ស្រ្តីមានគភ៌ បើមិនចង់ប្រថុយនឹងការប្រសូតមុនកំណត់ ត្រូវបញ្ឈប់ទង្វើ 6 យ៉ាងខាងក្រោមនេះ!

ការប្រសូតមុនពេលកំណត់ ក្រៅពីបណ្តាលមកពីភាពខុសប្រក្រតីរបស់ការតាំងគភ៌ហើយនោះ អាចជាលទ្ធផលមកពីទង្វើរបស់ស្រ្តីមានគភ៌ខ្លួនឯងផងដែរ ដោយសារតែទង្វើមួយចំនួនអាចហុចផលប៉ះពាល់ដល់ទារកក្នុងគភ៌រហូតធ្វើឱ្យមានភាពប្រថុយប្រថានក្នុងការប្រសូតមុនពេលកំណត់ហ្នឹងឯង ដូច្នេះ បើអ្នកមិនចង់ប្រសូតមុនកំណត់រហូតដល់ធ្វើឱ្យកូនតូចមានសុខភាពមិនល្អឥតខ្ចោះនោះ ចូរបញ្ឈប់ទង្វើ 6 យ៉ាងខាងក្រោមនេះជាបន្ទាន់។

1 . ញ៉ាំទឹកតិចជ្រុលពេក

ព្រោះការញ៉ាំទឹកតិចពេកនឹងធ្វើឱ្យស្រ្តីមានគភ៌មានអាការឈឺពោះប្រសូតមុនពេលកំណត់ និងហុចផលឱ្យស្រ្តីមានគភ៌មានអាការល្វើយអស់កម្លាំង ឆាប់ហត់ ដូច្នេះទើបត្រូវញ៉ាំទឹកឱ្យបានគ្រប់គ្រាន់ក្នុងមួយថ្ងៃៗ ជាពិសេសនៅថ្ងៃណាដែលមានញើសចេញមកច្រើន ស្រ្តីមានគភ៌គួរញ៉ាំទឹកឱ្យបានច្រើនជាងប្រក្រតី ដើម្បីបំពេញជាតិទឹកដែលបាត់បង់ទៅនោះ។

2 . ព្រងើយកន្តើយក្នុងការញ៉ាំវីតាមីនបន្ថែម

ក្នុងខណៈតាំងគភ៌ គ្រូពេទ្យនឹងឱ្យវីតាមីនបន្ថែមមក រួមទាំងថ្នាំបំប៉នលោហិតទៀតផង ដើម្បីថែបំប៉នទារកនៅក្នុងផ្ទៃ និងសុខភាពរបស់ស្រ្តីមានគភ៌ខ្លួនឯងឱ្យរឹងមាំ ហើយវីតាមីនទាំងនោះថែមទាំងជាជំនួយការដែលនឹងជួយឱ្យស្រ្តីមានគភ៌អាចពពោះកូនបានយូររហូតដល់គ្រប់កំណត់ ដូច្នេះទើបមិនគួរព្រងើយកន្តើយ ឬធ្វេសប្រហែសក្នុងការទទួលទានវីតាមីនបន្ថែមតាមវេជ្ជបញ្ជាជាដាច់ខាត៕

3 . បណ្តោយឱ្យទម្ងន់ខ្លួនធ្លាក់ចុះ ឬកើនឡើងជ្រុលពេក

ក្នុងអំឡុងពេលកំពុងតាំងគភ៌ ការមានទម្ងន់ខ្លួនតិច ឬច្រើនជ្រុលពេកសុទ្ធតែហុចផលដល់ភាពប្រថុយប្រថានក្នុងការប្រសូតមុនពេលកំណត់ទាំងអស់ ព្រោះដូច្នេះស្រ្តីមានគភ៌គួរតែគ្រប់គ្រងទម្ងន់ខ្លួនឱ្យស្ថិតក្នុងកម្រិតប្រក្រតី គឺកើនឡើងមុនពេលមានគភ៌ប្រមាណជា 11,5 – 15,8 គីឡូក្រាម ដែលក្រៅពីមិនធ្វើឱ្យប្រសូតមុនពេលកំណត់ហើយនោះ នៅជួយឱ្យទារកមានទម្ងន់ខ្លួនស្ថិតក្នុងកម្រិតប្រក្រតីល្អទៀតផង។

4 . មិនមើលថែទាំសុខភាពមាត់ធ្មេញ

ដឹងឬទេថា សុខភាពមាត់ធ្មេញ ជាពិសេសអញ្ចាញធ្មេញដែលល្អក៏មានផលដល់ការប្រសូតបុត្រតាមកំណត់បានដែរ នោះក៏ព្រោះថា នៅពេលដែលស្រ្តីមានគភ៌មានបញ្ហារលាកសាច់អញ្ចាញធ្មេញ វានឹងទៅជំរុញឱ្យស្បូនបង្រួញខ្លួន និងអាចប្រសូតមុនពេលកំណត់បានហ្នឹងឯង ដូច្នេះទើបត្រូវមើលថែទាំសុខភាពអញ្ចាញធ្មេញឱ្យល្អជាប់ជានិច្ច រួមទាំងសុខភាពមាត់ធ្មេញផងដែរ។

5 . មានអារម្មណ៍តានតឹងធុញថប់

យល់ថា ភាពធុញថប់តានតឹងនេះវាពិបាកចៀសផុតណាស់ តែដោយសារភាពធុញថប់តានតឹងនេះឯង ដែលធ្វើឱ្យស្រ្តីមានគភ៌ភាគច្រើនត្រូវប្រសូតមុនពេលកំណត់ ដូច្នេះក្នុងអំឡុងពេលមានគភ៌ ស្រ្តីទាំងឡាយគួរតែកម្ចាត់អារម្មណ៍ធុញថប់តានតឹងចេញឱ្យអស់ ដោយសាកល្បងស្វែងរកកិច្ចការងារណាសប្បាយៗ បន្ធូរអារម្មណ៍មកធ្វើឱ្យបានញឹកញាប់ នោះភាពធុញថប់តានតឹងនឹងមិនកើតមានឡើយ។

6 . ទ្រាំទប់មិននោមញឹកញាប់ពេក

គឺជារឿងមួយដែលគេដឹងច្បាស់ទៅហើយថា ក្នុងអំឡុងពេលមានគភ៌ ស្រ្តីមានគភ៌នឹងឈឺបត់ជើងតូចញឹកញាប់ណាស់ ហើយដោយសារតែត្រូវធ្វើការងារ ទើបស្រ្តីមានគភ៌ច្រើនតែទប់ទ្រាំមិនទៅបញ្ចេញចោលជាញឹកញាប់ ព្រោះតែពិបាកក្នុងការទៅចូលបន្ទប់ទឹក តែដឹងទេថា ការទប់ទ្រាំមិនបត់ជើងតូចនេះឯង ជាមូលហេតុមួយរបស់ការប្រសូតមុនកំណត់ ព្រោះវានឹងធ្វើតួស្បូនច្របាច់ខ្លួនញឹកញាប់ឡើង និងថែមទាំងប្រថុយប្រថាននឹងសភាវរលាកប្លោកនោមទៀតផង ដូច្នេះ បើមិនចាំបាច់ទេ កុំខំទ្រាំទប់មិនទៅបញ្ចេញចោលជាដាច់ខាត។

មិនចង់ប្រថុយប្រថានក្នុងការប្រសូតមុនពេលកំណត់ដែលវានឹងធ្វើឱ្យកូនសម្លាញ់មានភាពមិនប្រក្រតីនោះ គួរតែបញ្ឈប់ទង្វើ 6 យ៉ាងខាងលើនោះជាបន្ទាន់ នោះធានាថា កូនតូចជាទីស្រឡាញ់របស់អ្នកនឹងប្រសូតចេញមកយ៉ាងល្អប្រក្រតីឥតខ្ចោះមិនខាន៕

Advertisement