6 វិធីជួយសម្រាលអាការឈឺថ្កាត់របស់កូន តើត្រូវធ្វើយ៉ាងណាខ្លះទៅ?

ឪពុកម្តាយស្ទើរតែទាំងអស់សុទ្ធតែមានក្តីភ័យបារម្ភ និងកង្វល់ចិត្តខ្លាំងណាស់នៅពេលកូនតូចជាទីស្រឡាញ់កើតជំងឺឈឺថ្កាត់ឡើង ដែលបើសិនជាអាចឈឺជំនួសបាន នឹងសុខចិត្តឈឺជំនួសកូនមិនខាន ទន្ទឹមនឹងនោះក៏នឹងខិតខំឱ្យកូនបានញ៉ាំថ្នាំយ៉ាងត្រឹមតាមវេជ្ជបញ្ជាដើម្បីឱ្យកូនឆាប់ជាសះស្បើយឡើងវិញទៀតផង តែខាងក្រោមនេះគឺ វិធី 6 យ៉ាងទៀតក្នុងការជួយសម្រាល ឬបន្ធូរអាការឈឺថ្កាត់របស់កូនបាន តើមានអ្វីខ្លះនោះ សូមលោកឪពុកអ្នកម្តាយទាំងអស់តាមដានដើម្បីទុកជាចំណេះដឹងតទៅ។

1 . ឱបកូន និងនៅជិតៗកូន

ព្រោះការឱប និងលួងលោមពេលកូនមិនស្រួលខ្លួន ឬឈឺថ្កាត់នឹងធ្វើឱ្យកូនកក់ក្តៅក្នុងចិត្ត មានកម្លាំងចិត្ត រាងកាយនឹងត្រឡប់មកមានកម្លាំងឡើងវិញ ចង់ធ្វើនេះធ្វើនោះ ខ្លាំងជាងការបណ្តោយទុកឱ្យកូនគេងក្តៅសន្ធំព្រោះកម្ដៅខ្លួនតែម្នាក់ឯង។ ក្រៅពីនេះការឱបកូននៅធ្វើឱ្យក្មេងមានអាការស្ងប់ និងសម្ងំយ៉ាងស្រួលបានយ៉ាងមិនគួរឱ្យជឿទៀតផង។

2 . ធ្វើម្ហូបអាហារដែលផ្តល់នូវគុណតម្លៃខាងភោជនាហារខ្ពស់ឱ្យកូនញ៉ាំ

ពេលឈឺថ្កាត់ ឬមិនស្រួលខ្លួន កូនតែងតែមិនចង់ញ៉ាំអាហារឡើយ ឬញ៉ាំដែរ តែញ៉ាំបានតិច ដូច្នេះម្ហូបអាហារគ្រប់យ៉ាងដែលកូនញ៉ាំបានបន្តិចបន្តួចនៅពេលឈឺថ្កាត់នោះ គួរតែជាអាហារដែលមានគុណប្រយោជន៍ខ្ពស់ ដើម្បីឱ្យរាងកាយបានទទួលកម្លាំងថាមពលច្រើនៗ អាចជាពពួកបបរត្រីក្តៅឧណ្ហៗ ឬពួកទឹកផ្លែឈើច្របាច់ស្រស់ៗដែលមានប្រយោជន៍ ជាដើម។

3 . ចេះបញ្ចុះបញ្ចូលចិត្តកូន

ក្មេងដែលមានអាការឈឺថ្កាត់នឹងមិនចង់ញ៉ាំអាហារឡើយ ឬញ៉ាំបានតិច ហើយក្មេងខ្លះទៀតមិនចង់ញ៉ាំថ្នាំតែម្តង ឬពិបាកឱ្យញ៉ាំថ្នាំខ្លាំងណាស់ ដូច្នេះឪពុកម្តាយ ឬអាណាព្យាបាលត្រូវចេះបញ្ឆោតឱ្យកូនបានលេងសប្បាយ ឬធ្វើកិច្ចការងារអ្វីមួយដើម្បីឱ្យកូនភ្លេចខ្លួន ហើយអាស្រ័យឱកាសដែលកូនភ្លេចខ្លួននោះក៏បញ្ចុកថ្នាំឱ្យញ៉ាំតែម្តង និងអ្វីដែលសំខាន់នោះ គឺត្រូវឱ្យកូនញ៉ាំថ្នាំឱ្យបានទៀងទាត់ពេលវេលា រហូតដល់ជាសះស្បើយ។

4 . ឱ្យកូនគេងលក់ឱ្យបានច្រើនបំផុត

ការគេងលក់ គឺការសម្រាកដែលល្អបំផុត ដែលវានឹងធ្វើឱ្យរាងកាយរបស់កូនត្រឡប់មករឹងប៉ឹងឡើងវិញ និងជាពីជំងឺបានលឿនបំផុត​។ នៅពេលកូនគេងលក់ ឪពុកម្តាយគួរធ្វើអ្វីគ្រប់យ៉ាងឱ្យស្ងាត់ស្ងៀមបំផុត កុំធ្វើអ្វីដែលជំរុញ និងធ្វើឱ្យកូនភ្ញាក់កណ្តាលទីឱ្យសោះ។ ក្មេងដែលបានគេងលក់ទាំងពេលថ្ងៃ និងពេលយប់ នឹងឆាប់ជាសះស្បើយ ហើយថ្នាំដែលកូនញ៉ាំចូលទៅនោះនឹងធ្វើការបានលទ្ធផលល្អបំផុតគឺពេលគេងហ្នឹងឯង។

5 . ឱ្យញ៉ាំថ្នាំឱ្យបានត្រឹមត្រូវ និងស័ក្តិសមនឹងអាយុរបស់កូន

ឪពុកម្តាយភាគច្រើន ច្រើនតែមិនយល់ពីការឈឺថ្កាត់របស់កូន និងឱ្យកូនញ៉ាំថ្នាំបែបមិនសូវជាត្រូវតាមវិធីប៉ុន្មានឡើយ។ បើឱ្យកូនញ៉ាំថ្នាំត្រូវតាមខ្នាត តាមអាយុុ និងទៀងពេល នឹងធ្វើឱ្យកូនកាន់តែឆាប់ជាឡើង និងគ្មានផលប៉ះពាល់ដែលនឹងធ្វើឱ្យសុខភាពរបស់កូនចុះខ្សោយទៀតផង។

6 . មើលថែទាំកូនតាមដែលគ្រូពេទ្យណែនាំ

ភាគច្រើនលោកគ្រូពេទ្យនឹងណែនាំឱ្យឪពុកម្តាយមើលថែទាំពេលកូនមិនស្រួលខ្លួនឱ្យបានដិតដល់ ដូចជា ឱ្យញ៉ាំថ្នាំតាមពេលម៉ោងដែលពេទ្យបានប្រាប់ យកក្រណាត់សើមជូតខ្លួនឱ្យកូនពេលកូនក្តៅខ្លួនខ្លាំង និងនាំកូនទៅជួបគ្រូពេទ្យតាមការណាត់ ដើម្បីពិនិត្យអាការយ៉ាងជាប់លាប់ ជាដើម។

ក្មេងគ្រប់រូបត្រូវតែធ្លាប់ឈឺថ្កាត់ទាំងអស់ ដូច្នេះឪពុកម្តាយមិនចាំបាច់មានកង្វល់បារម្ភខ្លាំងពេកទេ គ្រាន់តែត្រូវស្គាល់ពីវិធីមើលថែទាំកូន ព្យាបាលកូន និងចេះសង្កេតមើលអាការឈឺថ្កាត់របស់កូនឱ្យបានល្អ អាការឈឺថ្កាត់ទាំងនោះនឹងជាសះស្បើយទៅវិញយ៉ាងឆាប់រហ័សមិនខាន៕

Advertisement