សញ្ញាគ្រោះថ្នាក់ពីអាការហើមខ្លួន ហើមជើង ក្នុងអំឡុងពេលតាំងគភ៌

អាការហើមតាមរាងកាយគឺជារឿងដែលប្រទះឃើញជាទូទៅនៅលើស្រ្តីដែលកំពុងតាំងគភ៌ ដោយសារតែដល់ពេលអាយុគភ៌ច្រើនឡើង ទម្ងន់គភ៌ក៏នឹងច្រើនឡើងតាមលំដាប់ដែរ ធ្វើឱ្យជញ្ជាំងសរសៃឈាមផ្សេងៗចាប់ផ្ដើមពង្រីកខ្លួនតាម ធ្វើឱ្យអវយវៈដទៃទៀតចាប់ផ្ដើមពង្រីក(ហើម)ខ្លាំងឡើង តែអាការហើមតាមរាងកាយ ហើមនៅលើជើងយ៉ាងឆាប់រហ័សជ្រុលពេក ក៏អាចជាសញ្ញាគ្រោះថ្នាក់មួយដែលបញ្ជាក់អំពីសភាវគភ៌មានជាតិពុលដែរ។

នៅពេលតាំងគភ៌ហើយ ការហើមនៅលើខ្នងជើង(មិនលើសភ្នែកគោល) នឹងចាប់ផ្ដើមកើតឡើងពេលអាយុគភ៌ច្រើនឡើង។ លក្ខណៈរបស់ស្បែកដែលហើម បើសិនជាចុចមើល នឹងឃើញថា ទ្រុឌចុះទៅ ព្រោះថា ទម្ងន់របស់គភ៌ដែលច្រើនឡើងនឹងមកសង្កត់ពីលើសរសៃឈាមខ្មៅផ្នែកខាងក្រោយដងខ្លួន ធ្វើឱ្យប្រព័ន្ធហូរវិលរបស់ឈាម(ប្រព័ន្ធឈាមរត់)ដំណើរការមិនស្រួល។ ក្រៅពីនោះ អាការហើមនេះ នៅអាចនឹងមានច្រើនឡើងមកដល់ស្មងជើង ឬអាចនឹងហើមពេញទាំងខ្លួនក៏បាន ធ្វើឱ្យមុខមាត់ប្រែប្រួលខុសពីមុន ដោយសារថ្ពាល់ឡើងហើមធំ។

តែអាការហើមដែលខុសប្រក្រតីក៏អាចជាសញ្ញារបស់អាការគភ៌មានជាតិពុលបានដែរ ដូចជា ៈ

1 . កើតអាការហើមឡើងយ៉ាងឆាប់រហ័ស ដូចជា ហើមមុខ ហើមខ្លួន ឬសន្លាក់ម្រាមដៃហើមរហូតដោះចិញ្ចៀនចេញលែងបានយ៉ាងឆាប់រហ័ស។

2 . ទម្ងន់ខ្លួនកើនច្រើនឡើងយ៉ាងឆាប់រហ័ស។

3 . មានអាការបត់ជើងតូចថយចុះ។

4 . ឈឺក្បាលខ្លាំង ឬមានអាការភ្នែកឡើងស្រវាំង ឬមើលឃើញពន្លឺជាចំណុចៗ។

5 . មានអារម្មណ៍ចុកណែននៅម្ដុំចុងដង្ហើម។

បើសិនមានកើតអាការទាំងនេះ ចូរប្រញាប់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ ដើម្បីពិនិត្យយ៉ាងល្អិតល្អន់ ព្រោះអាចនឹងកើតសភាវគភ៌មានជាតិពុល៕

Advertisement