ស្រ្តីមានគភ៌អានជាបន្ទាន់!! ហេតុអីកូនក្នុងគភ៌មិនរើ?

ការរើបម្រះរបស់កូននៅក្នុងពោះបាននាំមកនូវភាពរំភើបរីករាយញាប់ញ័រត្រេកអរចំពោះស្រ្តីមានគភ៌ខ្លាំងណាស់ តែបើសិនជាសុខៗស្រាប់តែបាត់ឈឹងលែងរើបម្រះដោយសារអ្វីម្យ៉ាងក៏មិនដឹងនោះ អាចធ្វើឱ្យស្រ្តីមានគភ៌ដែលជាម្តាយមានកង្វល់មិនតិចឡើយ ដូច្នេះថ្ងៃនេះ ឡារ៉ែនមានព័ត៌មានអំពីរឿងនេះពីលោកគ្រូពេទ្យដើម្បីបំបាត់ក្តីកង្វល់របស់ស្រ្តីមានគភ៌ទាំងឡាយ។

ស្រ្តីដែលតាំងគភ៌ជាលើកដំបូងក្នុងជីវិតនឹងចាប់ផ្តើមមានអារម្មណ៍ថា កូននឹងរើបម្រះនៅពេលអាយុគភ៌បានប្រមាណជា 18 – 20 សប្តាហ៍ ចំណែកក្នុងការមានផ្ទៃពោះលើកក្រោយទៀត នឹងមានអារម្មណ៍ដឹងនៅពេលមានអាយុគភ៌បានប្រមាណជា 16 – 18 សប្តាហ៍ ដោយអារម្មណ៍នោះនឹងដឹងបែបទឹបៗ ដូចមានត្រីមកចឹក ដោយនឹងមានអារម្មណ៍បែបនេះនៅលើស្បែកម្តុំៗជិតរន្ធផ្ជិត។ ក្នុងអំឡុងខែដំបូងដែលកូនចាប់ផ្តើមរើនោះ អ្នកម្តាយនឹងមានអារម្មណ៍ថា កូននៅមិនទាន់រើបម្រះខ្លាំងឡើយ ជួនកាលរើត្រឹមតែមួយថ្ងៃ 1 – 2 ដង និងត្រឹមតែស្រាលៗតិចៗប៉ុណ្ណោះ ទាំងអស់នេះដោយសារតែ ទារកខ្លួននៅតូចស្ថិតនៅក្នុងថង់ទឹកភ្លោះដែលធំជាងច្រើន និងថង់ទឹកភ្លោះនេះក៏ស្ថិតនៅក្នុងប្រអប់ស្បូនរបស់អ្នកម្តាយមួយជាន់ទៀតហ្នឹងឯង ទើបធ្វើឱ្យទារកអាចបម្រះរើខ្លួនចុះឡើងបានដោយមិនប៉ះនឹងជញ្ជាំងស្បូនឡើយ ធ្វើឱ្យអ្នកម្តាយអាចនឹងមិនមានអារម្មណ៍ដឹងថាកូនរើបានគ្រប់ពេលឡើយ ដូច្នេះបើស្រ្តីមានគភ៌ណាម្នាក់មានកង្វល់ក្នុងចិត្តថា កូនមិនរើ ឬនៅសុខៗក៏ស្ងាត់បាត់នោះ ចូរសាកល្បងសង្កេតមើលជាមុនសិន ព្រោះជាប្រក្រតីទៅក្នុងអំឡុងពេលគភ៌នៅខ្ចី អ្នកម្តាយគួរតែមានអារម្មណ៍ដឹងថាកូនរើរាល់ថ្ងៃ គ្រាន់តែមានចំនួនដងមិនច្រើនប៉ុណ្ណោះឯង តែដោយសារមូលហេតុដូចដែលបានជម្រាបមកខាងលើនោះឯង ទើបធ្វើឱ្យស្រ្តីមានគភ៌ដំបូងខ្លះអាចមិនមានអារម្មណ៍ដឹងថាកូនរើ ហេតុនេះសូមរង់ចាំ និងសង្កេតមើលឱ្យច្បាស់លាស់សិន មុននឹងទៅប្រឹក្សាជាមួយលោកគ្រូពេទ្យជំនាញ។

តែក្រៅពីនេះបើការមិនរើរបស់កូននៅក្នុងគភ៌ធ្វើឱ្យអ្នកម្តាយមានអារម្មណ៍ថាកង្វល់បារម្ភ និងខ្លាចថាកូននឹងប្រសូតមុនពេលកំណត់ឬក៏អត់ហើយនោះ ឡារ៉ែនមានមូលហេតុ និងអាការ ដែលនឹងធ្វើឱ្យអ្នកម្តាយអាចប្រសូតមុនកំណត់បានមកជម្រាបជូន ដូចតទៅនេះ ៈ

– ភាពខុសប្រក្រតីរបស់ស្បូន ដូចជា មានស្បូនពីរ

– មាត់ស្បូនធូររលុងខុសប្រក្រតីមកតាំងពីកំណើត ឬដោយសារការវះកាត់

– ការធ្វើការងារធ្ងន់ហួសហេតុពេក

– ថង់ទឹកភ្លោះបែកមុនពេលកំណត់

– ស្រ្តីមានគភ៌មានរោគជ្រៀតជ្រែកអ្វីម្យ៉ាង ដូចជា លើសឈាម ជាដើម

– រលាករន្ធស្បូន ឬរលាកនៅក្នុងស្បូន។ ល ៕

Advertisement