រឿងគួរដឹង! ញ៉ាំថ្នាំពន្យារកំណើតហើយ តែវដ្តរដូវបាត់មិនឃើញមក…មូលហេតុមកពីអ្វី?

ការញ៉ាំថ្នាំពន្យារកំណើតពិតជាជួយការពារការតាំងគភ៌បានល្អជានិច្ច តែឱកាសក្នុងការប្រថុយមានផ្ទៃពោះក៏មានដូចគ្នា បើសិនជានារីៗញ៉ាំបែបខុសៗ ឬញ៉ាំមិនបានជាប់លាប់ តែយ៉ាងណាក៏ដោយ សម្រាប់អ្នកណាដែលញ៉ាំថ្នាំពន្យារកំណើតហើយនៅតែជួបនឹងបញ្ហាវដ្តរដូវមិនមក និងខ្លាចការមានគភ៌នោះ ថ្ងៃនេះយើងនាំគ្នាមកមើលថា តើមូលហេតុអ្វីដែលធ្វើឱ្យបាត់វដ្តរដូវខ្លះ ទោះជាញ៉ាំថ្នាំពន្យារកំណើតហើយក៏ដោយនោះ…។

ផលបន្ទាប់បន្សំពីការប្រើថ្នាំពន្យារកំណើត

ការញ៉ាំថ្នាំពន្យារកំណើតយីហោខ្លះក៏អាចបង្កឱ្យកើតផលបន្ទាប់បន្សំឡើងបានដែរ ដូចជា ធ្វើឱ្យវដ្តរដូវបាត់ប្រមាណជា 3 – 4ខែ ជាពិសេសចំពោះនារីៗដែលមានវដ្តរដូវធ្លាក់មកតិច ឬមកបែបមិនជាប់លាប់ជាញឹកញាប់ បើញ៉ាំថ្នាំពន្យាកំណើតហើយឃើញថាវដ្តរដូវមិនមក រហូតដល់ពិនិត្យមើលការតាំងគភ៌ហើយក៏ឃើញថាមិនបានតាំងគភ៌នោះ ក៏អាចប្រឹក្សាគ្រូពេទ្យដើម្បីរិះរកវិធីការពន្យារកំណើតបែបថ្មីដែលស័ក្តិសមនឹងរាងកាយរបស់អ្នកបានល្អបំផុត ឬអាចប្រឹក្សាជាមួយខាងឱសថការីដើម្បីរកថ្នាំពន្យាកំណើតប្រភេទថ្មីដែលស័ក្តិសមជាមួយរាងកាយខ្លាំងជាង។

ផលពីការប្រើថ្នាំប្រភេទខ្លះដែលប្រឆាំងការបញ្ចេញឬទ្ធិរបស់ថ្នាំពន្យារកំណើត

ការប្រើថ្នាំប្រភេទខ្លះដើម្បីព្យាបាលជំងឺផ្សេងៗដែលកើតចំពោះរាងកាយក៏អាចមានផលជាមួយការបញ្ចេញឬទ្ធិរបស់ថ្នាំពន្យារកំណើតបានដែរ ដូចជា ការញ៉ាំថ្នាំការពារប្រកាច់ ឬថ្នាំសម្រាប់ព្យាបាលរោគរបេង ជាដើម បើអ្នកញ៉ាំថ្នាំទាំងនេះដំណាលគ្នានឹងការញ៉ាំថ្នាំពន្យារកំណើតផងនោះ ក៏មានសញ្ញាដែលនឹងអាចទៅរួចបានដែរថា ឬទ្ធិពីថ្នាំពន្យារកំណើតនឹងថយប្រសិទ្ធភាពចុះ រហូតហុចផលឱ្យអ័រម៉ូនមានកម្រិតប្រែប្រួល មិនទៀងទាត់ និងអាចធ្វើឱ្យវដ្តរដូវបាត់មិនឃើញមក។ ក្រៅពីនេះ នារីៗនៅមានឱកាសប្រថុយប្រថាននឹងការមានគភ៌ខ្ពស់ទៀតផង ដូច្នេះ ឡារ៉ែន សូមណែនាំឱ្យរង់ចាំមើលប្រមាណជាមួយខែទៀតថា តើវដ្តរដូវមក ឬមិនមក? បើវដ្តរដូវនៅតែមិនមកក៏អាចទិញប្រដាប់ពិនិត្យការមានផ្ទៃពោះមកធ្វើតេស្តមើលបានហើយ។

ជាអំឡុងពេលដែលរាងកាយនឹងត្រូវសម្រួលអ័រម៉ូនឱ្យល្អឡើងវិញ

សម្រាប់នារីៗដែលទើបញ៉ាំថ្នាំពន្យារកំណើតថ្មីៗ ច្រើនតែមានអាការបាត់វដ្តរដូវដូចគ្នា ព្រោះរាងកាយរបស់ស្រ្តីខ្លះអាចចាំបាច់ត្រូវប្រើពេលវេលាក្នុងការសម្រួលអ័រម៉ូនឱ្យល្អស្រួលបួលឡើងវិញមួយរយៈ ដោយអាចប្រើពេលវេលាយូររហូតដល់អំឡុងពេលញ៉ាំថ្នាំពន្យារកំណើតបែបបន្តបន្ទាប់គ្នារហូតដល់បន្ទះទី 2 – 3 ឯណោះ។ តែយ៉ាងណាក៏ដោយ ក៏មិនបានមានន័យថាថ្នាំពន្យារកំណើតនឹងមិនត្រូវគ្នាជាមួយរាងកាយមនុស្សយើងនោះដែរ គ្រាន់តែដោយសារកម្រិតអ័រម៉ូនក្នុងរាងកាយទៅវិញទេដែលច្រើនតែមានការប្រែប្រួលនោះ ព្រោះដូច្នោះ បើប្រាកដច្បាស់ក្នុងចិត្តថា បានញ៉ាំថ្នាំពន្យារកំណើតយ៉ាងត្រឹមត្រូវហើយនោះ ក៏គួរតែបណ្តោយខ្លួនឱ្យសប្បាយៗ ដើម្បីរង់ចាំឱ្យរាងកាយធ្វើការសម្រួលកម្រិតអ័រម៉ូនឱ្យស្រួលឡើងវិញប្រមាណជា 2 – 3 ខែ តែបើក្រោយពីឆ្លងផុតរយះពេលនោះហើយ ឃើញថាវដ្តរដូវនៅតែមិនមកទៀត សឹមទៅប្រឹក្សាជាមួយគ្រូពេទ្យដើម្បីពិនិត្យរកមូលហេតុយ៉ាងច្បាស់លាស់ជាបន្ត។

ភាពថុញថប់តានតឹង

ពេលណាដែលយើងធុញថប់តានតឹឹង ច្បាស់ជាហុចផលដល់អារម្មណ៍ និងការផលិតអ័រម៉ូនដោយត្រង់មិនខាន ព្រោះក្តីធុញថប់តានតឹងនឹងធ្វើឱ្យការទម្លាក់ស៊ុត និងការមករបស់ប្រចាំខែខុសប្រក្រតីផងដែរ ទោះជាអ្នកបានញ៉ាំថ្នាំពន្យារកំណើតយ៉ាងទៀងទាត់ហើយក៏ដោយ។

ផលបន្ទាប់បន្សំពីការកើតជំងឺមួយចំនួន

ទោះជាញ៉ាំថ្នាំពន្យារកំណើតយ៉ាងត្រឹមត្រូវ និងជាប់លាប់ និងថែមទាំងត្រូវភាពធុញថប់តានតឹងវាយប្រហាររហូតវដ្តរដូវបាត់មិនឃើញមកហើយនោះ ផលប៉ះពាល់បន្ទាប់បន្សំពីការកើតជំងឺមួយចំនួនក៏ជាមូលហេតុធ្វើឱ្យបាត់វដ្តរដូវបានដូចគ្នាដែរ ដូចជា ជំងឺសាច់ដុះក្នុងក្រពេញក្រោមខួរក្បាល ថៃរ៉យដ៍ ជំងឺតានតឹងអារម្មណ៍ ជំងឺក្រលៀន ថង់ទឹកក្នុងសំបុកស៊ុត ឬជំងឺ Cysticfibrosis ព្រោះមានលទ្ធផលការសិក្សាស្រាវជ្រាវពី Michigan’s Health Center បានប្រាប់ថា អាការរបស់ជំងឺទាំងនេះអាចមានផលធ្វើឱ្យបាត់វដ្តរដូវ ព្រោះដូច្នេះ បើនារីៗឃើញថាវដ្តរដូវមិនមកអស់រយៈពេលដល់ទៅ 2 ខែ ឬយូរជាងនោះ ឡារ៉ែនសូមណែនាំឱ្យទៅជួបវេជ្ជបណ្ឌិតជំនាញដើម្បីពិនិត្យមើលរាងកាយដោយលម្អិតប្រសើរជាង។

ការញ៉ាំថ្នាំពន្យារកំណើតក៏កើតមានផលប៉ះពាល់បន្ទាប់បន្សំច្រើនយ៉ាងដែរ ចម្បងៗនោះគឺ វដ្តរដូវមកបែបចច្រេចច្រូចតិចៗ ឬបាត់មិនមកតែម្តង សម្រាប់នារីៗណាដែលមិនសូវសប្បាយចិត្ត បើសិនជាឃើញថាវដ្តរដូវបាត់មិនឃើញមករហូតដល់ខែទី 2 ឬច្រើនជាងនោះ និងបើធ្វើតេស្តពិនិត្យមើលហើយថា មិនបានតាំងគភ៌ទេនោះ ចូរប្រញាប់ទៅពិនិត្យរាងកាយនៅឯមន្ទីរពេទ្យឱ្យបានឆាប់បំផុត៕

Advertisement