តើ​ស្ត្រី​មានគភ៌​គួរ​ទទួលទាន​ទឹក​ក្តៅឧណ្ហៗ ឬ​ទឹក​ត្រជាក់​ល្អ​ជាង?

ក្នុងអំឡុងពេល​តាំង​គភ៌ ស្ត្រី​មួយចំនួន​អាច​ធ្លាប់​បានឮ​គេ​និយាយ​គ្នា​ថា ហាម​ញ៉ាំ​ទឹក​ត្រជាក់ ព្រោះ​នឹង​ហុច​ផលប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ តែ​ការពិតទៅ​ស្ត្រី​មានគភ៌​នៅតែ​អាច​ញ៉ាំ​ទឹក​ត្រជាក់​បាន​តាម​ប្រក្រតី មិនមាន​ចំណុច​ហាមឃាត់​ឡើយ ការ៉េមត្រជាក់ៗក៏​អាច​​ញ៉ាំ​បាន​ធម្មតា​ដែរ គ្រាន់តែ​មិនគួរ​ញ៉ាំ​ញឹកញាប់​ប៉ុណ្ណោះ ព្រោះ​ការ៉េម​នេះ​មាន​ទាំង​ផ្អែម​ខ្លាំង ទាំង​ម្សៅ​ច្រើន ដែល​អាចធ្វើឱ្យ​ឡើង​ជា​តិ​ស្ករ​នៅក្នុង​ឈាម និង​ហុច​ផល​ឱ្យ​ទម្ងន់​ខ្លួន​របស់​ស្ត្រី​មានគភ៌​ខ្លួនឯង​កើនឡើង​ទៀតផង។ អ្វីដែល​ល្អ​បំផុត​នោះ​គឺ គួរ​ជ្រើសរើស​ញ៉ាំ​ទឹក​ផ្លែឈើស្រស់ៗវិញ​ប្រសើរ​ជាង ព្រោះ​ក្រៅពី​ផ្អែម​ត្រជាក់​ស្រស់ស្រាយ​ចិត្ត​ហើយ នៅមាន​សារធាតុ​រ៉ែ និង​វីតាមីន​ដែលមាន​ប្រយោជន៍​​ដល់​ខ្លួន​អ្នក​ម្តាយ និង​កូន​ក្នុង​ផ្ទៃ​ទៀតផង។

ចំណែក​ទឹក​ក្តៅឧណ្ហៗវិញ ស្ត្រី​មានគភ៌​គួរ​ញ៉ាំ​ឱ្យបានច្រើនៗ ព្រោះ​វា​ជួយ​ឱ្យ​សរសៃឈាម​ពង្រីកខ្លួន ត្រៀម​ជាស្រេច​សម្រាប់​ការ​បំបៅ​ទឹកដោះ​កូន​ក្រោយពេល​ប្រសូត។ មុនពេល​គេង ឬ​នៅពេល​ព្រឹក ការ​ញ៉ាំ​ទឹក​ក្តៅឧណ្ហៗ ឬ​ការ​ញ៉ាំ​ទឹកដោះគោក្តៅឧណ្ហៗ ឬភេសជ្ជៈ​ក្តៅឧណ្ហៗ ដូចជា សូកូឡាក្តៅៗ ទឹក​កូ​កូក្តៅៗ ឬក៏​ម៉ៃ​ឡូ​ អូ​វ៉ាន់​ទីន​នឹង​ជួយ​ឱ្យ​សប្បាយ​ស្រួល​ពោះ ឈាម​ហូរ​វិល​បានល្អ រឹតតែពេល​ក្រោយ​ប្រសូត ពេល​បំបៅ​ទឹកដោះ​កូន​ផង នឹង​ជួយ​ឱ្យ​ទឹកដោះ​ហូរ​បានល្អ​ឡើង ហើយ​រាងកាយ​របស់​អ្នក​ម្តាយ​ដែល​កំពុង​បំបៅ​ដោះ​កូន​អាច​នឹង​ងាយ​ខ្វះ​ជាតិ​ទឹក ព្រោះតែ​បាត់បង់​ជាតិ​ទឹក​ទៅលើ​ការ​បំបៅ​ទឹកដោះ​កូន ដូច្នេះហើយ​ទើប​ការបន្ថែម​បរិមាណ​ជាតិ​ទឹក​ទៅក្នុង​រាងកាយ
អ្នក​ម្តាយ​គួរតែ​ញ៉ាំ​ទឹក​ក្តៅឧណ្ហៗឱ្យបាន1កែវ។

សម្រាប់​ស្ត្រី​មានគភ៌​ដែល​ប្រសូត​តាម​ធម្មជាតិ អាច​ញ៉ាំ​ទឹក​ក្តៅឧណ្ហៗបាន​ភ្លាម​ក្រោយពេល​ប្រសូត ព្រោះ​អាច​ញ៉ាំ​អាហារ​បានតែ​ម្តង តែ​សម្រាប់​ស្ត្រី​មានគភ៌​ដែល​ប្រសូត​ដោយ​ការវះកាត់​វិញ នៅពេលដែល​គ្រូពេទ្យ​ឱ្យ​ញ៉ាំអាហារ​រាវបាន ក៏​គួរតែ​ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហៗ និង​ញ៉ាំ​ទៅជារឿយៗរហូត​ទាល់​តែមាន​ទឹកដោះ​គ្រប់គ្រាន់​ឱ្យ​កូនបៅ និង​នៅពេល​មាន​ទឹកដោះ​គ្រប់គ្រាន់ និង​ហូរ​ចេញមក​បានល្អ​ហើយ អ្នក​ម្តាយ​អាច​ញ៉ាំ​ទឹក​ក្តៅឧណ្ហៗឆ្លាស់គ្នា​នឹង​ទឹក​ត្រជាក់​ខ្លះ​ក៏បាន៕

Advertisement