6តម្រូវការ​ផ្នែក​ផ្លូវចិត្ត​របស់​កូន ដែល​ឪពុកម្ដាយ​ត្រូវតែ​ឱ្យ

សេចក្ដី​ត្រូវការ​ផ្នែក​ផ្លូវចិត្ត​របស់​កុមារ​ មាន​ភាព​ខុសប្លែក​ពី​គ្នា​ខ្លះ​ៗទៅតាម​វ័យ​របស់​ពួកគេ​ តែ​អាច​សរុប​បែ​បត្រួ​សៗ​បាន​ថា​ រឿង​តទៅ​នេះ​មាន​ភាព​ចាំបាច់​ និង​ជា​តម្រូវការ​សម្រាប់​កុមារ​គ្រប់រូប​។

1. សេចក្ដី​ស្រឡាញ់​ ភាព​កក់ក្ដៅ​
កុមារ​មាន​អារម្មណ៍​ចង់ឱ្យ​ឪពុកម្ដាយ​ ឬអ្នក​ចិញ្ចឹម​មើលថែ​ស្រឡាញ់​រូបគេ​ មាន​អារម្មណ៍​ថា​ ខ្លួនឯង​គឺជា​សេចក្ដី​ត្រូវការ​ និង​មានតម្លៃ​សម្រាប់​ឪពុកម្ដាយ​ មាន​អារម្មណ៍​ថា​ ខ្លួនឯង​ត្រូវ​បាន​ទទួលស្គាល់​។ អាណាព្យាបាល​មិន​គួរ​ធ្វើ​ឱ្យ​កុមារ​មាន​អារម្មណ៍​ថា​ ឪពុកម្ដាយ​ស្អប់​រូបគេ​ មិន​ចូលចិត្ត​រូបគេ​ ស្រឡាញ់​លម្អៀង​ បដិសេធ​ ឬមិន​ត្រូវការ​ ជា​ចំណែក​ដែល​លើស​ បង្ខំចិត្ត​ចិញ្ចឹម​រូបគេ​ និង​មិន​គួរ​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ថា​ រូបគេ​មាន​ចំណុចខ្សោយ​ ឬតូចចិត្តតូចថ្លើម​ឡើយ​។ អាកប្ប​កិរិយា​របស់​មនុស្ស​ធំ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ផ្លូវចិត្ត​របស់​កុមារ​ ដូច្នេះ​រឿង​សំខាន់​ដែល​ចង់និយាយ​ដល់​នោះ​គឺ​ កុមារ​ត្រូវការ​សេចក្ដី​ស្រឡាញ់​យ៉ាង​ស័ក្តិសម​ មិនមែន​ស្រឡាញ់​ខ្លាំង​យ៉ាង​គ្មាន​ព្រំដែន​ ដូចជា​ តាមចិត្ត​គ្រប់បែបយ៉ាង​ដោយ​គ្មាន​ហេតុផល​ រហូត​ធ្វើ​ឱ្យ​ក្លាយជា​មនុស្ស​តាមតែ​ចិត្ត​ខ្លួនឯង​គ្រប់ពេលវេលា​ មិន​អាច​អត់ធន់​ជាមួយ​សភាវ​ដែល​មនុស្ស​ប្រក្រតី​ធម្មតា​អត់ធន់​បាន​ រហូត​ក្លាយជា​ចំណុច​មិនល្អ​ខាង​បុគ្គលភាព​នោះ​ទេ​។

2. ជំរុញ​វិវឌ្ឍនាការ​យ៉ាង​ស័ក្តិសម
​ការជំរុញ​វិវឌ្ឍនាការ​ដែល​ស័ក្តិសម​នេះ​ អាស្រ័យ​លើ​វ័យ​របស់​កុមារ​ ដូចជា​ វ័យ​ទារក​កើត​ដំបូង​ត្រូវ​កា​រកា​រព​ បី​ ការ​ប៉ះពាល់​ ការ​ញញឹម​ ការ​ជជែក​និយាយ​ជាមួយ​ដើម្បី​ឱ្យ​បានឮ​សំឡេង​។ ដល់​ធំឡើង​ក៏​ត្រូវការ​ថែម​ឡើង​ ដូចជា​ ការ​លេង​ ការ​ជជែក​និយាយ​ របស់​លេង​ដែល​ស័ក្តិសម​នឹង​វ័យ​ ក៏​នឹង​ជួយ​ជំរុញ​បាន​ល្អ​ដែរ​។ សម្រាប់​ក្មេង​ក្នុង​ខួប​ 1ឆ្នាំ​ដំបូង​ ដើម្បី​ជំរុញ​ការបាន​ឮ ការប្រើ​ខ្សែភ្នែក​ គួរ​ប្រើ​របស់​លេង​ដែល​មាន​ចលនា​ និង​មាន​ពណ៌​ស្រស់​ៗ និង​មាន​សំឡេង​។ លុះ​ធំឡើង​ទៀត​ កុមារ​នឹង​ត្រូវការ​ការជំរុញ​ ដើម្បី​បង្កើន​ការ​ធ្វើ​ចលនា​ គួរ​ប្រើប្រាស់​សាច់ដុំ​ផ្នែក​ផ្សេង​ៗ ដូចជា​ ការប្រើ​ម្រាមដៃ​ ការប្រើ​ម្រាមជើង​ និង​ផ្សេង​ៗទៀត​។ ការ​ជំ​រុញ​ផ្សេង​ៗនេះ​មាន​លទ្ធផល​ខាង​ផ្លូវចិត្ត​ដែល​ទទួល​បាន​ គឺ​កុមារ​នឹង​មាន​អារម្មណ៍​បាន​ទទួល​សេចក្ដី​ស្រឡាញ់​ ការចាប់អារម្មណ៍​ និង​ដែល​សំខាន់​គឺ​ បាន​ជំរុញ​អារម្មណ៍​ចង់​ដឹង​ចង់​ឃើញ​ ចាប់អារម្មណ៍​ចំពោះ​បរិស្ថាន​ជុំវិញ​ មាន​អារម្មណ៍​សប្បាយ​ ចង់​ពិសោធ​ ចង់​សាកល្បង​ធ្វើ​ ធ្វើ​ឱ្យ​មាន​អារម្មណ៍​ថា​មាន​ភាព​ជឿជាក់​ក្នុងចិត្ត​ ហ៊ាន​សម្ដែង​ចេញ​តាម​នោះ​ដែរ​។

3. អារម្មណ៍​កក់ក្ដៅ​ និង​សុវត្ថិភាព​
អារម្មណ៍​កក់ក្ដៅ​ និង​សុវត្ថិភាព​របស់​កុមារ​បាន​មក​ពី​បរិស្ថាន​ជុំវិញ​ខ្លួន​ ជាពិសេស​ឪពុកម្ដាយ​។ បើ​ឪពុកម្ដាយ​មាន​សម្ព័ន្ធ​-ភាពល្អ​ចំពោះ​គ្នា​ គ្រួសារ​មាន​សេចក្ដីសុខ​ស្ងប់ស្ងាត់​ កុមារ​នឹង​មិន​មាន​អារម្មណ៍​ភ័យខ្លាច​ថា​ នឹង​ត្រូវ​បោះបង់ចោល​ឡើយ​។ ជា​ញឹកញាប់​គេ​រក​ឃើញថា​ ក្មេង​មាន​អាការ​ខាង​ផ្លូវកាយ​ ដូចជា​ឈឺក្បាល​ ឈឺពោះ​ដោយ​គ្មាន​ជំងឺ​ខាង​រាងកាយ​ជា​មូលហេតុ​ឡើយ​ តែ​បែរជា​ពាក់ព័ន្ធ​នឹង​ពេល​ដែល​កុមារ​កើតមាន​អារម្មណ៍​ធុញថប់​តានតឹង​ មាន​អារម្មណ៍​ខ្លាច​ពេល​ដែល​ឃើញ​ឪពុកម្ដាយ​ឈ្លោះ​គ្នា​ វាយតប់​គ្នា​ ឬកំពុង​ជិត​លែងលះ​គ្នា​។ ក្រៅពីនោះ​ កុមារ​នៅ​ត្រូវការ​មាន​អារម្មណ៍​ថា​ មនុស្ស​ធំ​អាច​ការពារ​រូបគេ​បាន​ មិន​បណ្ដោយ​ឱ្យ​មាន​គ្រោះថ្នាក់​លើ​រូបគេ​។ កុមារ​គួរតែ​បាន​ទទួលការ​ការពារ​ពី​គ្រោះថ្នាក់​ខាង​រាងកាយ​ ដូចជា​ ឧប្បត្តិ​ហេ​តុ​ផ្សេង​ៗ និង​គួរតែ​បាន​ទទួល​ការ​ការពារ​មិន​ឱ្យ​ប៉ះពាល់​ដល់​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​ ដូចជា​ ទិដ្ឋភាព​គ្រោះថ្នាក់​ដែល​គួរ​ឱ្យ​ភ័យរន្ធត់​ខ្លាំង​ ទិដ្ឋភាព​ពាក់ព័ន្ធ​នឹង​រឿង​ផ្លូវភេទ​ដែល​មិន​សមរម្យ​ជាដើម​ និង​គួរ​ត្រៀម​កាយ​ ត្រៀម​ចិត្ត​ដល់​កុមារ​សម្រាប់​ហេតុការណ៍​សំ​ខាន់​ៗ ដូចជា​ ការ​មាន​ប្អូន​ ឬការវះកាត់​ជាដើម​។

4. ពាក្យណែនាំ​ និង​ការ​គាំទ្រ​
កុមារ​ត្រូវការ​ពាក្យណែនាំ​ ឬការ​ចង្អុល​បង្ហាញ​អំពី​មនុស្ស​ធំ​ថា​ អ្វី​ជា​អ្វី​ ដូចជា​ តួនាទី​ដែល​ស័ក្តិសម​តាម​ភេទ​របស់​ក្មេងប្រុស​ ឬក្មេងស្រី​ ការប្រតិបត្តិ​ខ្លួន​ក្នុង​សង្គម​ តម្លៃ​នៃ​ការ​និយម​ រហូត​ទៅដល់​វប្បធម៌​ប្រពៃ​ណី​ផ្សេង​ៗ និង​គួរ​ផ្ដល់​ការ​គាំទ្រ​ជួយ​យកអាសា​ក្នុង​រឿង​ផ្សេង​ៗដែល​មើលឃើញ​ថា​សមរម្យ​ ដូចជា​ កិច្ចការ​ងារ​ដែល​កុមារ​ត្រូវការ​បំពេញ​ អាច​ជួយ​លើ​ផ្នែក​ហិរញ្ញវត្ថុ​ ឬជួយ​រក​វត្ថុ​ឧបករណ៍​ជួយ​ក្នុង​និង​ការប្រើ​គំនិត​ជាដើម​។

5. ភាព​ជាប់លាប់​ជានិរន្តរ៍​ និង​ការ​មាន​ព្រំដែន​
ទាំង​ 2យ៉ាង​មាន​ភាព​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​កុមារ​រៀន​យល់ដឹង​ថា​ អ្វី​ត្រូវ​ អ្វី​ខុស​ អ្វី​ធ្វើ​បាន​ ឬមិន​បាន​ មិន​ច្របូកច្របល់​ខាង​ការ​គិត​ និង​ការប្រតិបត្តិ​។ ច្បាប់ទម្លាប់​ដែល​ប្រើ​ គួរតែ​មានហេតុ​ផល​ និង​មានការ​ប្រតិបត្តិ​យ៉ាង​ជាប់លាប់​តាំងពី​ដើម​ដល់​ចប់​ ដូចជា​ មិន​ឱ្យ​ពាក់​ស្បែកជើង​ចូលផ្ទះ​ ព្រោះ​នឹង​ធ្វើ​ឱ្យ​ផ្ទះ​កខ្វក់​ជាដើម​ក៏​គួរតែ​ធ្វើបែប​ហ្នឹង​ជា​រៀង​រហូត​ មិនមែន​ពេល​មាន​អ្នកបម្រើ​ក្នុង​ផ្ទះ​ក៏​ពាក់​បាន​ ឬពេល​ម្ដាយ​ជូត​សម្អាតផ្ទះ​ដោយខ្លួនឯង​ ក៏​ពាក់​មិនបាន​ ឬដូច​ជា​ ថ្ងៃមួយ​ មិនព្រម​អនុញ្ញាត​ឱ្យធ្វើ​រឿង​អ្វីមួយ​ តែ​ដល់​ថ្ងៃក្រោយ​មក​ទៀត​ បែរជា​អនុញ្ញាត​ឱ្យធ្វើ​ទៅវិញ​ជាដើម​។

មនុស្ស​ធំ​មួយចំនួន​មិន​ប្រាកដ​នៅក្នុង​ចិត្ត​ថា​អ្វី​ដែល​គួរ​ហាម​ក្មេង​ អ្វី​មិន​គួរ​ហាម​ ខ្លាច​បណ្ដោយ​តាមចិត្ត​ពេក​ ឬតឹង​រឹង​ខ្លាំង​ជ្រុល​ពេក​ជាដើម​ ដូច្នេះ​ចូរ​ប្រកាន់យក​គោល​កា​រណ៍​ងាយ​ៗ 3យ៉ាង​ដែល​កុមារ​មិន​អាច​ធ្វើ​បាន​យ៉ាង​ពិតប្រាកដ​គឺ​៖
1 . ការធ្វើបាប​ខ្លួន​(វាយតប់​ខ្លួនឯង​) រួម​ទាំង​ការ​លេង​ដែល​បង្ក​គ្រោះថ្នាក់​ ដូចជា​ លេង​វត្ថុ​មុត​ស្រួច​ជាដើម​។
2 . ការធ្វើបាប​(វាយតប់​)អ្នកដទៃ​។
3 . ការបំផ្លាញ​វត្ថុ​របស់របរ​។

6. ផ្ដល់​ឱកាស​ឱ្យ​ប្រើ​ថាមពល​ក្នុង​ការ​ច្នៃ​បង្កើត​
វ័យ​កុមារ​ ជា​វ័យ​ដែល​មាន​កម្លាំងថាមពល​ក្នុង​ខ្លួន​ខ្លាំង​ កុមារ​ត្រូវការ​បាន​ទទួល​ឱកាស​ឱ្យ​ប្រើប្រាស់​ថាមពល​ទៅលើ​ការ​ច្នៃ​បង្កើត​ ដូចជា​ការ​លេង​ ការហាត់ប្រាណ​ក្នុង​ការ​លេង​កីឡា​ផ្សេង​ៗ មាន​កិច្ចការ​ងារ​ផ្សេង​ៗដែល​ស័ក្តិសម​។ បើ​មនុស្ស​ធំ​មើល​មិនឃើញ​ភាព​សំខាន់​ពី​ចំណុច​នេះ​ អាច​ត្រូវការ​ឱ្យ​កុមារ​នៅ​យ៉ាង​ស្ងប់ស្ងាត់​រៀបរយ​ជាប់​រហូត​នោះ​ អាច​នឹង​ធ្វើ​ឱ្យ​កុមារ​ក្លាយជា​ក្មេង​មាន​សម្ពាធ​ក្នុងចិត្ត​ មិន​ហ៊ាន​បង្ហាញ​ចេញ​ស្ពឹក​ស្រពន់​ ខ្ជិលច្រអូស​ មិន​រួសរាយ​ស្រស់ថ្លា​ គ្មាន​គំនិត​ចាប់​ផ្ដើម​ល្អ​ៗក្នុង​ការ​ច្នៃ​បង្កើត​៕

Advertisement