អាហារសម្រាប់ស្ត្រីមានគភ៌ ៈ វីតាមីន A & D ត្រូវញ៉ាំឱ្យមានតុល្យភាព

វីតាមីនផ្សេងៗសុទ្ធតែមានភាពចាំបាច់ចំពោះរាងកាយទាំងអស់ តែបើបានទទួលច្រើន ឬតិចជ្រុលពេក ក៏អាចធ្វើឱ្យ​មាន​​ផលអាក្រក់បានដូចគ្នា ជាពិសេស វីតាមីន A និងវីតាមីន D បើបានទទួលច្រើនជ្រុលពេក នឹងពិបាកក្នុងការកម្ចាត់ចេញពីរាងកាយវិញ និង​អាចធ្វើ​ឱ្យមានគ្រោះថ្នាក់ដល់ស្ត្រីមានគភ៌ និងទារកក្នុងផ្ទៃបាន។

វីតាមីន A

ក្រៅពីមានផលដល់ការរីកចម្រើនធំធាត់ ការកសាងឆ្អឹង និងប្រព័ន្ធបន្តពូជហើយ នៅអាចការពារការឆ្លងមេរោគក្នុងប្រព័ន្ធ​រំលាយ​អាហារ ប្រព័ន្ធដកដង្ហើម និងប្រព័ន្ធបន្ទោរបង់ទឹកមូត្រ និងចាំបាច់ចំពោះរាងកាយក្នុងការបំបែកខ្លួនរបស់កោសិកាទៀតផង។

តែបើទទួលបានវីតាមីន A ច្រើនជ្រុលពេកក្នុងត្រីមាសដំបូងនៃការមានគភ៌ នឹងធ្វើឱ្យកើតសភាវរលូតបុត្រ ឬទារកពិការពី​កំណើត ហើយថ្លើមរបស់ស្ត្រីមានគភ៌នឹងធ្វើការខុសប្រក្រតី ដោយសាតែមានការប្រមូលសន្សំវីតាមីន A ច្រើននៅក្នុងថ្លើម។ កើតសភាវឆ្អឹងពុក មានអាការក្អួតចង្អោ ឈឺក្បាល វិលមុខ និងស្រវាំងភ្នែក ជាដើម។

ស្ត្រីមានគភ៌គួរទទួលវីតាមីន A ក្នុងបរិមាណ 770ម៉ៃក្រូក្រាម ឬស្មើនឹងការញ៉ាំបន្លែផ្លែឈើយ៉ាងតិចបំផុតក្នុង 1ថ្ងៃ 5 ចំណែក(5 ក្តាប់ ឬប្រមាណ 1/2 គីឡូក្រាម)នឹងបានវីតាមីន សារធាតុរ៉ែគ្រប់គ្រាន់ចំពោះតម្រូវការរបស់រាងកាយ។

អាហារដែលមានវីតាមីន A មានដូចជា មើមការ៉ុត ម្ទេសបុក ដំឡូងជ្វា ថ្លើម ស៊ុត ទឹកដោះ បន្លែផ្លែឈើដែលមានពណ៌​បៃតង​ចាស់ ពណ៌ក្រហម លឿងទុំ និងលឿង ដូចជា ផ្លែក្រូច ផ្លែខេនតាលូប(ត្រសក់ស្រូវបារាំង) ផ្លែទន្លាប់ ម៉ាក់ប្រាង។ល។ វីតាមីន A នៅក្នុងអាហារ និងបន្លែផ្លែឈើនឹងមិនធ្វើឱ្យរាងកាយបានទទួលវីតាមីនលើសពីតម្រូវការដូចវីតាមីនកែច្នៃនោះទេ។ វីតាមីន A ភាគច្រើនមានច្រើននៅក្នុងបន្លែ​ផ្លែ​ឈើដែលនឹងស្ថិតក្នុងរូបភាពជា បេតាឃែរ៉ូធីន ដែលត្រូវបានប្តូរទៅជាវីតាមីន A នៅក្នុងរាងកាយមួយសាទៀត។

វីតាមីន D

ជួយក្នុងការបឺតជ្រាបកាល់ស្យូមចូលទៅក្នុងរាងកាយ ជួយដល់ការធ្វើការងាររបស់បេះដូង និងប្រព័ន្ធការពាររោគ និងរក្សាកម្រិត​សម្ពាធឈាម។

តែបើទទួលបានវីតាមីន D ច្រើនជ្រុលពេក នឹងធ្វើឱ្យកើតសភាវជាតិពុល ដូចជា ធុញទ្រាន់ ឬមិននឹកចង់ញ៉ាំអាហារ ប្រព័ន្ធរំលាយអាហារធ្វើការមិនបានល្អ មិនស្រួលក្នុងពោះ ឈឺក្បាល ឈឺសន្លាក់ឆ្អឹង កាល់ស្យូមនៅក្នុងឈាមខ្ពស់ កាល់ស្យូមតោងនៅក្នុងបេះដូង ក្រលៀន សរសៃឈាម និងប្រព័ន្ធដកដង្ហើម ធ្វើឱ្យអវយវៈទាំងនោះធ្វើការងារខុសប្រក្រតីដោយសារតែរាងកាយបឺតជ្រាបកាល់ស្យូមច្រើនជាងប្រក្រតី និងបង្ខំការរំលាយកាលស្យូមចេញពីឆ្អឹង ធ្វើឱ្យមានកាល់ស្យូមក្នុងឈាមខ្ពស់ និងបាត់បង់តុល្យភាព។

គួរបានទទួលវីតាមីន D ក្នុងបរិមាណ 600 IU ក្នុង 1ថ្ងៃ ឬឱ្យស្បែកដែលគ្មានឡេការពារពន្លឺថ្ងៃ បានប៉ះពន្លឺថ្ងៃក្នុងអំឡុងពេលមុនម៉ោង 10ព្រឹក ឬក្រោយម៉ោង 3រសៀល ប្រមាណជា 10 – 15នាទី ក្នុង 1អាទិត្យ 2ដង ដោយសារតែវីតាមីន D មាននៅក្នុងពន្លឺថ្ងៃ តែបច្ច័យដែលរារាំងការសាងវីតាមីន D នៅក្នុងស្រទាប់ស្បែកនោះគឺ សម្លៀកបំពាក់ ឡេការពារពន្លឺថ្ងៃ កញ្ចក់រថយន្ត ការធ្វើការនៅក្នុងបន្ទប់ ជាដើម។

អាហារដែលមានវីតាមីន D មានដូចជា សាច់ត្រីដែលមានអូមេហ្កា3 ដូចជាត្រីសាឌីន សាល់ម៉ុន មែកឃើរេល(សាបាក់) ធូណា ទឹកដោះ ខ្លាញ់ថ្លើមត្រី និងការប៉ះពន្លឺថ្ងៃខ្លះៗ នឹងទទួលបានវីតាមីន D គ្រប់គ្រាន់ល្មមជាមិនខាន។

Menu for mom

  • ពេលព្រឹក ៈ ស៊ែនវិចឆ៍សាច់ត្រីធូណា-យ៉ាអួ ប្រើយ៉ាអួរសជាតិធម្មជាតិជំនួស ម៉ាយ៉ង់នេស ស្ករបន្តិច និងជួយរឿងប្រព័ន្ធ​បន្ទោ​បង់។ សារធាតុអាហារចម្បងដែលស្ត្រីមានគភ៌នឹងបានទទួលក្នុងពេលអាហារព្រឹកនេះគឺ ប្រូតេអុីន កាលស្យូម ខ្លាញ់ត្រី វីតាមីន A – B និងD។

  • ពេលថ្ងៃត្រង់ ៈ ត្រីផ្លាធូចៀន បែបមិនឱ្យស្រួយពេក ព្រោះបើប្រើពេលចៀនយូរពេក ជាតិខ្លាញ់នៅក្នុងសាច់ត្រីនឹងរលាយ​ចេញមកអស់ ធ្វើឱ្យមិនបានទទួលសារធាតុអាហារល្អៗ។

  • ពេលល្ងាច ៈ ស្ងោជ្រក់ផ្សិត ផ្សិតដែលដុះឡើងតាមធម្មជាតិនឹងសម្បូរទៅដោយវីតាមីន D គ្រឿងស្ងោរជ្រក់រសជាតិស្រទន់​បន្តិចនឹងជួយបំបាត់អាការក្អួតចង្អោ និងជួយឱ្យទទួលទានអាហារបានច្រើនឡើងទៀតផង។

យើងឃើញហើយថា សារធាតុរ៉ែ និងសារធាតុអាហារដែលល្អ ច្រើនតែចេញមកពីប្រភពអាហារតាមធម្មជាតិ ដូចជាបន្លែផ្លែឈើ សាច់សត្វ និងគ្រាប់ធញ្ញជាតិផ្សេងៗ ដូច្នេះដើម្បីសុខភាពដ៏ល្អរបស់ខ្លួនឯង និងកូនតូចនៅក្នុងផ្ទៃ ស្ត្រីមានគភ៌ត្រូវបរិភោគឱ្យបានគ្រប់គ្រាន់ និងសមរម្យ៕

Advertisement