វិធី​ធ្វើឱ្យ​ទារក​ទើបនឹង​កើត​ ឆាប់​ចំណាំ​មុខ​ឪពុកម្តាយ

តើ​ប្រិយមិត្ត​អ្នកអាន​ និង​ប្អូន​ៗដែល​ជា​អ្នកម្ដាយ​ថ្មោងថ្មី​ធ្លាប់​នឹក​ឆ្ងល់​ដែរ​ទេ​ថា​ តើ​ទារក​ដែល​ទើបនឹង​កើត​អាច​សម្លឹង​មើល​បាន​ឆ្ងាយ​ប៉ុនណា​? និង​តើ​ទារក​ចូលចិត្ត​សម្លឹង​មើល​អ្វី​ជាពិសេស​ដែរ​ឬទេ​? លេខ​នេះ​អ្នកគ្រូ​ ឆវី​ មាន​លទ្ធផល​នៃ​ការស្រាវជ្រាវ​វិភាគ​មួយ​ដែល​នឹង​បកស្រាយ​បញ្ជាក់​ប្រាប់​យើង​អំពី​ចម្ងល់​ទាំងអស់​ខាងលើ​នេះ​បាន​ដូចតទៅ​ ៖

បន្ទាប់ពី​ទារក​បាន​ប្រសូត​ចេញ​មក​ហើយ​ ជាប្រក្រតី​ទារក​អាច​សម្លឹងឃើញ​វត្ថុ​ផ្សេង​ៗបាន​ក្នុង​ចម្ងាយ​ 1ហ៊្វុ​ត(ប្រមាណ​ជា​កន្លះ​ម៉ែត្រ​) និង​អាច​សម្លឹង​មើល​មួយ​កន្លែង​បាន​យូរ​ប្រមាណ​ជា​ 4–10វិនាទី​ ហើយ​ការ​វិវឌ្ឍ​ទៅមុខ​នៃ​ការ​មើលឃើញ​របស់​ទារក​នោះ​អាច​រៀបរៀង​ជា​ដំណាក់កាល​បាន​ដូចតទៅ​ ៖ទារក​ទើបនឹង​កើត​អាច​ចំណាំ​មុខ​ឪពុក​ម្តាយ​បាន​ក្រោយពេល​កើត​ 4ថ្ងៃ​។លុះ​អាយុ​បាន1ខែ​ ទារក​អាច​មើលឃើញ​របស់​របរ​ផ្សេង​ៗបាន​ក្នុង​ចម្ងាយ​ 15អុីញ​(ប្រមាណ​ជិត​ 4តឹក​) ហើយ​ដៃ​ចាប់ផ្តើម​ឈោង​ទៅ​ប៉ះ​វត្ថុ​ដែល​ខ្លួន​មើលឃើញ​នោះ​។ពេល​ទារក​អាយុ​បាន3ខែ​ ចាប់ផ្តើម​ចេះ​បែងចែក​រយៈ​ចម្ងាយ​ ឆ្ងាយ​-ជិត​បាន​ ហើយ​ពេល​អាយុ4ខែ​ ទារក​អាច​សម្រួលការ​មើលឃើញ​របស់​ខ្លួន​បាន​យ៉ាង​ពេញលេញ​។

សំនួរ​ដែល​ជួបប្រទះ​ញឹកញាប់​ : តើ​ទារក​ចូលចិត្ត​សម្លឹង​មើល​អ្វី​ខ្លាំង​បំផុត​?
មាន​លទ្ធផល​នៃ​ការស្រាវជ្រាវ​វិភាគ​របស់​ Dr​. Robert​ Fantz​ អ្នកស្រាវជ្រាវ​ផ្នែកការ​ប្រព្រឹត្ត​របស់​ទារក​ដែល​បាន​សិក្សា​អំពី​រឿង​ថា​ តើ​ទារក​ចូលចិត្ត​សម្លឹង​មើល​អ្វី​ និង​បាន​ធ្វើការ​សាកល្បង​រហូត​ទទួល​បាន​លទ្ធផល​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​ដូចតទៅ​ ៖
1. ទារក​ ចូលចិត្ត​សម្លឹង​ផ្ទៃមុខ​របស់​ឪពុក​ម្តាយ​ដែល​បង្ហាញ​នូវ​សេចក្តី​ស្រឡាញ់​ ភាព​ទន់ភ្លន់​ ព្រោះ​ពេល​ដែល​ទារក​សម្លឹង​មើល​នោះ​ ទារក​នឹង​សម្លឹង​ត្រង់​ចំ​កែវភ្នែក​របស់​ឪពុក​ និង​ម្តាយ​ ព្រោះ​ស្នាមញញឹម​ និង​ខ្សែភ្នែក​ដ៏​ស្រទន់​របស់​ឪពុក​ម្តាយ​បាន​បង្កើត​នូវ​ភាព​កក់ក្តៅ​ដល់​ទារក​។
2. ទារក​ចូលចិត្ត​សម្លឹង​មើល​វត្ថុ​ដែល​មាន​ចលនា​ច្រើនជាង​វត្ថុ​ដែល​នៅ​ស្ងៀម​មួយ​កន្លែង​។
3. ទារក​ចូលចិត្ត​សម្លឹង​មើល​វត្ថុ​ដែល​មាន​ពណ៌​ផ្ទុយគ្នា​យ៉ាង​ច្បាស់​ៗ ដូចជា​ ពណ៌ស​ផ្ទុយគ្នា​នឹង​ពណ៌ខ្មៅ​ ជាដើម​។

តើ​យើង​អាច​ជួយ​ជំរុញ​ការ​វិវឌ្ឍ​ប្រព័ន្ធ​ការ​មើលឃើញ​របស់​កូនតូច​បាន​តាមរបៀប​ណា​?
តិច​និ​កងាយ​ៗដែល​ឪពុក​ម្តាយ​អាច​ជួយ​ជំរុញ​ការ​វិវឌ្ឍ​ការ​មើលឃើញ​របស់​កូន​បាន​ មាន​ដូច​ខាងក្រោម​ ៖
1. ព្យាយាម​មើល​មុខ​កូន​ឱ្យ​បាន​ញឹកញាប់​ ព្រោះ​កែវភ្នែក​របស់​មនុស្ស​មាន​រាង​មូល​ និង​មាន​ភាព​ផ្ទុយគ្នា​យ៉ាង​ច្បាស់​រវាង​ភ្នែក​ពណ៌ស​ និង​ប្រស្រីភ្នែក​ពណ៌ខ្មៅ​ ហើយ​អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​ កែវភ្នែក​អាច​រំកិល​ទៅ​ឆ្វេង​ ស្តាំ​ លើ​ក្រោម​បាន​ទៀតផង​។
2. ផ្លាស់ប្ដូរ​ឥរិយាបថ​ដំណេក​របស់​កូន​ ដើម្បី​ឱ្យ​ទារក​បាន​មើលឃើញ​សភាព​ជុំវិញ​ខ្លួន​ដែល​មានការ​ប្រែប្រួល​។
3. រក​រូបថត​មុខ​ឪពុក​ម្តាយ​មក​ដា​ក់​ក្បែរ​ៗកន្លែង​គេង​របស់​កូន​ ដើម្បី​ឱ្យ​កូន​បាន​មើលឃើញ​និង​ចំណាំ​មុខ​បាន​កាន់តែ​ឆាប់ឡើង​។
4. ព្យួរ​របស់​ផ្សេង​ៗដូចជា​ រូប​បក្សី​ក្រដាស​ជាដើម​ នៅក្នុង​ទីតាំង​ដែល​ទារក​អាច​មើលឃើញ​និង​លូកដៃ​ចាប់​ប៉ះ​បាន​។
5. ព្យាយាម​លេង​ជាមួយ​កូន​ឱ្យ​បាន​ញឹកញាប់​ដូចជា​ឱ្យ​កូន​មើលរូប​ខ្លួនឯង​នៅក្នុង​កញ្ចក់​ ព្រមទាំង​និយាយលេង​ជាមួយ​កូន​ផង​។ហ្វឹកហាត់​ការ​មើលឃើញ​ដល់​កូន​តាំងពី​កំណើត​បែបនេះ​ ដល់ពេល​ធំឡើង​កូន​នឹង​ក្លាយជា​មនុស្ស​ដែល​មាន​ខ្សែភ្នែក​មុត​ស្រួច​មិនខាន​។ ដោយ​បំណង​ និង​ក្តី​ប្រាថ្នា​ដ៏​ល្អ​ ពី​អ្នកគ្រូ​ ឆវី​ និង​ទស្សនាវដ្តី​ ឡា​រ៉ែ​ន៕

Advertisement