តាំងគភ៌ហើយ តើនៅតែទៅធ្វើការងារដូចមុនបានឬទេ?

ក្នុងយុគសម័យបច្ចុប្បន្ន ស្រ្តីយើងទោះជារៀបការហើយក៏ដោយ ក៏នៅតែត្រូវចេញទៅធ្វើការក្រៅផ្ទះដើម្បីជួយសម្រាលបន្ទុកការចាយវាយក្នុងគ្រួសារដែរ តែនៅពេលណាដែលស្រ្តីយើងចាប់ផ្ដើមគិតចង់បានបុត្រ ឬដឹងខ្លួនថា ចាប់ផ្ដើមមានគភ៌ហើយនោះ ក្ដីកង្វល់ដែលតែងតែកើតមាននោះគឺថា តើការចេញទៅធ្វើការងារក្នុងខណៈដែលខ្លួនឯងតាំងគភ៌នោះ នឹងមានផលប៉ះពាល់ដល់ទារកក្នុងគភ៌ដែរឬទេ? ថ្ងៃនេះ ឡារ៉ែនមានចម្លើយមកជម្រាបជូន។

នៅក្នុងផ្នែកវេជ្ជសាស្រ្តនៅមិនទាន់មានការបញ្ជាក់យ៉ាងច្បាស់លាស់ថា ហាមស្រ្តីដែលកំពុងមានគភ៌ធ្វើការអ្វីនោះឡើយ មានត្រឹមតែពាក្យណែនាំថា មិនគួរលើករបស់ធ្ងន់ៗ និងមិនគួរមានសភាវតានតឹងធុញថប់ក្នុងអារម្មណ៍ឡើយ ព្រោះនៅពេលរាងកាយរបស់ស្រ្តីមានគភ៌តានតឹងធុញថប់(អាចបណ្ដាលមកពីរឿងការងារ ឬមួម៉ៅធុញថប់ដោយសារតែរឿងធ្វើដំណើរតាមផ្លូវដែលកកស្ទះខ្លាំង) រាងកាយនឹងបញ្ចេញសារធាតុម្យ៉ាងចេញមក ដែលបើសិនជាការតាំងគភ៌ក្នុងរយៈ 3 ខែដំបូងផងនោះ អាចនឹងមានឱកាសរលូតបុត្របាន។ ក្រៅពីនោះ តាមធម្មជាតិវិញ ក្នុងអំឡុង 3 ខែដំបូងនៃការតាំងគភ៌ ស្រ្តីមានគភ៌នឹងមានអារម្មណ៍ថាទន់ល្វើយអស់កម្លាំង ដោយសារតែជាអំឡុងពេលដែលទារកក្នុងគភ៌កំពុងវិវឌ្ឍ និងធំធាត់ឡើង ដែលជារឿងប្រក្រតី ដូច្នេះទើបការសម្រាករបស់ស្រ្តីមានគភ៌ត្រូវមានច្រើនជាងមនុស្សប្រក្រតី។ បើរាងកាយនឿយល្វើយហើយ នៅត្រូវទៅធ្វើការ ហើយត្រូវជួបនឹងសភាវធុញថប់តានតឹងផ្សេងៗទៀតផងនោះ ក៏នឹងរឹតតែធ្វើឱ្យរាងកាយលែងបានសម្រាក និងអស់កម្លាំងខ្លាំងលើសដើមទៅទៀត។

ដូច្នេះអ្នកដែលឆ្លើយតបនឹងសំណួរខាងលើបានល្អបំផុតនោះគឺ ស្រ្តីមានគភ៌ខ្លួនឯងដែលគួរតែគិតថា ការងារដែលទៅធ្វើនោះ បើធ្វើហើយមានសេចក្ដីសុខ ក៏អាចធ្វើតទៅទៀតបាន ព្រោះបើរាងកាយមានសេចក្ដីសុខ ក៏នឹងមានផលល្អដល់ទារកក្នុងគភ៌ដែរ តែបើដឹងខ្លួនថា ធ្វើហើយគ្មានសេចក្ដីសុខ ត្រូវមួម៉ៅធុញថប់ ក៏គួរតែសម្រាកបន្តិចទៅ និងក៏គួរតែជ្រើសរើសយកកូនជារឿងសំខាន់ជាងវិញប្រសើរជាង។

ក្រៅពីនេះនៅមានរឿងដែលគួរប្រយ័ត្នប្រយែងនៅក្នុងកន្លែងធ្វើការ រួមទាំងការធ្វើដំណើរក្នុងខណៈតាំងគភ៌ដូចតទៅ ៈ

1 . ស្រ្តីដែលកំពុងតាំងគភ៌ គួរចៀសវាងការធ្វើការងារណាដែលពាក់ព័ន្ធជាមួយម៉ាស៊ីន X-Ray យ៉ាងដាច់ខាត ព្រោះទារកនៅក្នុងគភ៌នឹងមានឱកាសពិការ ឬកើតមហារីកក្នុងគ្រាប់ឈាមសដែលបណ្ដាលពីកាំរស្មីបាន។

2 . បើលក្ខណៈការធ្វើការងារត្រូវឈរ ឬអង្គុយក្នុងរយៈពេលយូរៗ ក៏គួរតែផ្លាស់ប្ដូរឥរិយាបថរៀងរាល់ 1 ម៉ោងម្ដង ជាពិសេសនៅពេលចាប់ផ្ដើមតាំងគភ៌ក្នុងអំឡុង 6 ខែតទៅ ដូចជាអាចប្រើការដើរទៅមក ឆ្លាស់គ្នានឹងការអង្គុយសម្រាកជាដើម។

3 . ការចង់កម្រើកខ្លួន ឬប្ដូរឥរិយាបថ ត្រូវប្រយ័ត្នខ្លួនជាពិសេស ព្រោះអាចកើតការពង្រឹងខ្លួនរបស់ស្បូនបាន បើសិនជាផ្លាស់ប្ដូរឥរិយាបថលឿនរហ័សជ្រុលពេក។

4 . សម្រាប់ការធ្វើដំណើរទៅធ្វើការ ឡារ៉ែនមិនណែនាំឱ្យជិះម៉ូតូទេ ទោះជាតាំងគភ៌ប៉ុន្មានខែក៏ដោយ។

5 . បើមិនចាំបាច់ មិនគួរធ្វើដំណើរទៅណាឆ្ងាយៗឡើយ ព្រោះការជិះឡានយូរៗដោយមិនផ្លាស់ប្ដូរឥរិយាបថ នឹងធ្វើឱ្យឈឺខ្នង ស្ពឹកតាមដៃ-ជើង ព្រោះប្រព័ន្ធឈាមរត់អាចនឹងធ្វើការមិនបានល្អដូចពេលរាងកាយប្រក្រតី។

6 . គួរតមការបើកបររថយន្តដោយខ្លួនឯង ព្រោះការបើកបររថយន្ត ក្រៅតែពីធ្វើឱ្យមានអារម្មណ៍តានតឹងធុញថប់ហើយ នៅមានផលដល់ការពង្រឹងខ្លួនរបស់ស្បូនទៀតផង។

7 . ហាមទប់បត់ជើងតូចជាដាច់ខាត ព្រោះការទប់មិនព្រមទៅបត់ជើងតូចនឹងធ្វើឱ្យរលាកប្លោកនោម។ ការទៅធ្វើការក្រៅផ្ទះ ពេលខ្លះអាចនឹងមិនសូវងាយស្រួលក្នុងការចូលបន្ទប់ទឹក ទើបស្រ្តីជាច្រើនជ្រើសរើសយកការទ្រាំ ដូច្នេះស្រ្តីមានគភ៌ត្រូវរៀបចំផែនការរឿងការបន្ទោបង់នេះឱ្យបានល្អ៕

Advertisement