កូនបៅឈ្លក់ទឹកដោះញឹកញាប់ តើមានគ្រោះថ្នាក់ដែរឬទេ? និងត្រូវកែបញ្ហានេះយ៉ាងណា?

មានជាច្រើនដងណាស់ដែលការចិញ្ចឹមកូនតូចរបស់លោកឪពុកអ្នកម្ដាយច្រើនតែសង្កេតឃើញថា កូនមានអាការឈ្លក់ទឹកដោះនៅពេលបៅ ដែលអ្នកខ្លះក៏មិនសូវជាផ្ដល់ការចាប់អារម្មណ៍លើរឿងនេះប៉ុន្មានទេ ព្រោះគិតថា ជារឿងធម្មតាដែលអាចកើតឡើងបានចំពោះក្មេងតូចៗ តែដឹងឬទេថា មានព័ត៌មានញឹកញាប់ណាស់ដែលពាក់ព័ន្ធនឹងការស្លាប់បាត់បង់ជីវិតរបស់ក្មេងទារកដែលបណ្តាលមកពីការឈ្លក់ទឹកដោះនេះ ព្រោះបណ្តាលមកពីការដកដង្ហើមដែលខុសប្រក្រតី ដូច្នេះហើយទើបឪពុកម្ដាយហាមមើលរំលងរឿងនេះជាដាច់ខាត និងគួរការពារមិនឱ្យកើតឡើងដោយវិធីខាងក្រោមនេះ។

គួរឱ្យបៅទឹកដោះម្ដាយជាបន្តបន្ទាប់រហូតដល់អាយុ 6 ខែឡើងទៅ

មានឪពុកម្ដាយមួយចំនួនដែលឱ្យកូនតូចបៅទឹកដោះគោម្សៅដោយការឆុងដាក់ដបទឹកដោះគោឱ្យមឹម តែអាចនឹងភ្លេចថា កូនរបស់លោកអ្នកមិនបានបៅទឹកដោះនោះជាប់រហូតនោះទេ ទើបអាចធ្វើឱ្យមានបញ្ហាទឹកដោះហូរចេញពីដបចូលទៅក្នុងបំពង់ករបស់កូនខណៈដែលគេកំពុងលង់លក់បាន ដែលបើសិនជាបៅទឹកដោះចេញពីដោះម្ដាយវិញ នឹងមិនសូវមានបញ្ហានេះកើតឡើងទេ។ រឹតតែឱ្យទឹកដោះគោឆុងទៅកូនបៅខណៈដែលកូនកំពុងតែហាមាត់ស្រែកយំផងនោះ រឹតតែប្រថុយក្នុងការធ្វើឱ្យកូនកើតការឈ្លក់ទឹកដោះខ្លាំងឡើងថែមទៀត។

ឱ្យកូនតូចគេងផ្អៀងបន្ទាប់ពីបៅទឹកដោះហើយ

ដើម្បីជាការការពារការឈ្លក់ទឹកដោះ គួរលើកកូនពពាក់លើស្មាដើម្បីឱ្យកូនតូចបានភើចេញមករៀងរាល់ពេលបំបៅទឹកដោះហើយ និងដាក់ឱ្យគេគេងផ្អៀងជំនួសការដាក់ឱ្យគេងផ្ងារ ដើម្បីការពារមិនឱ្យកើតមានការហូរទឹកដោះបញ្ច្រាសចេញមកពីបំពង់អាហាររហូតក្លាយជាហេតុឱ្យកើតការឈ្លក់ទឹកដោះបាន។

ក្បាលដបទឹកដោះខុសខ្នាត ឬយ៉ាងណា?

បើទោះជាកន្លងផុតអំឡុង 6 ខែហើយក៏ដោយ តែក៏ត្រូវមានការយកចិត្តទុកដាក់លើការបំបៅទឹកដោះកូនមិនអន់ជាងអំឡុងខែដំបូងៗដែរ ជាពិសេសក្បាលដបទឹកដោះដែលអាចនឹងមានខ្នាតធំរហូតធ្វើឱ្យទឹកដោះហូរចេញមកពីក្នុងដបច្រើនធ្វើឱ្យក្មេងមិនអាចលេបទាន់ ទើបបណ្ដាលឱ្យកើតជាការឈ្លក់ទឹកដោះក៏មាន។

កុំបញ្ចុកទឹកដោះច្រើនជ្រុលពេក

ដោយសារតែក្មេងតូចមិនទាន់ចេះនិយាយប្រាប់បានថា មានអ្វីខុសប្រក្រតីចំពោះខ្លួនឯងនោះ ទើបគេត្រូវប្រើការស្រែកយំជាសញ្ញាប្រាប់នៅពេលមានរឿងអ្វីម្យ៉ាងកើតឡើងនៅក្នុងខ្លួនគេ ដែលឪពុកម្ដាយមួយចំនួនអាចនៅថ្មីថ្មោងជាមួយនឹងការចិញ្ចឹមថែទាំកូន បែរជាយល់ថា កូនយំព្រោះឃ្លានបៅ ក៏ចាប់ដបទឹកដោះគោដាក់ឱ្យកូនបៅគ្រប់ពេលដែលកូនតូចស្រែកយំ រហូតកើតបញ្ហាទឹកដោះពេញហៀរក្រពះ និងធ្វើឱ្យក្មេងក្អែចេញមកវិញរហូតក្លាយជាការឈ្លក់ទឹកដោះក៏មាន។

អាចបណ្ដាលពីភាពខុសប្រក្រតីរបស់អវយវៈណាមួយ

បើសិនជាកូននៅតែកើតមានអាការឈ្លក់ទឹកដោះញឹកញាប់ និងមានសញ្ញាថាកាន់តែធ្ងន់ធ្ងរឡើងជារឿយៗនោះ ឪពុកម្ដាយគួរតែនាំកូនតូចទៅជួបលោកគ្រូពេទ្យដើម្បីធ្វើការពិនិត្យវិនិច្ឆ័យថា តើមានអាការខុសប្រក្រតីអ្វីដែរឬទេ? ដោយរោគដែលពាក់ព័ន្ធជាមួយការឈ្លក់ទឹកដោះនេះ គឺការដែលអវយវៈដែលពាក់ព័ន្ធនឹងការបឺតលេបមានភាពខុសប្រក្រតី ឬសួត និងបេះដូងមានបញ្ហា ជាដើម។

បានដឹងបែបនេះហើយ ឡារ៉ែនសង្ឃឹមថា លោកឪពុកអ្នកម្ដាយនឹងប្រយ័ត្នប្រយែងខ្លាំងឡើងក្នុងការចិញ្ចឹមថែទាំកូនតូចក្នុងវ័យទារកនេះ និងគួរឧស្សាហ៍សង្កេតមើលអាការរបស់កូនតូចឱ្យបានគ្រប់ពេលថា តើមានការឈ្លក់ទឹកដោះដល់ថ្នាក់មុខឡើងក្រហម ឬស្លេកស្លាំងដែរឬទេ? បើសិនជាមិនស្រួល ក៏គួរតែប្រញាប់នាំកូនទៅជួបគ្រូពេទ្យភ្លាមៗតែម្ដងដើម្បីសុវត្ថិភាពរបស់កូនសម្លាញ់៕

Advertisement