ថ្នាំបញ្ចុះកម្ដៅសម្រាប់ក្មេង ឪពុកម្ដាយគួរស្គាល់ឱ្យច្បាស់ និងប្រើយ៉ាងត្រូវវិធី

ក្មេងៗនៅពេលឈឺថ្កាត់ ច្រើនតែមានអាការក្ដៅខ្លួន មុខ និងខ្លួនឡើងក្រហម ដោយសារតែសរសៃឈាមតូចៗនៅក្រោមស្បែកពង្រីកខ្លួនឡើងដើម្បីបំភាយកម្ដៅ តែក្មេងខ្លះអាចមានអាការចុងដៃ ចុងជើងត្រជាក់ និងស្លាំង ដែលក្នុងពេលខ្លះ ការដែលឪពុកម្ដាយយកដៃទៅស្ទាបថ្ងាស់កូនក៏មិនអាចដឹងបានដែរថា កូនកំពុងតែគ្រុនក្ដៅខ្លាំង ដូច្នេះការវាស់ជំងឺគ្រុនក្ដៅនៅលើក្មេង គួរប្រើប្រដាស់ស្ទង់កម្ដៅតែមួយគត់។

វិធីបញ្ចុះកម្ដៅខ្លួនក្មេង

គោលបំណងសំខាន់ក្នុងការបញ្ចុះកម្ដៅ គឺធ្វើឱ្យកូនតូចមានអារម្មណ៍ត្រជាក់ស្រួលខ្លួនឡើងវិញ អាការឈឺក្បាលធូរស្រាលចុះ ធ្វើឱ្យកូនតូចលែងសូវយំរករឿង និងអាចគេងលក់សម្រាកបាន និងបើសិនមានគ្រុនក្ដៅខ្លួនខ្លាំង ការបញ្ចុះកម្ដៅក៏អាចជួយការពារការប្រកាច់បានមួយផ្លូវដែរ។

ការជូតខ្លួនបញ្ចុះកម្ដៅដែលត្រូវវិធី

  1. បញ្ចុះកម្ដៅដោយការជូតខ្លួនដោយប្រើក្រណាត់ជ្រលក់ទឹកធម្មតា ហាមប្រើទឹកត្រជាក់ ឬអាល់កុល ព្រោះនឹងធ្វើឱ្យសរសៃឈាមនៅក្រោមស្បែកបង្រួញខ្លួន បំភាយកម្ដៅចេញមកក្រៅមិនបាន។
  2. បើកូនតូចមានអាការរងាញាក់ និងគ្រុនក្ដៅខ្លួនខ្លាំង ពេលជូតខ្លួន ចូរដោះខោអាវចេញឱ្យអស់ ហើយឃ្លុំផ្នែកដែលមិនបានជូតដោយភួយក្រណាត់ស្ដើងៗ។
  3. ជូតខ្លួនបញ្ច្រាស់ទិសលំហូរវិលរបស់ឈាម និងមិនចាំបាច់ជូតខ្លាំងៗឡើយ ព្រោះការជូតខ្លួនខ្លាំងៗនឹងធ្វើឱ្យកូនតូចឈឺ និងក្រហាយស្បែក និងមិនបានជួយបញ្ចុះកម្ដៅខ្លួនកូនឡើយ។
  4. សង្កត់ធ្ងន់លើការជូតលើបំពង់ក ផ្ទៃមុខ ពោះ គន្លាក់ដៃ-ជើង នឹងអាចជួយទាញកម្ដៅចេញពីសរសៃឈាមបានច្រើន។
  5. ការប្រើកន្សែងត្រជាក់ ឬចាហួយបញ្ចុះកម្ដៅ មិនបានជួយឱ្យកម្ដៅខ្លួនថយចុះឡើយ ត្រឹមតែជួយបំភាយកម្ដៅចេញពីរាងកាយប៉ុណ្ណោះ តែមានប្រយោជន៍ក្នុងរឿងសម្រាលអាការឈឺក្បាលបាន។

យល់ដឹងអំពីថ្នាំបញ្ចុះកម្ដៅខ្លួនកុមារ និងការប្រើយ៉ាងត្រូវវិធី

ការញ៉ាំថ្នាំបញ្ចុះកម្ដៅសម្រាប់ក្មេង ជារឿងដែលឪពុកម្ដាយគួរយល់ដឹង ដើម្បីប្រើប្រាស់បានយ៉ាងត្រឹមត្រូវ។ ជាប្រក្រតី នៅលើទីផ្សារ ថ្នាំបញ្ចុះកម្ដៅសម្រាប់ក្មេងមានច្រើនម៉ាកយីហោណាស់ តែគ្រាប់ថ្នាំមិនខុសប្លែកគ្នាប៉ុន្មានឡើយ។ ថ្នាំបញ្ចុះកម្ដៅមាន 3ប្រភេទគឺ ៈ

  1. ប៉ារ៉ាសេតាម៉ុល : ខ្នាត 10-20មីល្លីក្រាម ក្នុងទម្ងន់ខ្លួនកុមារ 1គីឡូក្រាម ក្នុង 1ដង រៀងរាល់ 4-6ម៉ោង ៈ គ្មានឥទ្ធិពលបំផ្លាញក្រពះទេ ដូច្នេះហើយទើបអាចញ៉ាំបានខណៈពោះទំនេរ(មិនទាន់ញ៉ាំអាហារ)។ ខ្នាតថ្នាំដែលខ្ពស់ខ្លាំងពេកមានផលប៉ះពាល់ដល់ថ្លើម ដូច្នេះហើយទើបពាក្យដាស់តឿនដែលថា មិនគួរប្រើថ្នាំប្រភេទនេះជាប់ៗគ្នាលើស 5ថ្ងៃ ជាការដាស់តឿនឱ្យអ្នកប្រើថ្នាំ គួរតែទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យរកមូលហេតុពិតប្រាកដរបស់អាការគ្រុនក្ដៅ ដើម្បីបានទទួលការព្យាបាលដែលត្រឹមត្រូវជាបន្ត។
  2. អៃប៊ូប្រូហ្វេន : ឬថ្នាំបញ្ចុះកម្ដៅខ្លាំង ប្រើបាននៅលើក្មេងដែលមានអាយុ 6ខែឡើងទៅ។ ខ្នាតថ្នាំ 5-10មីល្លីក្រាម ក្នុងទម្ងន់ខ្លួនក្មេង 1គីឡូក្រាម ក្នុង 1ដង រៀងរាល់ 6ម៉ោង។ បើឱ្យញ៉ាំថ្នាំប៉ារ៉ាសេតាម៉ុលហើយ កម្ដៅមិនថយចុះ អាចបន្ថែមថ្នាំ អៃប៊ូប្រូហ្វេន ប្រភេទនេះបានក្នុងចន្លោះពេលឱ្យញ៉ាំថ្នាំប៉ារ៉ាសេតាម៉ុលក្នុងករណីដែលនៅមិនទាន់គ្រប់ 4ម៉ោងពីការឱ្យថ្នាំប៉ារ៉ាសេតាម៉ុលលើកចុងក្រោយ តែថ្នាំប្រភេទនេះមានឥទ្ធិពលបំផ្លាញក្រពះ ដូច្នេះមិនឱ្យកូនញ៉ាំថ្នាំនេះខណៈពេលពោះទំនេរ មិនទាន់ញ៉ាំអីឡើយ។
  3. អាស្ពីរីន : មានផលប៉ះពាល់ ធ្វើឱ្យងាយចេញឈាមដូចថ្នាំអៃប៊ូប្រូហ្វេនដែរ(ក្នុងករណីមានដំបៅក្រពះ) និងហាមឱ្យក្មេងអាយុក្រោម 12ឆ្នាំដែលកើតជំងឺកញ្រ្ជិល ឬគ្រុនផ្ដាសាយធំញ៉ាំថ្នាំប្រភេទនេះ ព្រោះអាចនឹងធ្វើឱ្យកើតភាពខុសប្រក្រតីជាមួយប្រព័ន្ធប្រសាទកណ្ដាល ដូចជា ហើមខួរក្បាល បាត់បង់ស្មារតី ប្រកាច់ និងកើតភាពខុសប្រក្រតីចំពោះថ្លើម អាចបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតបាន។

នៅពេលដឹងពីវិធីការប្រើថ្នាំទាំង 3ប្រភេទនេះហើយ អាណាព្យាបាលគួរប្រើប្រាស់ឱ្យបានត្រឹមត្រូវដើម្បីសុវត្ថិភាពរបស់កូនតូច។ ទោះជាយ៉ាងណាក្ដី បើកូនមានអាការឈឺថ្កាត់ គ្រុនក្ដៅនោះ វិធីដែលល្អបំផុត គឺមិនគួរទិញថ្នាំមកឱ្យញ៉ាំដោយខ្លួនឯងឡើយ ព្រោះអាចកើតការប្រតិកម្មចាញ់ថ្នាំប្រភេទខ្លះបាន តែគួរនាំកូនទៅមន្ទីពេទ្យ៕

Advertisement