ឪពុកម្ដាយ​ 4ប្រភេទ​ ដែល​ធ្វើអោយ​កូន​មាន​ទង្វើ​ល្អ​ ឬច្រងេងច្រងាង​

ទង្វើ​នៃ​ការ​ចិញ្ចឹម​មើលថែ​កូន​របស់​ឪពុកម្ដាយ​អាច​ហុច​ផល​ឱ្យ​កូន​ក្លាយជា​ក្មេង​ល្អ​ ឬក្មេង​ច្រងេងច្រងាង​បាន​ ព្រោះ​ចរិត​និស្ស័យ​របស់​កូន​អាច​សាង​បាន​ដោយសារ​ឪពុកម្ដាយ​។ តើ​លោកអ្នក​ជា​ឪពុកម្ដាយ​បែប​ណា​ដែរ​ នៅក្នុង​ឪពុកម្ដាយ​ទាំង4ប្រភេទ​ខាងក្រោម​?

ឪពុកម្ដាយ​ 4ប្រភេទ​ដែល​ហុច​ផល​ដល់​ទង្វើ​ អាកប្ប​កិរិយា​ និង​ចរិត​និស្ស័យ​របស់​កូន​តាំងពី​អំឡុង​វ័យ​នៅ​តូច​រហូតដល់​ធំ​។ តើ​ឪពុកម្ដាយ​បែប​ណា​ដែល​ធ្វើ​ឱ្យ​កូន​បាន​ល្អ​ ឬធ្វើ​ឱ្យ​កូន​ក្លាយ​ជា​ក្មេង​ច្រងេងច្រងាង​ អាត្មានិយម​ រឹងរូស​ មិន​ស្ដាប់បង្គាប់​? រឿង​ទាំងអស់​នេះ​កើត​ចេញពី​ការ​ចិញ្ចឹម​មើលថែ​ទាំ​របស់​ឪពុកម្ដាយ​ ឬអ្នក​នៅ​ជិតដិត​ ដូច្នេះតើ​ឪពុកម្ដាយ​គួរ​ចិញ្ចឹម​មើលថែ​កូន​បែប​ណា​ទើប​កូន​បាន​ល្អ​?

1. ឪពុកម្ដាយចិញ្ចឹមកូនយ៉ាងផ្ដាច់ការ
ជាវិធីការអប់រំចិញ្ចឹមមើលថែដែលឪពុកម្ដាយមានភាពហ្មត់ចត់តឹងរ៉ឹងខ្ពស់ និងមិនឱ្យឥស្សរភាពដល់កូនឡើយ មិនថាតែ៖
. ការគ្រប់គ្រង និងដាក់ច្បាប់វិន័យឱ្យកូនប្រតិបត្តិតាមយ៉ាងតឹងរ៉ឹង
. មិនបណ្ដោយឱ្យកូនបានអធិប្បាយពីហេតុផល
. កូនត្រូវតែទទួលយកនូវពាក្យសម្ដីរបស់ឪពុកម្ដាយថា ជារឿងត្រឹមត្រូវ និងសមរម្យជានិច្ច
. ឪពុកម្ដាយប្រើអំណាចគ្រប់គ្រងដោយវិធីបញ្ជា និងដាក់ទោសនៅពេលកូនមិនធ្វើតាមដូចដែលខ្លួនឯងរំពឹងទុក
. ឪពុកម្ដាយតែងតែនៅឆ្ងាយ និងបដិសេធក្នុងការស្ដាប់កូន
. ឪពុកម្ដាយមិនដែលនឹកដល់អារម្មណ៍របស់កូន

តើកូននឹងក្លាយជាមនុស្សយ៉ាងណា?
1. គ្រប់គ្រងខ្លួនឯងបានខ្លាំង មានរបៀប ស្មោះត្រង់ តែនៅពេលដល់ចំណុចមួយ អាចនឹងផ្ទុះអារម្មណ៍ចេញមកបែបមិននឹកស្មានដល់ និងមិនអាចគ្រប់គ្រងខ្លួនឯងបាន។
2. បង្កប់ភាពច្រងេងច្រងាង នៅផ្ទះមើលទៅសុភាពរៀបរយ តែអាចច្រងេងច្រងាងខ្លាំងក្លាពេលនៅខាងក្រៅ។
3. ប៉ិនខ្លាច និងអៀនច្រើន គ្មានភាពនឹងនរខាងអារម្មណ៍ ព្រោះត្រូវគ្រប់គ្រងឱ្យនៅក្នុងរបៀបវិន័យយ៉ាងតឹងរ៉ឹងគ្រប់ពេលវេលា។
4. ខ្វះភាពជឿជាក់លើខ្លួនឯង ហើយដោយសារតែមានមោទនភាពលើខ្លួនឯងទាបធ្វើឱ្យមើលមិនឃើញគុណតម្លៃរបស់ខ្លួនឯង។
5. ខ្វះជំនាញក្នុងការចូលសង្គម មិនមានបដិសម្ព័ន្ធជាមួយអ្នកដទៃ ខ្វះចំណេះដឹងតាម
វ័យ។
6. កែបញ្ហាលំបាកលំបិនក្នុងជីវិតមិនបាន ពិបាកសម្របខ្លួនជាមួយស្ថានការណ៍ផ្សេងៗ ព្រោះកន្លងមកឪពុកម្ដាយចាត់ការឱ្យទាំងអស់។

2. ឪពុកម្ដាយដែលចិញ្ចឹមកូនដោយការយកចិត្តទុកដាក់
ពេលខ្លះគេហៅការចិញ្ចឹមមើលថែកូនបែបនេះថា “ប្រជាធិបតេយ្យ”។ វិធីការនេះគឺ ការដែលឪពុកម្ដាយ និងកូនគ្រប់គ្នាប្រើច្បាប់រួមគ្នា ប្រណិបត្តិដាក់គ្នាដោយក្ដីគោរព និងស្ដាប់ហេតុផលរវាងគ្នាទៅវិញទៅមក មានភាពបត់បែនដោយឪពុកម្ដាយនៅចាំផ្ដល់ការគាំទ្រកូនតាមវ័យរបស់ក្មេង អនុញ្ញាតឱ្យកូនមានឥស្សរភាព តែខណៈជាមួយគ្នាក៏នៅចាំកំណត់ព្រំដែននៃទង្វើរបស់កូនដូចតទៅនេះផងដែរ ៖
. កំណត់ឱ្យកូនស្ដាប់បង្គាប់ និងប្រតិបត្តិតាមគន្លងផ្លូវដែលឪពុកម្ដាយបានកំណត់ទុកយ៉ាងមានហេតុផល។
. ផ្ដល់នូវសេចក្ដីស្រឡាញ់ ភាពកក់ក្ដៅ និងយកចិត្តទុកដាក់កូនជានិច្ច។
. បើកឱកាសឱ្យកូនធ្វើជាខ្លួនរបស់ខ្លួនឯង(មិនបង្ខំ)។
. ស្ដាប់ហេតុផលរបស់កូន។
. គាំទ្រឱ្យកូនមានចំណែករួមក្នុងការគិត និងសម្រេចចិត្តក្នុងរឿងផ្សេងៗរបស់គ្រួសារ។

កូននឹងក្លាយជាមនុស្សបែបណា?
1. កូននឹងមានសេចក្ដីសុខ ហើយធំឡើងជាមនុស្សធំដែលមានសេចក្ដីសុខ។
2. ជាមនុស្សដែលមានចិត្តគំនិតល្អ សម្លឹងមើលពិភពលោកក្នុងន័យវិជ្ជមាន ព្រោះមានគ្រឹះអារម្មណ៍ដែលល្អ ចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន។
3. មានជំនាញខាងការចូលសង្គមល្អ ចេះសម្របសម្រួលខ្លួននឹងស្ថានការណ៍ផ្សេងៗបាន។
4. ជឿជាក់លើខ្លួនឯង ព្រោះដឹងថាខ្លួនឯងមានគុណតម្លៃ និងត្រៀមជាស្រេចក្នុងការរៀនយល់ដឹងពីរឿងរ៉ាវផ្សេងៗបានយ៉ាងល្អ មានគំនិតចេះច្នៃប្រឌិត។
5. មានរបៀបវិន័យ មានភាពអត់ធន់ស៊ូទ្រាំ មានភាពទទួលខុសត្រូវ មានការចេះគិតពិចារណាខ្ពស់។

3. ឪពុកម្ដាយដែលចិញ្ចឹមកូនដោយការបណ្ដោយតាមចិត្តកូន (Permissive)
ការចិញ្ចឹមកូនដោយការបណ្ដោយឱ្យកូនធ្វើនូវអ្វីផ្សេងៗតាមសេចក្ដីត្រូវការរបស់កូន ដោយគ្មានការកំណត់ព្រំដែន នឹងធ្វើឱ្យកូនអាចប្រើប្រាស់ឥស្សរៈសេរីភាពបានយ៉ាងពេញទំហឹង បញ្ចេញអារម្មណ៍ និងចេតនាបានយ៉ាងបើកចំហ ដោយឪពុកម្ដាយនឹង…៖
– ដាក់ទោសកូនតិចបំផុត
– មិនទាមទារ ឬគ្រប់គ្រងទង្វើរបស់កូនឡើយ
– ឪពុកម្ដាយនឹងឱ្យដំបូន្មានដោយក្ដីទន់ភ្លន់ និងបន្ទន់តាមចិត្តកូន
– ផ្ដល់នូវសេចក្ដីស្រឡាញ់ ភាពកក់ក្ដៅ និងតបស្នងតម្រូវការរបស់កូនជានិច្ច
– ចៀសពីការឈ្លោះទាស់ទែង ព្រោះជឿថាក្មេងៗនឹងរៀនយល់ដឹងតាមរយៈបទពិសោធរបស់ខ្លួនឯង និងព្យាយាមប្រើហេតុផលជាមួយកូនជានិច្ច។

កូននឹងក្លាយជាមនុស្សបែបណា?
1. គ្មានវិន័យ គ្មានភាពទទួលខុសត្រូវ ព្រោះមិនដែលត្រូវបង្ហាត់។
2. យកខ្លួនឯងធ្វើជាចំណុចកណ្ដាលនៃអ្វីៗគ្រប់យ៉ាង។
3. មិនជឿជាក់លើខ្លួនឯង ពេលខ្លះអាចមានអារម្មណ៍ថាគ្មានភាពស្ថិតស្ថេរក្នុងជីវិតទៀតផងព្រោះគ្មានគោលការណ៍ ឬរបៀបវិន័យឱ្យប្រកាន់យក ឬប្រតិបត្តិតាម ជាពិសេសពេលដែលមិនបាននៅជាមួយឪពុកម្ដាយ។
4. ច្រងេងច្រងាង គ្រប់គ្រងសតិអារម្មណ៍ខ្លួនឯងមិនបាន មិនជឿ ឬស្ដាប់បង្គាប់អ្នកដទៃ ខ្វះចំណេះដឹង។
5. ពិបាកសម្របខ្លួនជាមួយស្ថានការណ៍ផ្សេង។
6. មើលឃើញគុណតម្លៃក្នុងខ្លួនឯងខ្ពស់ មានជំនាញការទំនាក់ទំនងនឹងអ្នកដទៃល្អតែខ្វះជំនាញផ្សេងទៀតដែលត្រូវប្រើក្នុងការរស់នៅរួមគ្នាជាមួយអ្នកដទៃ ដូចជា ការចែករំលែក ការយល់ចិត្តយល់ថ្លើមអ្នកដទៃជាដើម ដោយសារតែត្រូវបណ្ដោយតាមចិត្តរហូតធ្លាប់ខ្លួន។

4. ឪពុកម្ដាយដែលចិញ្ចឹមកូនយ៉ាង
បណ្ដែតបណ្ដោយ (Uninvolved) ការចិញ្ចឹមកូនបែបនេះ អាចហៅបានមួយបែបទៀតថា ជាការចិញ្ចឹមកូនបែបបោះចោល អាចដោយសារតែឪពុកម្ដាយបដិសេធមិនចង់បានកូនតាំងពីដំបូង ឬវីវក់លង់តែក្នុងបញ្ហា និងសម្ពាធក្នុងជីវិតប្រចាំថ្ងៃ រហូតដល់គ្មានពេលវេលាមើលថែទាំយកចិត្តទុកដាក់កូន ធ្វើឱ្យកូនមិនបានទទួលការយកចិត្តទុកដាក់យ៉ាងសមរម្យ ដោយឪពុកម្ដាយប្រភេទនេះនឹងប្រតិបត្តិដាក់កូនដូចខាងក្រោម…៖
– ផ្ដល់ការមើលថែទាំយកចិត្តទុកដាក់ចំពោះកូនតិចបំផុត ឬព្រងើយកន្តើយនឹងកូន
– ឪពុកម្ដាយស្ទើរតែមិនផ្ដល់ការចាប់អារម្មណ៍ ឬឆ្លើយតបតម្រូវការរបស់កូនសោះឡើយ
– មិនទាមទារ ឬដាក់របៀបវិន័យអ្វីៗដល់កូនទាំងអស់
– ឪពុកម្ដាយនឹងថែទាំកូនត្រឹមតែរឿងរាង-កាយ ការហូបចុក និងតម្រូវការគោលៗប៉ុណ្ណោះ

កូននឹងក្លាយទៅជាមនុស្សបែបណា?
1. ចេះរស់ដោយខ្លួនឯង គឺក្មេងនឹងរៀនយល់ដឹងក្នុងការចេះរស់ដោយខ្លួនឯង មិនពឹងអ្នកដទៃ។
2. ជាមនុស្សសម្លឹងមើលពិភពលោកក្នុងន័យអវិជ្ជមាន និងច្រើនតែតតាំងសង្គម។
3. មានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃ មិនឃើញគុណតម្លៃរបស់ខ្លួនឯង ខ្វះភាពជឿជាក់លើខ្លួនឯង។
4. ពិបាកគ្រប់គ្រងអារម្មណ៍។
5. មិនងាយជឿទុកចិត្តនរណាឡើយ មានអារម្មណ៍មិនជឿជាក់ ឬភ័យខ្លាចនៅពេលត្រូវពឹងពាក់អ្នកដទៃ។
6. ខ្វះជំនាញចូលសង្គម សាងសម្ព័ន្ធភាពល្អៗជាមួយអ្នកដទៃមិនបាន ឬពិបាកធ្វើបាន។
7. ធំឡើងនឹងក្លាយជាមនុស្សវ័យជំទង់ដែលច្រើនតែមានទង្វើបែបប្រថុយនឹងកំហុស ដូចជាញៀនគ្រឿងញៀន ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មជាដើម។

ឪពុកម្ដាយដែលមើលថែទាំកូនយ៉ាងល្អដិតដល់ នឹងធ្វើឱ្យកូន(ជាពិសេស)ក្នុងអំឡុងវ័យជំទង់មានទង្វើ និងការសម្របខ្លួនបានល្អ តែផ្ទុយទៅវិញ បើឪពុកម្ដាយបណ្ដោយតាមចិត្តកូន ឬបណ្ដែតបណ្ដោយ មិនខ្វល់ អាចធ្វើឱ្យកូនក្នុងវ័យកុមារ និងវ័យជំទង់ប្រថុយប្រថាននឹងការប្រតិបត្តិខ្លួនដែលមិនល្អ៕

Advertisement