈ

1 . សម្រាលអាការចាញ់កូន

ដោយសារតែខ្ញីមានជាតិប្រេងក្រអូបរសាយដែលនឹងជួយធ្វើឱ្យកើតភាពធូរស្រាលក្នុងរាងកាយបានល្អនោះ ទើបអាចសម្រាលអាការក្អួតចង្អោរ វិលមុខដែលបណ្តាលពីការចាញ់កូនបាន និងមើមខ្ញីថែមទាំងសម្បូរទៅដោយសារធាតុប្រឆាំងអនុមូលឥស្សរៈដែលនឹងកម្ចាត់មេរោគផ្សេងៗដែលចូលទៅក្នុងរាងកាយរបស់ស្រ្តីមានគភ៌បានយ៉ាងល្អទៀតផង។

2 . ជួយបណ្ដេញខ្យល់ កែបញ្ហាឆ្អល់ពោះ

ខ្ញីមានចំណែកក្នុងការបណ្ដេញខ្យល់ និងសម្រាលអាការចុកឆ្អល់ពោះរបស់ស្រ្តីមានគភ៌បានយ៉ាងមានប្រសិទ្ធភាព ល្អសម្រាប់ស្រ្តីមានគភ៌ដែលមានអាយុគភ៌ច្រើន(ជិតគ្រប់ខែ) ព្រោះអំឡុងពេលនោះ កូនដែលនៅក្នុងស្បូននឹងទៅច្រានផ្អឹបក្រពះរហូតធ្វើឱ្យកើតអាការចុកឆ្អល់ពោះឡើងជាញឹកញាប់ហ្នឹងឯង។

3 . ជំរុញការផលិតទឹកដោះ

ការទទួលទានខ្ញីញឹកញាប់តាំងពីអំឡុងពេលតាំងគភ៌នឹងជួយជំរុញការផលិតទឹកដោះបានយ៉ាងល្អ ធ្វើឱ្យស្រ្តីមានទឹកដោះសម្រាប់ឱ្យកូនបៅច្រើនឡើង ដោយអាចទទួលក្នុងរូបបែបជាខ្ញីស្រស់ក្នុងការច្នៃជាម្ហូបអាហារ ឬទទួលទានក្នុងរូបបែបជាទឹកខ្ញីក៏បាន។ ក្រៅពីនេះ ក្រោយពេលប្រសូតហើយ ស្រ្តីក៏គួរតែនៅញ៉ាំទឹកមើមខ្ញីជាបន្ត ដើម្បីឱ្យមានទឹកដោះយ៉ាងគ្រប់គ្រាន់ពេញមួយអំឡុងវ័យនៃការបៅទឹកដោះរបស់កូនតូច។

មុខម្ហូបណែនាំសម្រាប់ស្រ្តីមានគភ៌

សម្រាប់ស្រ្តីមានគភ៌ដែលនៅមិនទាន់នឹកឃើញមុខម្ហូបដែលមានលាយផ្សំដោយខ្ញីនោះ ឡារ៉ែនសូមណែនាំមុខម្ហូបងាយៗអំពីខ្ញី ងាយស្រួលធ្វើ និងថែមទាំងឆ្ងាញ់ទៀតផង។ តើមានអ្វីខ្លះនោះ តោះ នាំគ្នាតាមដានជាបន្ត…។

1 . ញាំខ្ញី-ត្រីប្លាធូ

ជាមុខម្ហូបងាយៗដែលនឹងជួយបង្កើនទឹកដោះ និងវីតាមីន C ដល់រាងកាយរបស់ស្រ្តីមានគភ៌បានយ៉ាងល្អ ឯវិធីការញាំវិញ គឺដូចម្ហូបញាំធម្មតាហ្នឹងឯង គ្រាន់តែដាក់ខ្ញីហាន់វែងៗល្អិតៗដាក់ចូលទៅប្រមាណជា 1 ស្លាបព្រាបាយ បន្ថែមរសជាតិជូរដោយក្រូចឆ្មារ… តែប៉ុណ្ណឹងក៏ឆ្ងាញ់ត្រូវចិត្តទៅហើយ។ អូ! ភ្លេចប្រាប់ អាចបន្ថែមរសជាតិផ្អែម ជូរ ប្រៃតាមចំណង់ចំណូលចិត្ត។

2 . ទឹកខ្ញី

សម្រាប់ភេសជ្ជៈមួយនេះក៏អាចញ៉ាំដើម្បីសម្រាលអាការចាញ់កូន និងជួយជំរុញការផលិតទឹកដោះបានល្អដែរ ដោយយកមើមខ្ញីមកស្ងោររយៈពេលប្រមាណជា 2 – 5 នាទី រង់ចាំឱ្យនៅក្តៅឧណ្ហៗ ហើយចាក់ដាក់ពែងយកមកក្រេបឱ្យបានញឹកញាប់ ឬចង់ដាក់ស្ករចូលបន្តិចក៏បាន។

ឃើញពីគុណសម្បត្តិរបស់ខ្ញីល្អបែបនេះហើយមិនអាចខកខានបានទេ ស្រ្តីដែលកំពុងមានគភ៌ទាំងឡាយចូរសាកល្បងធ្វើមុខម្ហូបណាដែលមានលាយផ្សំដោយខ្ញីទទួលទានសាកមើល(ខត្រីដាក់ខ្ញី ឆាខ្ញីសាច់គៅ-ល-) ធានាថា នឹងទទួលបានគុណប្រយោជន៍យ៉ាងគ្រប់គ្រឿងពិតប្រាកដ និងថែមទាំងល្អដល់សុខភាពរបស់កូនតូចក្នុងផ្ទៃទៀតផង៕

Advertisement