វិន័យរបស់កូនដែលឪពុកម្តាយអាចចាត់ការបានតាំងពីនៅតូច

ក្មេងនាយុគសម័យថ្មីនេះច្រើនតែមិនសូវស្តាប់បង្គាប់ឪពុកម្តាយប៉ុន្មានឡើយ ដោយសារតែភាពឌឺរឹង និងភាពរពឹសរបស់គេខ្លួនឯងមួយផ្នែកដែរ តាមរយៈទង្វើការធ្វើត្រាប់តាមបែបផ្សេងៗទាំងពីសង្គមជុំវិញខ្លួន ទូរទស្សន៍ ឬពីមិត្តភ័ក្តិ ដែលបើសិនជាឪពុកម្តាយចេះតែបណ្តោយឱ្យកូនតូចខ្វះខាតរបៀបវិន័យរហូតទៅនោះ ក៏ច្បាស់ជានឹងរឹតតែក្លាយទៅជាការបណ្តុះបណ្តាលឱ្យគេប្រមូលសន្សំទម្លាប់និស្ស័យដែលមិនល្អនេះរហូតក្លាយជាក្មេងច្រងេងច្រងាង ក្លាយជាបញ្ហារបស់សង្គមតទៅថ្ងៃមុខដែលសុទ្ធតែជាផលអាក្រក់ដល់ឪពុកម្តាយ និងរូបគេខ្លួនឯងដោយត្រង់នាពេលអានាគតទាំងអស់។

និងបើសិនជារឹតតែបានទទួលការចិញ្ចឹមមើលថែបែបបណ្តោយតាមចិត្តពីឪពុកម្តាយផងនោះ ក៏នឹងរឹតតែធ្វើឱ្យកើតបញ្ហាក្នុងការរស់នៅរួមក្នុងសង្គម ដោយសារតែខ្លួនឯងមិនអាចប្រតិបត្តិតាមរបៀបវិន័យរបស់សង្គមបាន។ ក្មេងទាំងនេះច្រើនតែមិនសូវមានមិត្តភ័ក្តិ ចូលចិត្តនៅតែម្នាក់ឯង ឬច្រើនតែជាមនុស្សដែលត្រូវមិត្តភ័ក្តិធ្វើបាប ដូច្នេះហើយ ពាក្យណែនាំ និងដំបូន្មានខាងក្រោមនេះ នឹងជួយលោកអ្នកឱ្យសាងរបៀបវិន័យមូលដ្ឋានដល់កូនបាន ដែលវានឹងធ្វើឱ្យគេរស់នៅរួមជាមួយមនុស្សក្នុងសង្គមនៅពេលធំធាត់ឡើងបានល្អប្រសើរឡើងមិនខាន។

វិធីសាងរបៀបវិន័យដល់កូន

1 . ដាស់តឿនប្រាប់ដោយពាក្យសម្តី

ពាក្យសម្តីអាចរាប់បានថាជាគ្រឿងដាស់តឿនចិត្តដំបូងគេដែលយើងអាចប្រាប់កូនបានយ៉ាងងាយៗខ្លាំងបំផុត តែត្រូវប្រើពាក្យសម្តីដែលទន់ភ្លន់ ចិត្តត្រជាក់ មិនស្តីបន្ទោសថាឱ្យគេខ្លាំងៗ គេក៏នឹងកើតក្តីទន់ភ្លន់ និងស្តាប់បង្គាប់យើងមិនខាន។

2 . ធ្វើជាគំរូដ៏ល្អដល់កូន

ព្រោះឪពុកម្តាយគឺគ្រូដំបូងគេ មានន័យថា ទង្វើរបស់ឪពុកម្តាយជាឧទាហរណ៍ដែលល្អបំផុតរបស់កូន ដូច្នេះទើបយើងត្រូវធ្វើគំរូដែលល្អជាមួយកូន ត្រូវយកចិត្តទុកដាក់នឹងរបៀបវិន័យរបស់ខ្លួនឯងដូចជា ទុកដាក់របស់របរឱ្យត្រូវកន្លែង បើក-បិទភ្លើង ឬទូរទស្សន៍ឱ្យមានពេលមានវេលា ដើម្បីឱ្យកូនតូចមើលឃើញគំរូល្អៗ និងប្រតិបត្តិតាមបានយ៉ាងងាយស្រួល។

3 . ការទិតៀន

យើងគួរតែទិតៀនចំពោះតែទង្វើណាដែលមិនត្រឹមត្រូវ ទិតៀនយ៉ាងមានហេតុ មានផល មិនពាក់ព័ន្ធវែងឆ្ងាយដោយយករឿងដទៃមកពាក់ព័ន្ធ ឬម៉ៅរួមថា គេជាក្មេងដែលមិនល្អនោះឡើយ។

4 . មិនគួរសម្លុតកូនឱ្យខ្លាច

បើយើងប្រើការសម្លុតជាប្រចាំនោះ ក៏នឹងធ្វើឱ្យក្មេងមានទស្សនគតិក្នុងន័យអវិជ្ជមានចំពោះយើងកាន់តែខ្លាំងឡើង ដូច្នេះគួរផ្តល់ភាពសំខាន់ទៅលើការបង្ហាត់បង្រៀនពីរបៀបវិន័យដល់កូនយ៉ាងសន្សឹមៗ និងជាប់លាប់វិញប្រសើរជាង។ មិនគួរសម្លុតដោយពាក្យសម្តីដែលធ្ងន់ធ្ងរ អាក្រក់ស្តាប់ ដើម្បីឱ្យកូនមានអារម្មណ៍ភ័យខ្លាចនោះទេ ព្រោះវានឹងក្លាយជាចំណុចខ្សោយដែលបង្កប់នៅក្នុងជម្រៅចិត្ហគេហ្នឹងឯង។

5 . បង្កើនសុខភាពផ្លូវចិត្តបែបវិជ្ជមានដល់កូន

អាចនឹងរកអ្វីដែលជាកម្លាំងជំរុញចិត្តដល់កូន ដូចជា ឱ្យអ្វីតបស្នងទៅវិញបើកូនប្រតិបត្តិតាមរបៀបវិន័យបានល្អគ្រប់មួយអាទិត្យ ឬគ្រប់មួយខែ អាចនឹងនាំទៅដើរលេង ឬទិញរបស់លេងឱ្យជារង្វាន់ក៏បាន។

6 . បង្រៀនអំពីតិចនិកក្នុងការចាត់ការខ្លួនឯងដល់កូន

ពោលគឺ នៅពេលមានអារម្មណ៍ធុញថប់តានតឹង ឬក្រោធខឹង ក៏ណែនាំឱ្យកូននៅម្នាក់ឯងស្ងាត់ៗ ស្ងប់សតិអារម្មណ៍ដើម្បីឱ្យចិត្តត្រជាក់ទៅវិញដោយខ្លួនឯង ឬក៏រកបទចម្រៀងស្តាប់ មើលទូរទស្សន៍ដើម្បីបន្ធូរអារម្មណ៍មួហ្មងទាំងនោះឱ្យល្អឡើង។ នៅពេលអ្នកបង្ហាត់កូនបានបែបនេះ ក៏នឹងធ្វើឱ្យកូនធំធាត់ឡើងមកព្រមជាមួយវិធីគ្រប់គ្រងចាត់ការអារម្មណ៍ខ្លួនឯងបានយ៉ាងល្អ និងធ្វើឱ្យគេរស់នៅរួមជាមួយសង្គមជាមួយអ្នកដទៃបានយ៉ាងគ្មានបញ្ហាទៀតផង។

ការបង្ហាត់បង្រៀនវិន័យទាំងនេះដល់កូន នឹងមានផលជោគជ័យច្រើនក៏នៅពេលណាដែលវាកើតឡើងយ៉ាងជាប់លាប់ មិនខ្វះចន្លោះ ប្រៀបដូចជាការធ្វើការងារអ៊ីចឹងដែរ បើមិនឈប់ធ្វើការងារទេ ក៏នឹងកើតមានប្រសិទ្ធភាពយ៉ាងច្រើនមិនខាន បើសិនមានលើកលែង ឬការអនុលោម ឬឪពុកម្តាយនឿយហត់ ព្រងើយកន្តើយចំពោះទង្វើកូនវិញនោះ វានឹងលែងធ្វើឱ្យវិន័យក្លាយជាវិន័យទៀត​​​ហើយ ហើយកូនរបស់យើងក៏នឹងគ្មានផ្លូវមានរបៀបវិន័យយ៉ាងពិតប្រាកដ ដូច្នេះចូរឧស្សាហ៍បង្កើនឧបនិស្ស័យនេះដល់កូនតាំងពីគេនៅតូចៗប្រសើរជាង ព្រោះបើមានឈ្មោះថា ឈើខ្ចីហើយនោះ ពិតជាងាយស្រួលពត់ជាងឈើចាស់ប្រាកដណាស់៕

Advertisement