ស្លៀកពាក់ទៅប្រសូតបែបណាត្រឹមត្រូវ និងបែបណាមិនគួរស្លៀក

បើស្រ្តីមានគភ៌ជិតប្រសូតកំពុងរៀបចំកាបូបខោអាវត្រៀមខ្លួនទៅប្រសូត និងត្រៀមរបស់របរប្រើប្រាស់ដែលចាំបាច់ៗសម្រាប់ខ្លួនឯង និងកូនតូចនោះ នៅមានរឿងសំខាន់ម្យ៉ាងទៀតដែលស្រ្តីមានគភ៌មិនគួរភ្លេចភ្លាំង នោះគឺ ការស្លៀកពាក់តែងខ្លួនទៅប្រសូត។ ដូច្នេះយើងនាំគ្នាមកមើលថា តើត្រូវស្លៀកពាក់តែងខ្លួនយ៉ាងណាឱ្យស័ក្តិសម សមរម្យ និងងាយស្រួលទាំងម្ដាយ និងកូនដូចតទៅ។

គួរ ឬមិនគួរ…តើត្រូវស្លៀកពាក់តែងខ្លួនបែបណានៅថ្ងៃឆ្លងទន្លេ?

អំឡុងពេលនេះជាអំឡុងពេលដែលច្របូកច្របល់ និងរហេនរហន់ខ្លាំងបំផុត បើកើតអាការបែកទឹកភ្លោះបែបទាន់ហន់ដោយមិនបានដឹងខ្លួនមុនផងនោះ ហ្នឹងគឺជាការបញ្ជូនសញ្ញាថា ពេលប្រសូតបានមកដល់ហើយ ដូច្នេះសម្លៀកបំពាក់ដែលត្រៀមទុកសម្រាប់ស្លៀកទៅប្រសូតសំខាន់បំផុតនាពេលនេះ ៈ

គួរ ៈ ជាឈុតដែលងាយស្រួលស្លៀកពាក់ សាច់ក្រណាត់ពាក់ទៅស្រួល និងដែលសំខាន់គឺ ស្រ្តីមានគភ៌គួរតែត្រៀមការទុកជាមុនដោយការរៀបចំឈុតសម្រាប់ស្លៀកពេលទៅប្រសូតព្យួរទុកជាស្រេច។

មិនគួរ ៈ សម្លៀកបំពាក់ដែលមានខ្សែរណេងរណោង មានឡេវច្រើន ឬត្រូវរូតខ្សែរូតចុះឡើង ព្រោះនៅពេលទៅដល់មន្ទីីរពេទ្យ អ្នកនឹងត្រូវផ្លាស់ស្លៀកឈុតរបស់មន្ទីរពេទ្យហើយ។

គ្រឿងតុបតែង ឬគ្រឿងអលង្ការ

គួរ ៈ ក្នុងអំឡុងពេលដ៏សែនកោលាហលនេះ បណ្ដាគ្រឿងអលង្ការដែលស្រ្តីមានគភ៌ធ្លាប់ពាក់ មិនថាតែក្រវិល ខ្សែក ឬចិញ្ចៀន-ល- គួរតែដោះទុកសិន ព្រោះក្រៅពីមិនចាំបាច់សោះក្នុងអំឡុងហ្នឹងហើយ អាចនឹងធ្វើឱ្យកើតមានគ្រោះថ្នាក់ដល់ខ្លួនឯង ឬអាចនឹងរបូតជ្រុះបាត់ក៏មាន។

មិនគួរ ៈ មិនគួរពាក់គ្រឿងអលង្ការមានតម្លៃថ្លៃៗ ដូចជា ពេជ្រ មាស-ល- ព្រោះអាចធ្វើឱ្យបាត់បង់ដោយមិនដឹងខ្លួនបាន។

លាបថ្នាំក្រចក? អត់ទេណា៎ កុំ!

គួរ ៈ ក្នុងអំឡុងពេលដែលគ្រូពេទ្យត្រូវពិនិត្យមើលកម្រិតអុកស៊ីហ្ស៊ែនក្នុងរាងកាយ ដំណាក់កាលដំបូងគ្រូពេទ្យនឹងពិនិត្យមើលការប្រែប្រួលរបស់ពណ៌ក្រចក។ ដូច្នេះសូមអ្នកគិតទៅមើល ចុះបើក្រចកពណ៌ក្រហម បៃតង លឿងវិញនោះ តើវានឹងធ្វើឱ្យការធ្វើការរបស់គ្រូពេទ្យពិបាកប៉ុនណាទៅ? ដូច្នេះដើម្បីសុវត្ថិភាព និងការធ្វើការងាររបស់ក្រុមគ្រូពេទ្យមានភាពងាយស្រួល គួរតែលាងសម្អាតថ្នាំក្រចកចេញឱ្យស្អាត។

មិនគួរ ៈ បច្ចុប្បន្នការតុបតែងក្រចក លាបពណ៌ក្រចកឱ្យស្អាតៗ មានច្រើនម៉ូដច្រើនម៉ាក តែ ចូរកុំសោកស្ដាយដែលត្រូវលាងវាចេញនោះ ព្រោះពេលនេះ វាជារឿងមួយដែលមិនចាំបាច់ទាល់តែសោះ។

បន្ថែម ៈ ត្រៀមរៀបចំកាបូបខោអាវពេលទៅប្រសូត

សម្រាប់អ្នកម្ដាយ

1 . ប័ណ្ណពិនិត្យគភ៌ និងអត្តសញ្ញាណប័ណ្ណ

2 . ឈុតខាងក្នុង និងសំឡីអនាម័យ ៈ អាវទ្រនាប់ សម្រាប់ពាក់នៅថ្ងៃត្រឡប់ទៅផ្ទះវិញ គួរតែជាអាវទ្រនាប់ដែលងាយស្រួលបើកឱ្យកូនតូចបោះដោះបានស្រួល។ ខោទ្រនាប់ គួរត្រៀមខោទ្រនាប់រាងធំៗជាងខ្លួនបន្តិច និងមានពណ៌ដិតៗឱ្យបានច្រើន សម្រាប់ស្លៀកពេលគេងសម្រាកក្រោយពេលប្រសូតនៅមន្ទីរពេទ្យ។ គួរជ្រើសរើសប្រើខោទ្រនាប់បែបស្លៀកទៅស្រួលសប្បាយខ្លួន ធូររលុងៗដើម្បីឱ្យខ្យល់អាកាសចេញចូលស្រួល។

3 . សម្លៀកបំពាក់សម្រាប់អ្នកម្ដាយស្លៀកពេលចេញពីមន្ទីរពេទ្យ

4 . ស្បែកជើងផ្ទាត់

សម្រាប់កូនតូច

1 . ក្រណាត់កន្ទបស្អាតៗ

2 . ខោអាវកូនតូចខ្នាតទើបនឹងកើត ស្រោមដៃ ស្រោមជើង និងមួក

3 . កន្សែងសម្រាប់រុំខ្លួនកូនត្រឡប់ទៅផ្ទះ

ត្រៀមខ្លួនរួចរាល់ហើយមែនទេសម្រាប់ការត្រៀមខ្លួនទៅប្រសូត? សូមឱ្យអ្នកម្ដាយ និងកូនតូចមានសុខភាពរឹងប៉ឹង និងកុំភ្លេចស៊ែររូបកូនតូចមកឱ្យអ្នកគ្រូ ឆវី បានមើល និងជួយត្រកអរផងណា៎ចា៎ស៕

Advertisement