ស្រាយចម្ងល់…តើមានគ្រោះថ្នាក់ទេ ពេលស្រ្តីមានគភ៌មានអាការឈឺ និងស្ពឹកម្រាមដៃ?

សម្រាប់ស្រ្តីមានផ្ទៃពោះអាចនឹងមានអាការឈឺ និងស្ពឹកម្រាមកើតដៃ ដែលធ្វើឱ្យស្រ្តីមានគភ៌កូនដំបូងជាច្រើនអាចនឹងនឹកសង្ស័យថា តើអាការដែលកើតឡើងនេះ ជាអាការធម្មតារបស់ស្រ្តីមានផ្ទៃពោះដែរឬទេ? ត្រូវប្រញាប់ទៅមន្ទីរពេទ្យឬទេ? និងតើកូនក្នុងគភ៌នឹងមានគ្រោះថ្នាក់ដែឬទេ?ជាដើម។

ដើម្បីកុំឱ្យស្រ្តីមានគភ៌ថ្មោងថ្មីទាំងឡាយត្រូវខូចសុខភាពផ្លូវចិត្ត ឡារ៉ែនមានពាក្យអធិប្បាយមកជម្រាបអនាគតអ្នកម្ដាយទាំងអស់ឱ្យបាត់ចម្ងល់ចំពោះរឿងខាងលើនោះដូចតទៅ។

មូលហេតុរបស់អាការឈឺ និងស្ពឹកតាមម្រាមដៃ ម្រាមជើង

ភាគច្រើនអាការឈឺ និងស្ពឹកម្រាមដៃរបស់ស្រ្តីមានផ្ទៃពោះមានមូលហេតុមកពីការដែលសរសៃប្រសាទដែលទៅចិញ្ចឹមបរិវេណបាតដៃត្រូវបានសង្កត់ ជាហេតុធ្វើឱ្យសាច់ភ្នាសនៅត្រង់ម្ដុំនោះមានអាការហើម រហូតធ្វើឱ្យមានអាការឈឺស្ពឹកនៅតាមម្រាមដៃឡើង ដោយមូលហេតុសំខាន់ដែលធ្វើឱ្យស្រ្តីមានផ្ទៃពោះមានអាការទាំងនេះឡើង ក៏ដោយសារតែ ក្នុងអំឡុងពេលតាំងគភ៌ កម្រិតអ័រម៉ូននៅក្នុងរាងកាយរបស់ស្រ្តីមានគភ៌នឹងប្រែប្រួល ដោយអ័រម៉ូនមួយប្រភេទដែលឈ្មោះថា ប្រូជេស្ទើរ៉ូន បានទៅជំរុញឱ្យសរសៃវាវកើតការបន្ធូរខ្លួន និងធ្វើឱ្យសន្លាក់តឆ្អឹងកើតការបន្ទន់ខ្លួនខ្លាំងឡើង ហុចផលឱ្យខាងក្នុងរាងកាយមានជាតិទឹកប្រមូលសន្សំក្នុងបរិមាណច្រើន និងដោយបរិមាណទឹកដែលច្រើនជ្រុលពេកនេះ វាបានធ្វើឱ្យចន្លោះត្រង់ផ្នែកកដៃរួមតូច និងធ្វើឱ្យសរសៃប្រសាទត្រូវបានសង្កត់។ អាការឈឺ និងស្ពឹកម្រាមដៃនេះ អាចនឹងកើតឡើងនៅលើតែម្រាមដៃណាតែម្ខាង ឬអាចនឹងកើតឡើងទាំងសងខាងដំណាលគ្នាក៏មាន ដោយស្រ្តីមានគភ៌អាចនឹងមានអាការនេះទៅរហូតដល់ថ្ងៃបញ្ចប់ការតាំងគភ៌ គឺពេលឆ្លងទន្លេរួចហ្នឹងឯង។

វិធីសម្រាលអាការនៅពេលឈឺ និងស្ពឹកតាមម្រាមដៃ ម្រាមជើង

1 . នៅពេលស្រ្តីមានគភ៌មានអាការឈឺ និងស្ពឹកកើតឡើងក្នុងខណៈដែលខ្លួនប្រើដៃក្នុងការធ្វើកិច្ចការងារផ្សេងៗនោះ ចូរស្រ្តីមានគភ៌ឈប់សម្រាកដៃពីការងារដែលកំពុងធ្វើនោះភ្លាម និងសម្រាកទុកចោលមួយស្របក់ នោះអាការនឹងល្អប្រសើរឡើងបានដោយឯកឯង។

2 . ចូរយកបាតដៃដាក់ត្រាំនៅក្នុងទឹកក្ដៅឧណ្ហៗ។ ដោយសារតែទឹកក្ដៅឧណ្ហៗនឹងជួយជំរុញឱ្យការហូរវិលរបស់ឈាមធ្វើការបានល្អឡើង ដែលនឹងធ្វើឱ្យស្រ្តីមានគភ៌មានអារម្មណ៍ធូរស្រាល និងបាត់ឈឺជាបណ្ដើរៗរហូតដល់ប្រក្រតីឡើងវិញ។ បើសិនជាធ្វើជាប់ជាប្រចាំមុនពេលគេង នឹងជួយឱ្យភាពញឹកញាប់របស់អាការនេះថយចុះបាន។

3 . ហ្វឹកហាត់ធ្វើយ៉ូហ្កាគ្រប់គ្រងសាច់ដុំ។ ការធ្វើយ៉ូហ្កាជាវិធីមួយទៀតដែលអាចជួយសាងភាពធូរស្រាលដល់សាច់ដុំ និងជួយឱ្យការហូរវិលរបស់ឈាមកាន់តែល្អឡើង និងថែមទាំងជួយឱ្យសាច់ដុំមានភាពរឹងមាំខ្លាំងឡើងទៀតផង តែត្រូវជ្រើសរើសធ្វើក្បាច់ណាដែលមិនប៉ះពាល់ដល់កូនតូចនៅក្នុងផ្ទៃខ្លាំងពេក។

អាការឈឺ និងស្ពឹកម្រាមដៃ ម្រាមជើងគឺជាអាការម្យ៉ាងរបស់អ្នកមានផ្ទៃពោះដែលនឹងអាចបាត់ទៅវិញបានដោយឯកឯង ដោយសារតែក្រោយពីពេលប្រសូត អាការហើមនឹងថយចុះ ធ្វើឱ្យចន្លោះត្រង់ផ្នែកម្រាមដៃធំស្រឡះឡើងវិញ ធ្វើឱ្យអាការឈឺ និងស្ពឹកពីការសង្កត់របស់សរសៃប្រសាទបាត់លែងមាន។ អាការឈឺ និងស្ពឹកម្រាមដៃ ម្រាមជើងនេះមិនបង្កឱ្យមានគ្រោះថ្នាក់អ្វីដល់ស្រ្តីមានគភ៌ និងកូនក្នុងផ្ទៃឡើយ តែយ៉ាងណាក៏ដោយ បើសិនជាអាការនេះកើតឡើងធ្ងន់ធ្ងរខ្លាំង ឬមានកើតអាការខុសប្រក្រតីផ្សេងទៀតរួមជាមួយផងនោះ គួរប្រញាប់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់៕

Advertisement