នៅពេលកូនតូចឈានចូលខែទី 6

លក្ខណៈរបស់កូនតូចពេលចូលដល់ខែទី 6

មកដល់ខែនេះ អ្នកម្ដាយអាចសង្កេតឃើញថា ទឹកដោះរបស់ខ្លួនដែលធ្លាប់តែបំបៅកូនគ្រប់គ្រាន់នោះ បែរជាតិចទៅៗ។ ក្នុងអំឡុងខែនេះអ្នកម្ដាយអាចឱ្យកូនមឹមទឹកដោះគោឆុងបាន តែក្មេងដែលធ្លាប់បៅដោះម្ដាយមករហូតនោះអាចនឹងមិនព្រមបៅទឹកដោះគោពីដប ដូច្នេះសាកល្បងដាក់ក្នុងពែងឱ្យញ៉ាំក៏បាន ដោយស្មានបរិមាណទឹកដោះគោតាមរយៈអត្រាកើនឡើងរបស់ទម្ងន់ខ្លួន។ កូន 6 ខែទម្ងន់នឹងកើនឡើងជាមធ្យមមួយថ្ងៃប្រមាណជា 15 ក្រាម បើក្នុង 10 ថ្ងៃទម្ងន់កើនឡើងត្រឹមតែ 120 – 130 ក្រាម។ សាកល្បងបន្ថែមទឹកដោះគោឱ្យទៀតមួយថ្ងៃ 2 ដប គួរឱ្យមឹមក្រោយពេលញ៉ាំអាហារបន្ថែម។ បើមិនព្រមបៅទឹកដោះគោ សាកល្បងឱ្យបៅទឹកសណ្ដែកលឿង និងបង្កើនបរិមាណអាហារបន្ថែម ដើម្បីឱ្យអាហារគ្រប់គ្រាន់ទៅនឹងតម្រូវការរបស់រាងកាយ។

ក្មេងណាដែលធ្លាប់តែក្អួតចេញមកវិញក្រោយពេលបៅរួច មកដល់ខែនេះអាការនេះនឹងបាត់លែងមានហើយ។

ដល់ពេលចាប់ផ្ដើមអាហារបន្ថែមហើយ

គួរចាប់ផ្ដើមឱ្យញ៉ាំនៅពេលដែលកូនបង្ហាញកាយវិការថាចង់ញ៉ាំ ដូចជា លូកដៃមកស្រវាចាប់ស្លាបព្រា កម្រើកមាត់ឮសូរជុបចាប់ ជាដើម។ បើកូននៅមិនទាន់ដល់ពេលចង់ ទោះជាបញ្ចុក ក៏តែងតែប្រើអណ្ដាតទល់រុញចេញមកវិញដែរ និងមិនគួរបង្កើនបរិមាណអាហារបន្ថែមលឿនពេកទេ។ បើក្នុង 10 ថ្ងៃទម្ងន់ខ្លួនកើន 300 ក្រាមឡើងទៅ បង្ហាញថា កូនញ៉ាំអាហារច្រើនពេកហើយ និងមិនគួរបង្ខំឱ្យកូនញ៉ាំអាហារដែលមិនចូលចិត្តនោះទេ។ ចំណែកមូលហេតុដែលត្រូវឱ្យញ៉ាំអាហារបន្ថែមគឺ ទឹកដោះម្ដាយមានសារធាតុដែកកាន់តែតិចទៅ និងវិធីការពារជំងឺឈាមស្លេកដោយសារខ្វះសារធាតុដែកគឺ ញ៉ាំអាហារបន្ថែមដោយចាប់ផ្ដើមពីបបរកិនម៉ដ្ឋនៅពេលអាយុ 6 ខែ ហើយផ្លាស់ទៅជាបបរធម្មតានៅពេលអាយុ 7 – 8 ខែ និងបាយដូចមនុស្សធំនៅពេលអាយុបាន 1 ឆ្នាំ។

គោលការណ៍សំខាន់ក្នុងការឱ្យញ៉ាំអាហារបន្ថែម

– ឱ្យញ៉ាំអាហារណាដែលកូនចូលចិត្តដោយមិនបង្ខំ។ អាយុ 6 ខែ គួរឱ្យមួយថ្ងៃ 1 ពេល លើកលែងតែបៅទឹកដោះម្ដាយមិនគ្រប់គ្រាន់ និងមិនព្រមបៅទឹកដោះគោ។

– ឱ្យញ៉ាំមុនពេលបៅ និងមិនចាំបាច់ឱ្យញ៉ាំនៅពេលព្រឹកជានិច្ចនោះទេ ដូចជាចាប់ផ្ដើមពីម៉ោង 10ៈ00 ជាដើម ព្រោះបើសិនកើតអាការរាករូសដោយសារអាហារមិនស្អាត នឹងបាននាំទៅពេទ្យបានងាយស្រួលជាងនៅពេលល្ងាច។

– ចាប់ផ្ដើមពី 1 – 2 ស្លាបព្រាកាហ្វេ បើមិនចូលចិត្តស៊ុនមាន់ស្ងោរ សាកល្បងធ្វើជាទឹកសម្លស្ងោរពងមាន់ក៏បាន។

– ពេលញ៉ាំបបរកិនជាមួយស៊ុតបានពូកែហើយ ចាប់ផ្ដើមឱ្យញ៉ាំបន្លែកិន ដោយចាប់ផ្ដើមពី ល្ពៅស្ងោរកិន ដំឡូងបារាំងស្ងោរកិន និងការ៉ុតស្ងោរកិនជាដើម។

– ប្រកាន់យកភាពងាយស្រួល គឺមិនធ្វើអាហារសម្រាប់តែកូនតូចជាពិសេសទេ តែជ្រើសរើសយកពីអាហារដែលធ្វើឱ្យមនុស្សធំញ៉ាំ និងបែងឱ្យកូនតូចញ៉ាំ។

– បើបានទទួលទឹកម្ដាយមិនគ្រប់គ្រាន់ និងមិនព្រមបៅទឹកដោះគោ ហើយទម្ងន់ខ្លួនកើនឡើងតិចជាងមួយថ្ងៃ 10 ក្រាម គួរជ្រើសរើសអាហារដែលមានកាឡូរីខ្ពស់ ដូចជា ស៊ុតក្រហម ថ្លើមស្ងោរកិន សាច់ស្ងោរកិន សាច់ត្រី និងសាច់មាន់។ល។

– អាហាររបស់មនុស្សធំដែលកូនតូចក្នុងវ័យនេះអាចញ៉ាំបានគឺ អាហារស៊ុតទាំងឡាយ សម្លស្ងោរធម្មតាទូទៅ និងស៊ុបផ្សេងៗ តៅហ៊ូ សាច់ត្រី សាច់គោ សាច់ជ្រូក សាច់មាន់ស្ងោរផុយ និងបន្លែស្ងោរជាដើម។

អាការដែលអាចកើតឡើង

– រាករូស

កូនអាចបន្ទោបង់មករាវ ព្រោះមានមេរោគបាក់តេរី ឬមេរោគវីរុសដោយសារអាហារមិនស្អាតគ្រប់គ្រាន់។ ពេលកូនរាក ក៏អាចមានក្ដៅខ្លួន អារម្មណ៍មិនល្អ មិនព្រមបៅទឹកដោះ និងក្អួតជាដើម។ បើរាកដោយសារអាហារមិនស្អាតគ្រប់គ្រាន់ គួរធ្វើឱ្យបានស្អាត មានអនាម័យ ឬបើកូនមិនដែលបានទទួលអាហារបែបនោះពីមុន នៅពេលញ៉ាំហើយរាក ចូរបញ្ឈប់អាហារនោះ រហូតដល់ពេលបាត់រាក សឹមឱ្យញ៉ាំជាថ្មីដោយបន្ថយបរិមាណអាហារចុះឱ្យនៅសល់ពាក់កណ្ដាល។ តែបើនៅតែរាកមិនបាត់ ចូរប្រញាប់នាំកូនតូចទៅមន្ទីរពេទ្យ។

– ក្អកញឹកញាប់

នៅពេលអាការប្រែប្រួល កូនអាចមានអាការក្អក បើក្អកនៅពេលព្រលប់ អាចមានក្អួតទៀតផង បើវាស់សីតុណ្ហភាពហើយឃើញមិនមានក្ដៅខ្លួន កូនមិនយំរករឿង នៅលេងធម្មតា នៅបៅទឹកដោះបានធម្មតានោះបញ្ជាក់ថាកូនតូចមិនមានកើតអ្វីធ្ងន់ធ្ងរទេ។ អំឡុងពេលដែលកូនក្អកគួរចៀសវាងការងូតក្នុងពេលដែលមានធាតុអាកាសត្រជាក់ ព្រោះនឹងធ្វើឱ្យកើតស្លេស្ម៍ឡើងច្រើន។ គួរងូតទឹកឱ្យកូននៅពេលរសៀលៗ និងនាំកូនចេញទៅសំដិលថ្ងៃនៅខាងក្រៅផ្ទះដោយមិនបាច់ស្លៀកសម្លៀកបំពាក់ក្រាស់ឱ្យទេដើម្បីឱ្យសុខភាពស្បែករបស់កូនបានរឹងប៉ឹង។

-យំរករឿងនៅពេលយប់

មានមិនតិចទេដែលក្នុងមួយយប់ៗកូនភ្ញាក់យ៉ាងតិច 2 – 3 ដងនោះ។ មានក្មេងតិចណាស់ដែលស្រែកយំរំខានព្រោះឃ្លាន ដូច្នេះគួរបន្ថែមបរិមាណទឹកដោះគោឱ្យច្រើនឡើង ឬបន្ថែមពេលបៅនៅពេលយប់មួយពេលទៀតក៏បាន។

– កើតបូសនៅលើក្បាល

ក្មេងដែលស្បែកក្បាលរលាកក្លាយ ពេលអេះយូរទៅនឹងដាច់រលាត់ និងមានមេរោគចូលក្លាយជាបូស។ ក្មេងខ្លះអាចកើតពេញក្បាល និងច្រើនតែមានគ្រុនក្ដៅខ្លួនរួមជាមួយផង ហើយយំរករឿងរំខាន ដូច្នេះត្រូវការពារទុកជាមុនដោយការកាត់ក្រចកដៃកូនឱ្យខ្លីជាប់ជានិច្ច ឧស្សាហ៍ប្ដូរស្រោមខ្នើយ និងគួរប្រញាប់ព្យាបាលឱ្យឆាប់ជា។

វិវឌ្ឍនាការរបស់កូនតូច

. រាងកាយ

-ក្រឡាប់បានកាន់តែចំណានឡើង និងចាប់ផ្ដើមចេះលូនទៅខាងមុខ ឬមកក្រោយបានខ្លះហើយ។

– ចេះអង្គុយទប់លំនឹងខ្លួនបានល្អ និងបានយូរហើយ តែត្រូវមានអ្វីមកទល់ទប់ពីក្រោយ ព្រោះអាចនឹងផ្ងារក្រោយបានយ៉ាងងាយ។

– អាចកាន់ដបទឹកដោះគោបាន ចាប់របស់លេងបាន និងដូរពីដៃម្ខាងទៅដៃម្ខាងបានយ៉ាងស្រួល។

– ចេះបញ្ចេញសំឡេងបានច្រើនបែបហើយ ដោយចាប់ផ្ដើមបញ្ចេញសំឡេងដែលមានតួព្យញ្ជនៈ។

– ស្រវាចាប់អ្វីមួយបានចំៗ ហើយចេះលែងឱ្យធ្លាក់ទៅវិញបាន។

– ពេលគេងផ្ងារចូលចិត្តយកដៃចាប់ជើងលេង ឬយកជើងមកបៀម។

– ក្មេងខ្លះអាចនឹងចាប់ផ្ដើមមានដុះធ្មេញឡើងមក ឬមានអាការរមាស់អញ្ចាញធ្មេញខ្លះហើយ។

សង្គមជុំវិញខ្លួន

– ចេះធ្វើត្រាប់តាមឥរិយាបថ ឬទឹកមុខរបស់មនុស្សជុំវិញខ្លួន។

– ចេះញែកថា នរណាជាមនុស្សចាស់ ឬនរណាជាកូនក្មេង។

– បញ្ចេញសំឡេងស្រែកនៅពេលត្រូវការជំនួយ តែជាការបញ្ចេញសំឡេងស្រែកបែបមានន័យ។

– ចូលចិត្តលេងជាមួយអ្នកដទៃច្រើនឡើង។

– ចូលចិត្តឈោងដៃទៅចាប់មុខក្មេងៗដូចគ្នា។

លេងជាមួយកូនញឹកញាប់

កូនតូចក្នុងវ័យនេះមានការចាប់អារម្មណ៍លើអ្វីជុំវិញខ្លួនច្រើន ដូច្នេះនៅថ្ងៃណាដែលធាតុអាកាសល្អ អ្នកម្ដាយសាកល្បងរកកន្លែងណាមួយនៅខាងមុខផ្ទះ ឬនៅលើវាលស្មៅ ក្រាលកន្ទេល ហើយដាក់កូនតូចឱ្យគេងផ្កាប់លេង មើលដើមឈើ ស្លឹកស្មៅ ឬមនុស្សដែលដើរទៅមកនៅមុខផ្ទះ។ កូននឹងមានអារម្មណ៍សប្បាយរីករាយ និងព្យាយាមរំកិលខ្លួនទៅខាងមុខ ដូចជាការហាត់ប្រាណម្យ៉ាងដែរ តែបើកូនតូចរបស់អ្នកជាក្មេងដែលមិនសូវកម្រើក គួរបង្ហាត់ឱ្យធ្វើកាយវិការតាមរយៈការលេងជាមួយកូនខ្លះផង។

ក្នុងវ័យនេះ នៅពេលកូនចាប់ផ្ដើមចេះធ្វើចលនាបានច្រើនឡើង ឧប្បត្តិហេតុក៏ងាយនឹងកើតឡើងដែរ ជាពិសេសការធ្លាក់ពីលើគ្រែ និងត្រូវប្រយ័ត្នមិនឱ្យមានវត្ថុគ្រោះថ្នាក់ណាមួយនៅក្បែរខ្លួនឱ្យសោះពេលដាក់កូននៅលើកម្រាលឥដ្ឋ មិនថាគេងលក់ ឬភ្ញាក់នោះឡើយ។ ត្រូវប្រមូលទុកដាក់របស់របរជុំវិញខ្លួនឱ្យអស់ ជាពិសេសរបស់គ្រោះថ្នាក់ដូចជា បារី កន្ទុយបារី ឈើគូស ខ្សែក្រវាត់ ម្ជុល ផ្លែឡាម ថ្នាំគ្រាប់ ឡេវអាវ កាក់ ធុងទឹកក្ដៅ ប្រអប់ធូបមូស និងរបស់លេងក៏មិនគួរជារបស់ដែលមានជ្រុងស្រួចៗ ឬផ្លាស្ទិកស្រួយៗដែលងាយបែកបាក់នោះដែរ ទាំងអស់នេះគឺសុទ្ធតែដើម្បីសុវត្ថិភាពរបស់កូនសម្លាញ់ក្នុងវ៍យនេះ៕

Advertisement