ឱ្យលោកប្តីជួយមើលថែទាំកូន ល្អយ៉ាងណាដែរ?

បច្ចុប្បន្ននេះទាំងមនុស្សស្រី ទាំងមនុស្សប្រុសសុទ្ធតែធ្វើអ្វីបានស្មើភាពគ្នា ប្រពន្ធក៏ចេញទៅធ្វើការក្រៅផ្ទះ ក្នុងខណៈប្តីក៏ចេះធ្វើម្ហូបអាហារបានយ៉ាងឆ្ងាញ់ពិសាដែរ តែនៅពេលកូនគឺកូនសោដួងចិត្តដែលកើតចេញពីសេចក្តីស្នេហារបស់អ្នកទាំងពីរនោះ តើហេតុអ្វីបានមិនឱ្យលោកប្តីមកមានចំណែករួមក្នុងការចិញ្ចឹមមើលថែផង?។ ការពិតទៅលោកប្តីជាច្រើនក៏ប្រហែលជាចង់សម្រាលបន្ទុករបស់ម៉ែប្រពន្ធដូចគ្នា គ្រាន់តែនៅមានអារម្មណ៍ថារាងឆ្គងៗ ចង់ចាប់ ចង់កាន់ត្រង់ណាដូចជាមិនត្រូវទំនងសោះ ដូចជាចង់ពកូនក៏ខ្លាចថា នឹងធ្វើឱ្យរបូតកូនពីដៃ ឬខ្លាចបង្កឱ្យកូនមានបញ្ហាអ្វីទេដឹង?ជាដើម តែរឿងទាំងនេះមិនមែនជាបញ្ហាធំនោះទេ គ្រាន់តែម៉ែប្រពន្ធខ្សិបប្រាប់លោកប្តីតែបន្តិចថា ត្រូវធ្វើយ៉ាងណានោះ លោកប្តីក៏នឹងបានជួយមើលថែទាំកូនតូចដោយក្តីស្រឡាញ់មិនខុសប្លែកពីប្រពន្ធបានបាត់ទៅហើយ។

ចំណុចល្អដែលឱ្យលោកប្តីជួយមើលថែទាំកូនតូច

1 . កើតមានសេចក្តីស្រឡាញ់ និងភាពពាក់ព័ន្ធស៊ីជម្រៅក្នុងក្រុមគ្រួសារស្អិតល្មួតខ្លាំងជាងមុន។

2 . លោកប្តីនឹងបានយល់ពីតួនាទីនៃភាពជា “ឪពុក” ច្រើនឡើង និងបានដឹងថា ការចិញ្ចឹមមើលថែកូនម្នាក់មិនមែនជារឿងងាយឡើយ ទើបការជួយសម្រាលបន្ទុកប្រពន្ធកើតឡើងដោយក្តីស្ម័គ្រចិត្ត និងពេញចិត្តពេញថ្លើម។

3 . ជួយឱ្យម៉ែប្រពន្ធមានពេលទំនេរគ្រប់គ្រាន់ក្នុងការទៅធ្វើធុរៈផ្ទាល់ខ្លួន ឬមើលថែខ្លួនផង។

4 . កូនចូលចិត្តធ្វើសំឡេងម្តងទាប ម្តងខ្ពស់ ប្លែកៗពេលលោកប្តីនិយាយរឿងនិទានឱ្យស្តាប់ ដែលទោះជាវាអាចនឹងមើលទៅគួរឱ្យអស់សំណើចក្នុងខ្សែភ្នែកម៉ែប្រពន្ធក៏ដោយ តែជឿទេថា សម្រាប់កូនវិញ នោះគឺជាពេលវេលាមាសរបស់គេហើយ។

5 . ទោះបីជាលោកប្តីមួយចំនួនអាចនឹងមិនសូវថ្នឹក ឬចំណានក្នុងការជួយមើលថែទាំកូនតូចក៏ដោយ តែក៏អាចមានចំណែកជួយដោយប្រយោលដែរ ដូចជា ការធ្វើម្ហូបអាហារឱ្យញ៉ាំ ការចេញទៅទិញរបស់ប្រើប្រាស់ជំនួស ដោយម៉ែប្រពន្ធមិនចាំបាច់ត្រូវទៅគ្រប់ពេលនោះទេ ដូចជា ទៅបង់លុយថ្លៃទឹក ថ្លៃភ្លើង ឬដើរទិញអីវ៉ាន់នៅក្នុងសូភើរម៉ាឃេត ជាដើម ការងារងាយៗបែបនេះ លោកប្តីក៏ធ្វើបានល្អដែរណា៎ អ៊ើ!។

6 . ក្រៅពីការងារក្រៅផ្ទះហើយ ការងារក្នុងផ្ទះក៏លោកប្តីធ្វើបានល្អមិនចាញ់គ្នាដែរ ដូចជា ការយកខោអាវទៅបោកគក់ ការបោសជូតសម្អាត ច្រកទឹកចូលដប ឬជួយលាងចាន ជាដើម ការងារងាយៗប៉ុនហ្នឹងក៏លោកប្តី “ចាត់ការ” បានដែរ។

7 . ឱ្យលោកប្តីជួយបញ្ជូនសញ្ញាដាស់តឿនប្រាប់ ពេលជិតដល់ថ្ងៃកំណត់ចាក់វ៉ាក់សាំង ឬកំណត់ការសំខាន់ៗក៏បាន ដើម្បីកុំឱ្យម៉ែប្រពន្ធភ្លេច។

8 . លោកប្តីអាចនឹងប្រើហេតុផល និងគ្រប់គ្រងអារម្មណ៍បានល្អជាង ដូច្នេះ ពេលដែលកូនធ្វើអ្វីមួយហើយត្រូវយើងជំទាស់ អត់មិនបានចង់តែច្រឡោតនោះ ម៉ែប្រពន្ធអាចនឹងបញ្ជូនការងារហ្នឹងតទៅឱ្យលោកប្តីជួយមើលថែទាំកូនជំនួសបណ្តោះអាសន្ន ក៏ជាការកែខៃបញ្ហាបានល្អមួយដែរ។

រឿងមួយទៀតដែលលោកប្តីអាចនឹងជួយម៉ែប្រពន្ធបានល្អដែរនោះគឺ ការនិយាយផ្តល់កម្លាំងចិត្ត ដូចជា “ថ្ងៃនេះអូននឿយទេ ចង់ឱ្យបងជួយធ្វើអ្វីខ្លះអត់?” ត្រឹមតែប៉ុនហ្នឹង ម៉ែប្រពន្ធក៏រំភើបចិត្ត និងបាត់នឿយហត់ពីការមើលថែទាំកូនពេញមួយថ្ងៃនោះទៅហើយ៕

Advertisement