ត្រូវធ្វើតាំងពីក្មេង! 5 វិធីបង្កើនក្តីមោទនភាពដល់កូន

នៅពេលត្រូវទទួលតួនាទីជាឪពុកម្តាយ ឬអាណាព្យាបាល ក្រៅពីការចិញ្ចឹមមើលថែទាំដ៏ស័ក្តិសមល្អហើយនោះ ការបង្កើនក្តីមោទនភាពដល់កូនចៅក៏ជារឿងមួយសំខាន់មិនតិចតួចឡើយ។

ក្តីមោទនភាពលើខ្លួនឯង ( Self-esteem ) ជារឿងសំខាន់ក្នុងការរស់នៅ និងជារឿងដែលត្រូវតែសាងបណ្តើរៗតាំងពីក្មេងៗ។ ក្មេងដែលមានមោទនភាពលើខ្លួន នឹងក្លាយជាក្មេងដែលមានភាពជឿជាក់ក្នុងចិត្ត អាចដោះស្រាយបញ្ហា មានភាពអត់ទ្រាំចំពោះសម្ពាធផ្សេងៗ និងជម្លោះទាំងឡាយបានយ៉ាងល្អ និងជាមនុស្សដែលសម្លឹងពិភពលោកក្នុងន័យវិជ្ជមាន។

ក្តីមោទនភាពលើខ្លួនឯងត្រូវចាប់ផ្តើមតាំងពីអាយុខួបឆ្នាំដំបូង ក្មេងនឹងមានអារម្មណ៍ថា “ខ្លួនឯងធ្វើបាន” បន្ទាប់ពីព្យាយាមមកជាច្រើនដងរហូតទទួលបានជោគជ័យ និបបង្រៀនខ្លួនឯងថា “យើងធ្វើបាន បើយើងព្យាយាម”។

ចំណែកឯតួនាទីរបស់ឪពុកម្តាយ និងអាណាព្យាបាលក្នុងការបង្កើនក្តីមោទនភាពដល់កូនៗនោះមានដូចតទៅ ៖

1 . ចាប់តាំងពីកើតដំបូង ជាពិសេសក្នុងអំឡុងខួបឆ្នាំដំបូង ឪពុកម្តាយគួរផ្តល់ពេលវេលា សេចក្តីស្រឡាញ់ ភាពកក់ក្តៅ ភាពជិតដិតស្និទ្ធស្នាល ដូចជា ឱ្យបៅទឹកដោះនៅពេលកូនឃ្លាន លួងលោមនៅពេលកូនមួម៉ៅ ឬមិនស្រួលខ្លួន លេងជាមួយនៅពេលកូនត្រូវការ ទាំងអស់នេះជួយឱ្យក្មេងមានអារម្មណ៍ល្អជាមួយខ្លួនឯងដែលបានទទួលការតបស្នង ឬបានទទួលសេចក្តីស្រឡាញ់ពីអ្នកដទៃ។

2 . វ័យ 1 – 3 ខួប ក្មេងចាប់ផ្តើមហ្វឹកហាត់ និងត្រូវការធ្វើអ្វីម្យ៉ាងដោយខ្លួនឯងហើយ ឪពុកម្តាយគួរផ្តល់ឱកាសឱ្យកូនបានចាប់ផ្តើមធ្វើដោយខ្លួនឯង ព្រោះនៅពេលធ្វើបានសម្រេច គេនឹងកើតភាពជឿជាក់លើខ្លួនឯង មោទនភាពលើខ្លួនឯង និងមើលមកខ្លួនឯងថាជាមនុស្សមានសមត្ថភាព។

3 . វ័យមត្តេយ្យ និងវ័យរៀន ឪពុកម្តាយគួរប្រគល់ការងារងាយៗដែលស័ក្តិសមនឹងវ័យ ឱ្យក្មេងធ្វើដោយខ្លួនឯង ឬឱ្យក្មេងមានការងារល្អៗ ដូចជា មានទឹកចិត្តចែករំលែក និងធ្វើការរួមជាមួយអ្នកដទៃ ជាដើម។

4 . ការទំនាក់ទំនង និងបរិយាកាសដែលល្អក្នុងគ្រួសារសំខាន់សម្រាប់កុមារគ្រប់វ័យ ឪពុកម្តាយគួរសម្តែងអាកប្បកិរិយា ឬផ្តល់នូវពាក្យកោតសរសើយ៉ាងល្មមសមរម្យនៅពេលក្មេងធ្វើរឿងដែលល្អ។ តែបើកូនធ្វើរឿងដែលមិនល្អ គួរតែណែនាំចង្អុលបង្ហាញ និងផ្តល់កម្លាំងចិត្តយ៉ាងល្អប្រសើរ គួរចៀសវាងការទិតៀនតវ៉ាក្មេងដដែលៗ ព្រោះនឹងធ្វើឱ្យគេមើលមកខ្លួនឯងថាមិនល្អរហូតលែងមានកម្លាំងជំរុញចិត្ត។

5 . ចុងក្រោយ គឺការធ្វើជាគំរូល្អដល់ក្មេងៗ។ ក្នុងខណៈដែលឪពុកម្តាយកោតសរសើ មើលឃើញចំណុចល្អរបស់កូន ឬរបស់អ្នកដទៃនោះ ក្មេងៗនឹងរៀនយល់ដឹងជាបណ្តើរៗ ជ្រួតជ្រាបពីការមើលឃើញគុណតម្លៃរបស់អ្នកដទៃដែរ។ ផ្ទុយទៅវិញ ក្មេងដែលខ្វះភាពជឿជាក់ក្នុងចិត្ត និងក្តីមោទនភាពលើខ្លួនឯង ច្រើនតែជាមនុស្សដែលវិតក្កកង្វល់ កើតមានភាពថុញថប់តានតឹងចំពោះបញ្ហាផ្សេងៗ មិនអាចដោះស្រាយបញ្ហាបាន ក្មេងទាំងនេះច្រើនតែមានគំនិតពាក់ព័ន្ធនឹងខ្លួនឯងថា “យើងជាមនុស្សមិនពូកែ” ឬ “យើងមិនដែលធ្វើអ្វីត្រូវឡើយ” ធ្វើឱ្យក្លាយជាក្មេងដែលស្ងាត់ស្ងៀម មិនសូវមានមិត្តភ័ក្តិ ឬអាចដល់ថ្នាក់ក្លាយជាក្មេងមានសម្ពាធក្នុងចិត្តបានទៀតផង។

សម្រាប់ក្មេងក្រុមខ្លះ ចាំបាច់ត្រូវតែបានទទួលការអភិវឌ្ឍដើម្បីឱ្យចម្រើនធំធាត់ទាំងរាងកាយ និងផ្លូវចិត្ត តែបើហួសពីសមត្ថភាពរបស់អាណាព្យាបាលនោះ ក៏គួរតែនាំកូនទៅជួបនឹងគ្រូពេទ្យចិត្តសាស្រ្តកុមារ ដើម្បីគ្រូពេទ្យ នឹងរួមគ្នាជាមួយក្រុមគ្រួសាររិះរកផ្លូវកែខៃដែលស័ក្តិសម ឱ្យក្មេងសម្លឹងមើលពិភពលោកក្នុងន័យវិជ្ជមានតាមសភាពការពិត ស្គាល់ និងយល់ពីខ្លួនឯង ស្រឡាញ់ និងមានមោទនភាពលើខ្លួនឯងកាន់តែខ្លាំងឡើង៕

Advertisement