បន្ទាប់ពី​ប្រសូត​បុត្រ​ហើយថ្មីៗ តើ​អ្នក​ម្តាយ​ថ្មោងថ្មី​គួរ​បរិភោគ​អាហារ​បែបណា?

ស្ត្រី​ដែល​ទើបតែ​ឆ្លងទន្លេ​ហើយ​ថ្មី​ៗនោះ​ រាងកាយ​ស្ថិត​ក្នុងអំឡុងពេល​ដែល​ត្រូវ​ទទួល​បានការ​មើលថែ​ទាំ​ និង​យកចិត្ត​ទុកដាក់​យ៉ាង​ពិសេស​ ដោយសារតែ​ស្ត្រី​ដែល​ទើប​នឹង​ប្រសូត​បុត្រ​រួច​ថ្មី​ៗនឹង​មាន​អាការ​ល្វើយ​ខ្សោយ​ខ្លាំង​ណាស់​ ហើយ​រឹតតែ​ការ​ប្រសូត​ដោយ​វិធី​វះកាត់​ផង​នោះ​ អ្នកម្តាយ​នឹង​មាន​អាការ​នឿយ​ល្វើយ​ខ្លាំង​ជាង​ការ​ប្រសូត​តាមវិធី​ធម្មជាតិ​ច្រើនដង​ណាស់​។ លេខ​នេះ​ទស្សនាវដ្តី​ ឡា​រ៉ែ​ន សូម​នាំ​ព័ត៌មាន​ល្អ​ៗពាក់ព័ន្ធ​នឹង​ការ​បរិភោគ​អាហារ​ និង​ការ​មើលថែ​ទាំ​ខ្លួន​មក​ជម្រាប​ជូន​ដូច​ខាងក្រោម​ ៖

ក្នុង​រយ:ពេល​ដំបូង​ បន្ទាប់ពី​ប្រសូត​បុត្រ​រួច​ អ្នកម្តាយ​គួរ​តម​ការងារ​ផ្ទះ​ និង​ការងារ​ណា​ដែល​ធ្ងន់​ៗ គួរ​ទុក​ឱ្យ​ស្វាមី​ធ្វើ​សិន​ទៅ​។ រឿង​ដែល​អ្នកម្តាយ​ថ្មីថ្មោង​គួរ​ធ្វើ​ក្នុងអំឡុងពេល​សម្រាក​បំប៉ន​រាងកាយ​នោះ​គឺ​ ការសម្រាក​ឱ្យ​បាន​ច្រើន​ៗ ហាត់ប្រាណ​បែប​ស្រាល​ៗ ហើយដែល​សំខាន់​នោះ​ គឺ​ត្រូវ​បរិភោគ​អាហារ​ដើម្បី​សុខភាព​ដែល​សម្បូរទៅដោយ​វីតាមីន​ និង​សារធាតុ​រ៉ែ​ឱ្យ​បាន​គ្រប់​ចំនួន​។
អាហារ​ដែល​ល្អ​ និង​ស័ក្តិសម​សម្រាប់​អ្នក​ម្តាយ​ទើបនឹង​សម្រាល​បុត្រ​ហើយ​ថ្មី​ៗ អ្នកជំនាញ​ការបាន​ណែនាំ​ថា​ អ្នកម្តាយ​គួរតែ​ទទួលទាន​អាហារ​ដែល​ឧត្តម​សម្បូរទៅដោយ​សារធាតុ​រ៉ែ​ និង​វីតាមីន​ដូចជា​ អាហារ​ពពួក​សាច់សត្វ​ ទឹកដោះ​ សណ្តែកសៀង​ ស៊ុត​ បន្លែ​ និង​ផ្លែឈើ​ស្រស់​គ្រប់​ប្រភេទ​ និង​អ្វី​ដែល​សំខាន់​នោះ​ គឺ​ត្រូវ​បរិភោគ​អាហារ​ឱ្យ​បាន​គ្រប់​តាម​តម្រូវការ​របស់​រាងកាយ​។ចំណែក​អាហារ​ដែល​អ្នកម្តាយ​ថ្មីថ្មោង​គួរតែ​តម​ទទួលទាន​ជាដាច់ខាត​នោះ​គឺ​ ពពួក​អាហារ​ប្រឡាក់​ ឬផ្អាប់​ អាហារ​ត្រាំ​ ឬជ្រក់​ផ្សេង​ៗ អាហារ​ដែល​មាន​រស​ជា​តិ​ខ្លាំង​ៗ (ហឹរ​ ប្រៃ​ ឬផ្អែម​ខ្លាំង​) និង​អាហារ​ដែល​ស្ទើរ​ឆ្អិន​ស្ទើរ​ឆៅ​ ព្រោះ​អាហារ​ទាំងនោះ​អាច​ហុច​ផល​ប៉ះពាល់​ទៅដល់​ទារក​ ជាពិសេស​ចំពោះ​អ្នកម្តាយ​ដែល​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ខ្លួនឯង​ ដែល​អាច​នឹង​ធ្វើ​ឱ្យ​ទារក​រាក​ និង​មិន​សប្បាយខ្លួន​បាន​៕

Advertisement