6តម្រូវការផ្នែកផ្លូវចិត្តរបស់កូន ដែលឪពុកម្ដាយត្រូវតែឱ្យ

សេចក្ដីត្រូវការផ្នែកផ្លូវចិត្តរបស់កុមារ មានភាពខុសប្លែកពីគ្នាខ្លះៗទៅតាមវ័យរបស់ពួកគេ តែអាចសរុបបែបត្រួសៗបានថា រឿងតទៅនេះមានភាពចាំបាច់ និងជាតម្រូវការសម្រាប់កុមារគ្រប់រូប។

1 . សេចក្ដីស្រឡាញ់ ភាពកក់ក្ដៅ

កុមារមានអារម្មណ៍ចង់ឱ្យឪពុកម្ដាយ ឬអ្នកចិញ្ចឹមមើលថែស្រឡាញ់រូបគេ មានអារម្មណ៍ថា ខ្លួនឯងគឺជាសេចក្ដីត្រូវការ និងមានតម្លៃសម្រាប់ឪពុកម្ដាយ មានអារម្មណ៍ថា ខ្លួនឯងត្រូវបានទទួលស្គាល់។ អាណាព្យាបាលមិនគួរធ្វើឱ្យកុមារមានអារម្មណ៍ថា ឪពុកម្ដាយស្អប់រូបគេ មិនចូលចិត្តរូបគេ ស្រឡាញ់លម្អៀង បដិសេធ ឬមិនត្រូវការ ជាចំណែកដែលលើស បង្ខំចិត្តចិញ្ចឹមរូបគេ និងមិនគួរធ្វើឱ្យមានអារម្មណ៍ថា រូបគេមានចំណុចខ្សោយ ឬតូចចិត្តតូចថ្លើមឡើយ។ អាកប្បកិរិយារបស់មនុស្សធំមានឥទ្ធិពលយ៉ាងខ្លាំងលើផ្លូវចិត្តរបស់កុមារ ដូច្នេះរឿងសំខាន់ដែលចង់និយាយដល់នោះគឺ កុមារត្រូវការសេចក្ដីស្រឡាញ់យ៉ាងស័ក្តិសម មិនមែនស្រឡាញ់ខ្លាំងយ៉ាងគ្មានព្រំដែន ដូចជា តាមចិត្តគ្រប់បែបយ៉ាងដោយគ្មានហេតុផល រហូតធ្វើឱ្យក្លាយជាមនុស្សតាមតែចិត្តខ្លួនឯងគ្រប់ពេលវេលា មិនអាចអត់ធន់ជាមួយសភាវដែលមនុស្សប្រក្រតីធម្មតាអត់ធន់បាន រហូតក្លាយជាចំណុចមិនល្អខាងបុគ្គលភាពនោះទេ។

2 . ជំរុញវិវឌ្ឍនាការយ៉ាងស័ក្តិសម

ការជំរុញវិវឌ្ឍនាការដែលស័ក្តិសមនេះ អាស្រ័យលើវ័យរបស់កុមារ ដូចជា វ័យទារកកើតដំបូងត្រូវការ ការព បី ការប៉ះពាល់ ការញញឹម ការជជែកនិយាយជាមួយដើម្បីឱ្យបានឮសំឡេង។ ដល់ធំឡើងក៏ត្រូវការថែមឡើង ដូចជា ការលេង ការជជែកនិយាយ របស់លេងដែលស័ក្តិសមនឹងវ័យ ក៏នឹងជួយជំរុញបានល្អដែរ។ សម្រាប់ក្មេងក្នុងខួប 1ឆ្នាំដំបូង ដើម្បីជំរុញការបានឮ ការប្រើខ្សែភ្នែក គួរប្រើរបស់លេងដែលមានចលនា និងមានពណ៌ស្រស់ៗ និងមានសំឡេង។ លុះធំឡើងទៀត កុមារនឹងត្រូវការការជំរុញដើម្បីបង្កើនការធ្វើចលនា គួរប្រើប្រាស់សាច់ដុំផ្នែកផ្សេងៗ ដូចជាការប្រើម្រាមដៃ ការប្រើម្រាមជើង និងផ្សេងៗទៀត។ ការជំរុញផ្សេងៗនេះមានលទ្ធផលខាងផ្លូវចិត្តដែលទទួលបាន គឺកុមារនឹងមានអារម្មណ៍បានទទួលសេចក្ដីស្រឡាញ់ ការចាប់អារម្មណ៍ និងដែលសំខាន់គឺ បានជំរុញអារម្មណ៍ចង់ដឹងចង់ឃើញ ចាប់អារម្មណ៍ចំពោះបរិស្ថានជុំវិញ មានអារម្មណ៍សប្បាយ ចង់ពិសោធ ចង់សាកល្បងធ្វើ ធ្វើឱ្យមានអារម្មណ៍ថាមានភាពជឿជាក់ក្នុងចិត្ត ហ៊ានសម្ដែងចេញតាមនោះដែរ។

3 . អារម្មណ៍កក់ក្ដៅ និងសុវត្ថិភាព

អារម្មណ៍កក់ក្ដៅ និងសុវត្ថិភាពរបស់កុមារបានមកពីបរិស្ថានជុំវិញខ្លួន ជាពិសេសឪពុកម្ដាយ។ បើឪពុកម្ដាយមានសម្ព័ន្ធភាពល្អចំពោះគ្នា គ្រួសារមានសេចក្ដីសុខស្ងប់ស្ងាត់ កុមារនឹងមិនមានអារម្មណ៍ភ័យខ្លាចថា នឹងត្រូវបោះបង់ចោលឡើយ។ ជាញឹកញាប់គេរកឃើញថា ក្មេងមានអាការខាងផ្លូវកាយ ដូចជាឈឺក្បាល ឈឺពោះដោយគ្មានជំងឺខាងរាងកាយជាមូលហេតុឡើយ តែបែរជាពាក់ព័ន្ធនឹងពេលដែលកុមារកើតមានអារម្មណ៍ធុញថប់តានតឹង មានអារម្មណ៍ខ្លាចពេលដែលឃើញឪពុកម្ដាយឈ្លោះគ្នា វាយតប់គ្នា ឬកំពុងជិតលែងលះគ្នា។ ក្រៅពីនោះ កុមារនៅត្រូវការមានអារម្មណ៍ថា មនុស្សធំអាចការពាររូបគេបាន មិនបណ្ដោយឱ្យមានគ្រោះថ្នាក់លើរូបគេ។ កុមារគួរតែបានទទួលការការពារពីគ្រោះថ្នាក់ខាងរាងកាយ ដូចជាឧប្បត្តិហេតុផ្សេងៗ និងគួរតែបានទទួលការការពារមិនឱ្យប៉ះពាល់ដល់ផ្លូវចិត្តធ្ងន់ធ្ងរ ដូចជា ទិដ្ឋភាពគ្រោះថ្នាក់ដែលគួរឱ្យភ័យរន្ធត់ខ្លាំង ទិដ្ឋភាពពាក់ព័ន្ធនឹងរឿងផ្លូវភេទដែលមិនសមរម្យ ជាដើម និងគួរត្រៀមកាយ ត្រៀមចិត្តដល់កុមារសម្រាប់ហេតុការណ៍សំខាន់ៗ ដូចជា ការមានប្អូន ឬការវះកាត់ ជាដើម។

4 . ពាក្យណែនាំ និងការគាំទ្រ

កុមារត្រូវការពាក្យណែនាំ ឬការចង្អុលបង្ហាញអំពីមនុស្សធំថា អ្វីជាអ្វី ដូចជា តួនាទីដែលស័ក្តិសមតាមភេទរបស់ក្មេងប្រុស ឬក្មេងស្រី ការប្រតិបត្តិខ្លួនក្នុងសង្គម តម្លៃនៃការនិយម រហូតទៅដល់វប្បធម៌ប្រពៃណីផ្សេងៗ និងគួរផ្ដល់ការគាំទ្រជួយយកអាសាក្នុងរឿងផ្សេងៗដែលមើលឃើញថាសមរម្យ ដូចជា កិច្ចការងារដែលកុមារត្រូវការបំពេញ អាចជួយលើផ្នែកហិរញ្ញវត្ថុ ឬជួយរកវត្ថុឧបករណ៍ជួយក្នុងការប្រើគំនិត ជាដើម។

5 . ភាពជាបលាប់ជានិរន្តរ៍ និងការមានព្រំដែន

ទាំង 2យ៉ាងមានភាពសំខាន់ក្នុងការធ្វើឱ្យកុមាររៀនយល់ដឹងថា អ្វីត្រូវ អ្វីខុស អ្វីធ្វើបាន ឬមិនបាន មិនច្របូកច្របល់ខាងការគិត និងការប្រតិបត្តិ។ ច្បាប់ទម្លាប់ដែលប្រើ គួរតែមានហេតុផល និងមានការប្រតិបត្តិយ៉ាងជាប់លាប់តាំងពីដើមដល់ចប់ ដូចជា មិនឱ្យពាក់ស្បែកជើងចូលផ្ទះ ព្រោះនឹងធ្វើឱ្យផ្ទះកខ្វក់ ជាដើម ក៏គួរតែធ្វើបែបហ្នឹងជារៀងរហូត មិនមែនពេលមានអ្នកបម្រើក្នុងផ្ទះក៏ពាក់បាន ឬពេលម្ដាយជូតសម្អាតផ្ទះដោយខ្លួនឯង ក៏ពាក់មិនបាន ឬដូចជា ថ្ងៃមួយ មិនព្រមអនុញ្ញាតឱ្យធ្វើរឿងអ្វីមួយ តែដល់ថ្ងៃក្រោយមកទៀត បែរជាអនុញ្ញាតឱ្យធ្វើទៅវិញ ជាដើម។

មនុស្សធំមួយចំនួនមិនប្រាកដនៅក្នុងចិត្តថា អ្វីដែលគួរហាមក្មេង អ្វីមិនគួរហាម ខ្លាចបណ្ដោយតាមចិត្តពេក ឬតឹងរ៉ឹងខ្លាំងជ្រុលពេក ជាដើម ដូច្នេះចូរប្រកាន់យកគោលការណ៍ងាយៗ 3យ៉ាងដែលកុមារមិនអាចធ្វើបានយ៉ាងពិតប្រាកដគឺ ៈ

  • ការធ្វើបាបខ្លួន(វាយតប់ខ្លួនឯង) រួមទាំងការលេងដែលបង្កគ្រោះថ្នាក់ ដូចជាលេងវត្ថុមុតស្រួចជាដើម។
  • ការធ្វើបាប(វាយតប់)អ្នកដទៃ។
  • ការបំផ្លាញវត្ថុរបស់របរ។

6 . ផ្ដល់ឱកាសឱ្យប្រើថាមពលក្នុងការច្នៃបង្កើត

វ័យកុមារ ជាវ័យដែលមានកម្លាំងថាមពលក្នុងខ្លួនខ្លាំង កុមារត្រូវការបានទទួលឱកាសឱ្យប្រើប្រាស់ថាមពលទៅលើការច្នៃបង្កើត ដូចជាការលេង ការហាត់ប្រាណក្នុងការលេងកីឡាផ្សេងៗ មានមានកិច្ចការងារផ្សេងៗដែលស័ក្តិសម។ បើមនុស្សធំមើលមិន

ឃើញភាពសំខាន់ពីចំណុចនេះ អាចត្រូវការឱ្យកុមារនៅយ៉ាងស្ងប់ស្ងាត់រៀបរយជាប់រហូតនោះ អាចនឹងធ្វើឱ្យកុមារក្លាយជាក្មេងមានសម្ពាធក្នុងចិត្ត មិនហ៊ានបង្ហាញចេញ ស្ពឹកស្រពន់ ខ្ជិលច្រអូស មិនរួសរាយស្រស់ថ្លា គ្មានគំនិតចាប់ផ្ដើមល្អៗក្នុងការច្នៃបង្កើត៕

Advertisement