ចង់មានបុត្រ តែញ៉ាំថ្នាំពន្យារកំណើតយូរមកហើយ តើត្រូវត្រៀមខ្លួនតាំងគភ៌យ៉ាងណា?

សម្រាប់អ្នកដែលធ្លាប់ញ៉ាំថ្នាំពន្យារកំណើតមកយូរហើយ លុះដល់វេលាដែលត្រៀមខ្លួនរួចរាល់ក្នុងការតាំងគភ៌(ចង់មានបុត្រ) សួរថា ក្រោយពីឈប់ញ៉ាំថ្នាំពន្យារកំណើតហើយ តើអាចបណ្ដោយឱ្យមានគភ៌បានតែម្ដង ឬយ៉ាងណា? និងបានញ៉ាំថ្នាំពន្យារកំណើតយូរមកហើយ តើនឹងមានផលប៉ះពាល់អ្វីជាមួយការតាំងគភ៌ដែរឬទេ? ឬការញ៉ាំថ្នាំពន្យារកំណើតយូរមកហើយនេះ នឹងមានផលប៉ះពាល់ដល់ទារកដែរឬទេ? ថ្ងៃនេះ ឡារ៉ែនមានចម្លើយមកជម្រាបជូន…។

បណ្ដោយឱ្យមានគភ៌ក្រោយពីឈប់ញ៉ាំថ្នាំពន្យារកំណើតភ្លាមតែម្ដងបានឬទេ?

បន្ទាប់ពីអ្នកឈប់ញ៉ាំថ្នាំពន្យារកំណើតហើយ ឡារ៉ែនមិនណែនាំឱ្យបណ្ដោយឱ្យមានគភ៌ភ្លាមៗនោះទេ គួរបណ្ដោយឱ្យពេលវេលាកន្លងទៅប្រមាណជា 3ខែឡើងទៅសិន តែទាំងអស់នេះ ក្នុងអំឡុង 3ខែនេះក៏គួរតែធ្វើការពន្យារកំណើតដោយវិធីផ្សេងជំនួសវិញ។ ក្នុងអំឡុង 1 -2ខែដំបូង អ្នកអាចនឹងមិនមានវដ្តរដូវ តែក៏មិនបាច់ភ្ញាក់ផ្អើលអ្វីដែរ ព្រោះអ្នកមិនបានតាំងគភ៌ទេ គ្រាន់តែក្រោយពីញ៉ាំថ្នាំពន្យារកំណើតហើយ វដ្តរដូវអាចនឹងមកយឺតជាងសព្វដងប៉ុណ្ណោះ។ នៅពេលវដ្តរដូវចាប់ផ្ដើមមកជាប្រក្រតី(វដ្តរដូវចាប់ផ្ដើមមកប្រក្រតី 3ខែឡើងទៅ) សឹមបណ្ដោយឱ្យមានគភ៌តាមធម្មជាតិ។ ក្នុងអំឡុងពេលហ្នឹងប្រហែលជាត្រូវឱ្យអនាគតលោកឪពុកពន្យារកំណើតខ្លួនឯងសិនទៅ(ឡារ៉ែនណែនាំឱ្យប្រើស្រោមអនាម័យទៅសិនក្នុងអំឡុងពេលហ្នឹង)។

ញ៉ាំថ្នាំពន្យារកំណើតយូរមកហើយ នឹងធ្វើឱ្យពិបាកមានគភ៌មែនទេ?

បើជាការញ៉ាំថ្នាំពន្យារកំណើតកាលពីសម័យមុន បើសិនជាញ៉ាំយូរៗទៅ នឹងមានផលប៉ះពាល់ធ្វើឱ្យជញ្ជាំងស្បូនស្ដើង ធ្វើឱ្យការតាំងគភ៌(ការទម្លាក់តួកំណើត)ដំណើរការទៅយ៉ាងលំបាក នេះគឺជារឿងពិត…តែបើជាថ្នាំពន្យារកំណើតសម័យថ្មី បចុប្បន្ននេះ បញ្ហាបែបហ្នឹងលែងមានហើយ តែបើអ្នកប្រើថ្នាំពន្យារកំណើតបែបបន្ទាន់ញឹកញាប់ បែបនេះនឹងមានផលប៉ះពាល់ដល់ការតាំងគភ៌ប្រាកដមែន ដូច្នេះបើអ្នកញ៉ាំថ្នាំពន្យារកំណើតបែបធម្មតា(21 ឬ28គ្រាប់)យូរមកហើយ ក៏មិនចាំបាច់កង្វល់ថា អ្នកនឹងពិបាកក្នុងការមានគភ៌នោះទេ។

ញ៉ាំថ្នាំពន្យាកំណើតយូរមកហើយ តើនឹងមានផលប៉ះពាល់ដល់ទារកក្នុងគភ៌ដែរឬទេ?

នេះគឺជាសំណួរមួយទៀតដែលស្ថិតនៅក្នុងចិត្តរបស់អនាគតអ្នកម្ដាយថ្មោងថ្មីគ្រប់រូប និងប្រហែលជាក្ដីកង្វល់ខ្លាំងទៀតផងនៅពេលដែលចាប់ផ្ដើមតាំងគភ៌ថ្មីៗ។ ការពិតទៅ ការញ៉ាំថ្នាំពន្យារកំណើតនេះ បើយើងឈប់ញ៉ាំ(ក្រោយពីញ៉ាំអស់ពីបន្ទះយ៉ាងត្រឹមត្រូវ) ហើយទុកចន្លោះទំនេរ 3ខែឡើងទៅ និងរង់ចាំឱ្យវដ្តរដូវមកជាប្រក្រតីតាមប្រចាំខែនោះ តែប៉ុណ្ណឹងរាងកាយរបស់អ្នកក៏នឹងត្រៀមរួចរាល់ក្នុងការតាំងគភ៌បានទៅហើយ និងមិនមានផលប៉ះពាល់អ្វីដល់ទារកក្នុងគភ៌ឡើយ។

ត្រូវត្រៀមខ្លួនយ៉ាងណា នៅពេលចង់មានបុត្រ(តាំងគភ៌)?

ដូចដែលបានប្រាប់រួចហើយ…ក្រោយពីឈប់ញ៉ាំថ្នាំពន្យារកំណើតហើយ នៅពេលចង់មានបុត្រ(តាំងគភ៌)ហើយនោះ ចូរបណ្តោយឱ្យវដ្តរដូវមកបានប្រមាណជា 3ខែសិន បន្ទាប់ពីនោះសឹមឱ្យមានគភ៌។ ចំណែករឿងការត្រៀមខ្លួនវិញ ក៏ដូចជាមនុស្សស្រីទូទៅដូច្នោះដែរ គឺហាត់ប្រាណឱ្យល្មមសមរម្យ គេងលក់សម្រាកឱ្យបានគ្រប់គ្រាន់ ញ៉ាំអាហារឱ្យគ្រប់ 5ប្រភេទក្រុម ញ៉ាំទឹកឱ្យបានច្រើន និងកុំមានអារម្មណ៍ធុញថប់ ឬតានតឹង នៅសល់ប៉ុន្មានទៀតក៏អាចនឹងប្រើឧបករណ៍ជំនួយ ដូចជា ឧបករណ៍ពិនិត្យមើលថ្ងៃទម្លាក់ស៊ុត(ពិនិត្យតាមរយៈទឹកមូត្រ)ជាដើម។

សរុបទៅ ជំនឿដែលថា ញ៉ាំថ្នាំពន្យារកំណើតយូរមកហើយ នៅពេលចង់បានបុត្រ នឹងធ្វើឱ្យពិបាកក្នុងការតាំងគភ៌នោះ ជារឿងមិនត្រឹមត្រូវទេ។ បើអ្នកញ៉ាំថ្នាំពន្យារកំណើតបែបប្រក្រតី ហើយចង់តាំងគភ៌មានបុត្រនោះ អ្នកគ្រាន់តែឈប់ញ៉ាំ និងរង់ចាំឱ្យវដ្តរដូវមកបាន 3ខែឡើងទៅសិន រួចសឹមបណ្ដោយឱ្យទៅតាមធម្មជាតិ ជាការស្រេច។ ចំណែកឯជំនឿដែលថា ញ៉ាំថ្នាំពន្យារកំណើតមកយូរហើយ ទារកក្នុងគភ៌នឹងពិការ ខួរក្បាលមិនល្អ ជាដើមនោះ រឿងហ្នឹងក៏មិនមែនជាការពិតដែរ ដូច្នេះសូមសប្បាយចិត្តចុះ៕

Advertisement