ត្រូវឱ្យសេចក្ដីស្រឡាញ់ មុនឱ្យចំណេះដឹង(ទៅកូនៗ) (តចប់)

អ្នកណាមានអារម្មណ៍ថា កូនរបស់ខ្លួនមិនឌឺ រឹងខ្លះ?

ប្រហែលជាមានមនុស្សតិចណាស់ ឬអាចនឹងគ្មានសោះតែម្ដង…ព្រោះធម្មជាតិរបស់ក្មេងត្រូវតែមានភាពឌឺ រឹង រពឹស និងចង់ដឹងចង់ឃើញ ហេតុនេះទើបអ្នកគ្រូ ឆវីចង់ឱ្យលោកឪពុកអ្នកម្ដាយសាកល្បងកែសម្រួល ឬប្ដូរគោលការណ៍ចិញ្ចឹមអប់រំថែទាំកូនពីការធ្វើជា “អ្នកគ្រប់គ្រង” មកជា “អ្នកសង្កេតការណ៍” វិញម្ដង សាក-លមើល។

1 . ឱ្យសេចក្ដីស្រឡាញ់ មុនឱ្យចំណេះដឹង

ឪពុកម្ដាយគ្រប់រូបតែងស្រឡាញ់កូន តែវិធីការសម្ដែងចេញមក អាចនឹងខុសប្លែកពីគ្នា អាស្រ័យលើមូលដ្ឋានគ្រឹះនៃគំនិត ផ្លូវចិត្ត និងសភាពអារម្មណ៍ តែលើសពីអ្វីទាំងអស់ ចូរធ្វើឱ្យកូនជឿជាក់ក្នុងចិត្តថា យើងស្រឡាញ់គេយ៉ាងពិតប្រាកដ មិនមែនត្រឹមតែស្រឡាញ់ក្រោមលក្ខខណ្ឌថា កូនធ្វើត្រូវចិត្តឪពុកម្ដាយនោះទេ តែស្រឡាញ់លើរូបកូនយ៉ាងពិតប្រាកដ និងគ្មានលក្ខខណ្ឌ។

2 . សួរ ប្រសើរជាងប្រាប់

ជាប្រក្រតី យើងស៊ាំធ្លាប់នឹងការបញ្ជា ការប្រាប់ឱ្យធ្វើ ហើយយើងតែងកាត់សេចក្ដីថា អ្វីដែលកូនគិត អ្វីដែលកូនធ្វើ រឿងខ្លះមិនល្អ មិនសមរម្យ ហើយយើងក៏ធ្វើខ្លួនជាអ្នកចង្អុលប្រាប់ឱ្យកូនត្រូវតែបែបនេះ ត្រូវតែធ្វើបែបនោះ ដែលវាក៏មិនមែនជារឿងខុសឆ្គងអ្វីដែរ ព្រោះរូបឪពុកម្ដាយខ្លួនឯងក៏ធ្លាប់​ឆ្លងកាត់ការបង្រៀនមកក្នុងលក្ខណៈហ្នឹងដូចគ្នា តែ តើវានឹងល្អជាងទេ…បើយើងគ្រាន់តែធ្វើជាអ្នកចង្អុលបង្ហាញផ្លូវ ហើយទុកឱ្យកូនយើងហាត់ជ្រើសរើស ហាត់សម្រេចចិត្តដោយខ្លួនឯង លទ្ធផលដែលទទួលបាន ប្រហែលជាបានច្រើនជាង និងល្អជាងអ្វីដែលយើងចង់បានទៅទៀត។

បើយើងគោរពគ្នាទៅវិញទៅមក មនុស្សធំក៏មិនមែនចេះតែត្រូវជានិច្ច ហើយក្មេងក៏មិនមែនចេះតែខុសរហូតនោះដែរ។ សាកល្បងប្រើពាក្យសំដីជាសំណួរទៅកូនលមើល…អ្នកគ្រូ ឆវីជឿថា ប្រហែលជានឹងអាចកាត់បន្ថយភាពទាស់ទែង ឈ្លោះគ្នាបានច្រើន និងបែរមកនិយាយគ្នាដោយហេតុដោយផលច្រើនឡើង នឹងទទួលយកពីគ្នាបានច្រើនឡើងមិនខាន។

គោលដៅនៃការចិញ្ចឹមកូនរបស់អ្នក គឺអ្វី?

មេរៀនចាប់ផ្ដើមពីឪពុកម្ដាយ ពេលខ្លះអ្វីដែលកូនកំពុងធ្វើ អ្វីដែលយើងគិតថាជាបញ្ហាសម្រាប់កូន បើពិនិត្យមើលឱ្យច្បាស់ទៅ ជួនកាលវាអាចជាចំណោទដែលយើងអាចយកមកប្រើប្រាស់ក្នុងការកែសម្រួលខ្លួនឯង ខ្លាំងជាងកែសម្រួលកូនរបស់យើង…៕

Advertisement