អាការ 5យ៉ាង​ ពេល​កូន​ឈឺ ដែល​ឪពុកម្ដាយ​ត្រូវ​ឧស្សាហ៍​សង្កេតមើល

ខណៈ​ពេល​កូន​នៅជា​ទារក​ មានរឿង​មួយ​ដែល​ឪពុក​-ម្តាយ​មិន​ចង់ឱ្យ​កើតឡើង​ចំពោះ​កូន​សោះ​នោះ​គឺ​ ការ​ឈឺថ្កាត់​ ព្រោះ​ក្រៅពី​ធ្វើ​ឱ្យ​កូនតូច​យំ​រករឿង​ច្រើន​ ព្រោះ​មិន​ស្រួល​នៅក្នុង​ខ្លួន​ហើយ​នោះ​ កូន​ថែមទាំង​មិន​អាច​និយាយប្រាប់​ពី​អាការ​របស់​គេ​ឱ្យ​ឪពុក​-ម្ដាយ​ដឹង​ថា​ ឈឺចាប់​នៅត្រង់​ណា​ ឬមាន​អារម្មណ៍​ពិបាក​យ៉ាងណា​បាន​ឡើយ​ ដូច្នេះ​មាន​វិធី​តែមួយគត់​ដែល​ឪពុកម្ដាយ​អាច​ដឹង​បាន​ គឺ​ការ​សង្កេតមើល​ហ្នឹងឯង​។

1. ញ៉ាំ​តិច​ ឬមឹ​មទឹ​កដោះ​តិច​ជាង​មុន​
ធ្លាប់តែ​ពូកែ​ញ៉ាំ​ មឹម​បាន​ច្រើន​ ស្រាប់​តែ​ញ៉ាំ​បាន​តិច​ ឬស្ទើរតែ​មិន​ញ៉ាំ​សោះ​ទៅវិញ​ នេះ​គឺជា​អាការ​ចាប់ផ្តើម​របស់​ការ​ឈឺថ្កាត់​ហើយ​… ចូរ​ព្យាយាម​បញ្ចុក​ទឹកដោះ​ ឬទឹក​ឱ្យ​កូន​មឹម​ឱ្យ​បាន​ញឹកញាប់​ (ចង់​ឱ្យ​ចឹប​ៗពី​ស្លាបព្រា​ ឬបឺត​ពី​ដប​ក៏បាន​)។ ការ​ឱ្យ​មឹ​មទឹ​កដោះ​ និង​ទឹក​ញឹកញាប់​នេះ​នឹង​ជួយ​ឱ្យ​រាងកាយ​របស់​កូន​មិន​បាត់បង់​ជាតិទឹក​។

សង្កេតមើល​បន្ថែម​
គួរ​សង្កេតមើល​ផង​ថា​ តើ​នៅ​ខាងក្នុង​មាត់​កូន​មាន​អ្វី​ខុសប្រក្រតី​ឬទេ​? ដូចជា​ តើមាន​ដំបៅ​លើ​អណ្តាត​ ឬសាច់​ថ្ពាល់​ខាងក្នុង​ ឬក៏​អត់​? ព្រោះ​ការ​មាន​ដំបៅ​ ឬពងបែក​នៅក្នុង​មាត់​ក៏​ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឱ្យ​កូន​មិនព្រម​បៅ​ទឹកដោះ​ ឬញ៉ាំ​អាហារ​ដែរ​ តែបើ​មិន​ប្រាកដ​ក្នុងចិត្ត​ចំពោះ​បញ្ហា​ដែល​កើតឡើង​នេះ​ទេ​ គួរ​នាំ​កូនតូច​ទៅ​ជួប​គ្រូពេទ្យ​ ដើម្បី​ពិនិត្យ​រកមើល​មូលហេតុ​ និង​រក្សា​ព្យាបាល​យ៉ាង​ត្រឹមត្រូវ​ជា​បន្ត​។

2. ក្តៅ​ខ្លួ
សីតុណ្ហភាព​ក្នុង​រាងកាយ​លើស​ 37​អង្សាC​ គឺជា​សញ្ញា​ដាស់តឿន​ថា​ រាងកាយ​កំពុង​ឈឺថ្កាត់​ហើយ​។ រាងកាយ​របស់​កូន​ផ្ទាល់​ក៏​មាន​ភាពស៊ាំ​ប្រឆាំង​នឹង​ជំងឺ​ ដែល​មាន​តួនាទី​ប្រឆាំង​មេរោគ​នៅក្នុង​គ្រប់​ផ្នែក​នៃ​រាងកាយ​ និង​បណ្តេញ​សារធាតុ​មិនល្អ​ ឬជាតិពុល​របស់​មេរោគ​ឱ្យ​ចេញពី​រាងកាយ​យ៉ាង​ឆាប់រហ័ស​ដែរ​ ដូច្នេះ​នៅពេល​អវយវៈ​គ្រប់​ផ្នែក​របស់​រាងកាយ​របស់​កូន​ធ្វើការ​កាន់តែ​ខ្លាំង​ឡើង​ នោះ​ជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ក្តៅ​ខ្លួន​ហ្នឹងឯង​។

សង្កេតមើល​បន្ថែម​
បើ​កម្ដៅ​ខ្លួន​ឡើង​ខ្ពស់​(លើស​ 38អង្សាC​)ជាប់​ៗគ្នា​រយៈពេល​ 24ម៉ោង​ អាច​នឹង​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​។ ចំពោះ​ក្មេង​តូច​ខ្លះ​អាច​នឹង​ប្រកាច់​បាន​ ជាពិសេស​ចំពោះ​ឪពុក​-ម្តាយ​ណា​ដែល​ធ្លាប់​មាន​ប្រវត្តិ​ប្រកាច់​កាលពី​នៅ​តូច​ៗ អាការ​នោះ​អាច​នឹង​កើត​ចំពោះ​កូនតូច​របស់​អ្នក​បាន​។ ដូច្នេះ​ពេល​កូន​ចាប់ផ្តើម​ក្តៅ​ខ្លួន​ ចូរ​បញ្ចុះ​កម្ដៅ​ដោយ​ការ​ឧស្សាហ៍​ជូត​ខ្លួន​ឱ្យ​កូន​ដោយ​កន្សែង​ត្រជាក់​ និង​កត់ត្រា​សីតុណ្ហភាព​ចំណាំទុក​ផង​។ បើ​កម្ដៅ​មិន​ថយ​ចុះ​ ឬកាន់តែ​ខ្ពស់​ឡើង​ ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់​។

3. មាន​ស្លេស្ម៍​
គឺជា​អាការ​ដែល​កើតឡើង​នៅពេល​ដែល​រាងកាយ​ឆ្លង​មេរោគ​ខាង​ប្រព័ន្ធ​ដកដង្ហើម​ រហូត​មានការ​ជំរុញ​ឱ្យ​សាច់​ភ្នាស​ក្នុង​ប្រព័ន្ធ​ដង្ហើម​សាង​ស្លេស្ម៍​ឡើង​ ហើយនឹង​បាត់​ទៅ​វិញ​បន្តិច​ម្តង​ៗ ដោយ​អាច​កើតឡើង​បាន​ទាំង​ក្មេង​តូច​ រហូតដល់​ក្មេង​ធំ​។ ស្លេស្ម៍​ ឬសេម្ហៈ​នេះ​មិនមែន​ជាដើម​ហេតុ​របស់​ការ​កើតជំងឺ​ទេ​។ បើ​កើត​ក្នុងរយៈពេល2​ – 3ថ្ងៃ​ ហើយ​អាការ​ល្អ​ឡើងវិញ​ជា​បណ្តើរ​ៗនោះ​ ក៏អាច​ទុកចិត្ត​បាន​ថា​កូនតូច​គ្រាន់តែ​ផ្តាសាយ​ធម្មតា​ទេ​ មិនបាន​ឈឺ​ធ្ងន់ធ្ងរ​អ្វី​ឡើយ​។

សង្កេតមើល​បន្ថែម​
បើ​កូនតូច​មាន​ស្លេស្ម៍​ព្រម​ជាមួយ​អាការ​ផ្សេងទៀត​ដែរ​នោះ​ វា​អាច​ជា​កត្តា​បញ្ជាក់​ថា​ នឹង​មាន​ជំងឺ​ដូចជា​ ដកដង្ហើម​ញាប់​ ឆ្អឹងជំនី​ ឬដើមទ្រូង​ប៉ោង​ឡើង​ពេល​ដកដង្ហើម​ បាត់​មាត់​បាត់​ក លែង​សើចញញឹម​ស្រស់ស្រាយ​ដូចមុន​ ស្រែកយំ​ រករឿង​មិនព្រម​បៅ​ទឹកដោះ​ ឬមាន​ក្អួត​ទៀតផង​នោះ​ អ្នកម្តាយ​អាច​សន្និដ្ឋាន​ក្នុងរយៈ​ដំបូង​បាន​ថា​ កូន​អាច​មិនមែន​គ្រុនផ្តាសាយ​ធម្មតា​ទេ​ ដូច្នេះ​ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ ដើម្បី​ពិនិត្យ​ និង​ព្យាបាល​ជាបន្ទាន់​។

4. ក្អក
អាការ​ក្អក​ គឺជា​ការ​កម្ចាត់​មេរោគ​ និង​វត្ថុ​ចម្លែក​ចេញពី​រាងកាយ​។ អាច​ជួបប្រទះ​នៅ​លើ​កូនតូច​ ដោយសារតែ​ភាពស៊ាំ​នឹង​ជំងឺ​ដែល​បាន​មក​ពី​ម្តាយ​ថយ​ចុះ​ ធ្វើ​ឱ្យ​កូន​មានឱកាស​ទទួល​មេរោគ​កាន់តែ​ងាយ​ឡើង​។ បើ​មាន​អាការ​ក្អក​ជាប់​ៗគ្នា​ច្រើនជាង​ 2 សប្តាហ៍​ អាច​ក្លាយជា​ជំងឺ​ក្អក​រ៉ាំរ៉ៃ​ ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​កូនតូច​ក្តៅ​ខ្លួន​បាន​។

សង្កេតមើល​បន្ថែម​
នៅក្នុង​វ័យ​ 1ខួប​ដំបូង​ រយៈពេល​មាន​ក្អក​ដំបូង​មិន​គួរ​ប្រើ​ថ្នាំ​បំបាត់​អាការ​ក្អក​ទេ​ តែ​គួរ​ឱ្យ​កូន​ញ៉ាំទឹក​ក្តៅ​ឧណ្ហ​ៗឱ្យ​បាន​ញឹកញាប់​ វា​នឹង​ជួយ​ឱ្យ​ស្លេស្ម៍​មិន​ស្អិត​ ហើយ​បើ​កូន​ក្អក​ ហើយ​ក្អែ​ស្លេស្ម៍​ចេញ​មក​ដែរ​នោះ​ អាការ​កូន​នឹង​បាន​ធូរ​ស្រាល​ឡើង​ តែ​អ្វី​ដែល​សំខាន់​នោះ​ គឺ​គួរ​ឱ្យ​កូន​តូច​គេង​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់​ និង​ស្លៀកពាក់​ខោអាវ​ណា​ដែល​ផ្តល់​នូវ​ភាព​កក់ក្តៅ​ដល់​រាងកាយ​ផង​។

5. សំឡេង​ដង្ហើម​
ការដែល​កូន​គេង​ដកដង្ហើម​ឮសូរ​ខ្លាំង​ មូលហេតុ​ភាគច្រើន​គឺ​បណ្តាល​មក​ពី​ការ​វិវឌ្ឍ​របស់​អវយវៈ​ក្នុង​ប្រព័ន្ធ​ដកដង្ហើម​ ដូចជា​បំពង់ខ្យល់​នៅ​មិនទាន់​វិវឌ្ឍ​បាន​ពេញលេញ​ពេល​កូន​គេង​ផ្ងារ​ ឬក្មេង​ខ្លះ​ដែល​សន្ទះ​សាច់​ខ្ចី​នៅ​ផ្នែក​ខាងមុខ​របស់​ផ្លូវដង្ហើម​នៅ​មិនទាន់​រឹងមាំ​ រួម​ទាំង​ក្រពេញ​ទឹករងៃ​មួយ​ប្រភេទ​ឈ្មោះថា​ “ក្រពេញ​ Adenoid​” ដែល​នៅក្នុង​បរិវេណ​នោះ​ធ្លាក់ចុះ​ទៅ​បាំង​ផ្លូវដង្ហើម​ ទើប​ធ្វើ​ឱ្យ​កូន​ដកដង្ហើម​ហើយ​ឮសូរ​ខ្លាំង​ តែ​នៅពេល​សន្ទះ​សាច់​ខាងមុខ​បំពង់ខ្យល់​រឹងមាំ​ឡើង​ រួម​នឹង​ក្រពេញ​ Adenoid​ក៏​រួម​តូច​ដែរ​នោះ​ សំឡេង​ដកដង្ហើម​នោះ​ក៏​នឹង​បាត់​ទៅវិញ​ដែរ​។

សង្កេតមើល​បន្ថែម​
ក្នុងករណី​ដែល​មាន​ភាព​ខុសប្រក្រតី​ ដូចជា​ ដកដង្ហើម​ឮសូរ​ខ្លាំង​ មាន​បបូរមាត់​ពណ៌ខៀវ​ជាំ​ ក្រចក​ឡើងពណ៌​ស្វាយ​ នោះ​បញ្ជាក់​ឱ្យ​ដឹង​ថា​ កូន​អាច​មាន​បញ្ហា​រឿង​ការដកដង្ហើម​មិន​ស្រួល​ ឬអាច​មាន​អ្វីមួយ​មក​ជាប់​ ឬឃាំងផ្លូវ​ដង្ហើម​ អ្នកម្តាយ​គួរ​ពិនិត្យមើល​បំពង់ក​ និង​ច្រមុះ​ ហើយ​បើ​មិនឃើញ​មាន​អ្វី​ខុសប្រក្រតី​ តែ​នៅតែ​មាន​អាការ​នោះ​ដដែល​ ចូរ​ប្រញាប់​នាំ​កូនតូច​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម​កុំ​បង្អង់​យូរ​ ។អ្វី​ដែល​អាច​ការពារ​មិន​ឱ្យ​បញ្ហា​រឿង​សុខភាព​របស់​កូន​ធ្លាក់ចុះ​ធ្ងន់ធ្ងរ​ ក្លាយជា​បញ្ហា​ធំ​បាន​នោះ​គឺ​ការដែល​អ្នកម្តាយ​ចេះ​សង្កេតមើល​ហ្នឹងឯង​៕

Advertisement