គន្លឹះល្អៗ 5 យ៉ាង ពិនិត្យសុខភាពដោយខ្លួនឯងខណៈដឹងថា ខ្លួនមានគភ៌

អាការឈឺថ្កាត់ ខណៈពេលតាំងគភ៌ដោយសាររោគាផ្សេងៗក៏អាចកើតឡើងបានដែរ ដូច្នេះទើបស្រ្តីមានគភ៌គួរតែពិនិត្យមើលសុខភាពក្នុងអំឡុងពេលដែលដឹងថាខ្លួនតាំងគភ៌ហើយដោយខ្លួនឯងជាប់ជានិច្ចដើម្បីនឹងបានងាយស្រួលក្នុងការថែទាំព្យាបាលតាំងពីដំបូងៗ។ ខាងក្រោមនេះគឺជា 5 វិធីក្នុងការពិនិត្យមើលសុខភាពខណៈពេលមានគភ៌យ៉ាងងាយៗដោយខ្លួនឯង ៖

1 . ពិនិត្យមើលកែវភ្នែក : ជាប្រក្រតី កែវភ្នែកពណ៌សរបស់មនុស្សយើងនឹងមានពណ៌សស្អាត តែបើពណ៌ភ្នែកមិនស្រស់ថ្លា ឬល្អក់ៗចេញពណ៌រាងលឿង​ៗ នោះបង្ហាញថាខុសប្រក្រតីហើយ អាចបណ្តាលមកពីសុខភាពរឿងថ្លើម ឬអាចកើតមានក្រួសក្នុងថង់ទឹកប្រមាត់ ឯការមើលថែទាំខ្លួនវិញនោះគឺ ទទួលទានអាហារឱ្យគ្រប់ 5 ប្រភេទក្រុម ញ៉ាំបន្លែដែលមានពណ៌លឿង ពណ៌បៃតង ចៀសវាងពីអាហារដែលមានជាតិខ្លាញ់ខ្ពស់ និងអាហារដែលមានរសជាតិខ្លាំងៗ(ប្រៃខ្លាំង ហឹរខ្លាំង.ល.) និងគេងសម្រាកឱ្យបានគ្រប់គ្រាន់។

2 . បបូរមាត់ : បបូរមាត់ស្ងួត មានឡើងកន្ទួលក្រហមៗ អាការទាំងនេះអាចកើតឡើងដោយសារការខ្វះជាតិទឹក ឬប្រតិកម្មចាញ់សារធាតុគីមីប្រភេទខ្លះ អាការនេះស្រ្តីមានគភ៌អាចមើលថែទាំខ្លួនឯងបានដោយការ ញ៉ាំទឹកស្អាតឱ្យបានច្រើនៗ ក្នុងមួយថ្ងៃយ៉ាងតិចណាស់ក៍ 8 កែវ និងគួរចៀសវាងអាហារ ឬសារធាតុគីមីដែលធ្វើឱ្យមានប្រតិកម្មចាញ់។

3 . ក្រចកដៃ ក្រចកជើង : សាកសង្កេតមើលតាមរយៈក្រចកដៃ ក្រចកជើងរបស់ខ្លួនឯង តើមានពណ៌ស ឬខៀវជាំ ស្នាមឆ្នូតផតចុះ ឬទេ? ព្រោះអាការបែបនេះអាចកើតចេញពីការខ្វះសារធាតុអាហារ ភាពខុសប្រក្រតីរបស់ក្រលៀន ឬអាចកើតពីសភាវលោហិតស្លេក ជាដើម ដូច្នេះនៅពេលចាប់ផ្តើមតាំងគភ៌ ស្រ្តីមានគភ៌មិនគួរលាបថ្នាំក្រចកដែលមានពណ៌ដិតៗខ្លាំងជ្រុលពេក ឬមិនគួរលាបតែម្តងក៏ល្អ ព្រោះងាយស្រួលលោកគ្រូពេទ្យបានសង្កេតមើលដឹងពីជំងឺតាមរយៈពណ៌ក្រចករបស់ស្រ្តីមានគភ៌ហ្នឹងឯង។

4 . សរសៃសក់ : សក់ស្ងួត សក់ជ្រុះ ផុយឆាប់ដាច់ រឹងច្រងាង អាចកើតពីសភាវថៃរ៉យដ៍ធ្វើការខុសប្រក្រតី ខ្វះវីតាមីន និងសារធាតុរ៉ែ បើមានអាការទាំងនេះ ស្រ្តីមានគភ៌គួរមើលថែទាំសុខភាពដោយការទទួលទានអាហារដែលមានសារធាតុដែកខ្ពស់ ដូចជា ស៊ុតក្រហម បន្លែពណ៌បៃតង និងអាហារគ្រឿងសមុទ្រ និងគួរបញ្ឈប់ការប្រើកម្តៅ និងសារធាតុគីមីប្រភេទខ្លះជាមួយសរសៃសក់ និងកាត់បន្ថយភាពធុញថប់តានតឹង និងក្តីកង្វល់ទាំងឡាយខណៈមានគភ៌។

5 . ហើមជើង : ជើងខាងណាមួយឡើងហើម ឬអាចហើមទាំងសងខាង គឺជារឿងប្រក្រតីដែលស្រ្តីមានគភ៌ត្រូវតែជួប ភាគច្រើននៅលើស្រ្តីដែលមានអាយុគភ៌ប្រមាណជា 6 ខែឡើងទៅ ដោយសារតែទំហំផ្ទៃរបស់ស្រ្តីមានគភ៌ដែលកាន់តែធំឡើង ទើបធ្វើឱ្យប្រព័ន្ធឈាមរត់ហូរវិលមិនបានល្អ ហុចផលឱ្យកើតអការហើមដៃជើង តែក៏គួរប្រយ័ត្នដែរ ព្រោះអាចបណ្តាលមកពីបញ្ហាជំងឺបេះដូង ជំងឺក្រលៀន ឬរលាកសន្លាក់ ជាដើម ដូច្នេះបើមានអាការហើម ស្រ្តីមានគភ៌គួរបានហាត់ប្រាណតិចៗស្រាលៗ ដើម្បីជំរុញការហូរវិលរបស់លោហិតឱ្យធ្វើការបានល្អឡើង ចៀសវាងអាហារដែលមានរសជាតិប្រៃ និងក្នុងខណៈតាំងគភ៌ស្រ្តីមានគភ៌គួរគ្រប់គ្រងទម្ងន់ខ្លួនកុំឱ្យឡើងខ្លាំងជ្រុលពេក៕

Advertisement