ហួសសម័យបង្រៀនកូនដោយការវាយដំហើយ…

បើសិនថយក្រោយទៅសម័យកាលពី 20 – 30ឆ្នាំមុន អាណាព្យាបាលទាំងឡាយប្រហែលជាធ្លាប់ឮស៊ាំត្រចៀកជាមួយនឹងវិធីការបង្ហាត់បង្រៀនកូនៗកំពូលរពឹសដែលថា “ចង់ឱ្យកូនល្អ ត្រូវតែវាយ” ដែលសូម្បីតែក្នុងពេលបច្ចុប្បន្ននេះ ក្នុងយុគសម័យដែលមាន 4G តិចណូឡូជីដ៏លឿនរហ័សហើយក៏ដោយ ក៏ប្រយោគខាងលើនៅតែនៅមាននៅឡើយ។ អ្នកណាដែលនៅតែបង្រៀនកូនដោយការវាយផាច់ៗខ្លះ សូមមកមើលពីហេតុផលដែលបង្កប់នៅពីក្រោយសំឡេងរំពាត់ប៉ះនឹងសាច់កូនៗថា តើវាហុចផលប៉ះពាល់អវិជ្ជមានទៅដល់ផ្លូវចិត្តរបស់កូនយ៉ាងណាខ្លះ?។

ហេតុផលដែលឪពុកម្ដាយប្រើវិធីបង្រៀនកូនដោយការវាយ

ដោយសារតែ “ក្ដីស្រឡាញ់ + បំណងល្អ + ក្ដីបារម្ភ + យកចិត្តទុកដាក់ + ត្រូវការបង្ហាត់បង្រៀនអ្វីម្យ៉ាងដល់កូន + ចង់ឱ្យកូនស្ដាប់បង្គាប់ + ចង់ឱ្យកូនស្ថិតនៅក្នុងរបៀបវិន័យដែលឪពុកម្ដាយរៀបចំទុក + និងចុងក្រោយគឺ អារម្មណ៍ក្រោធខឹងរបស់ឪពុកម្ដាយក្នុងពេលខ្លះដែលខ្វះភាពហាមឃាត់ចិត្តខ្លួនឯង ហើយចុងក្រោយក៏ទៅលួចអង្គុយសោកស្ដាយស្រក់ទឹកភ្នែកខ្លួនឯង។

ផលប៉ះពាល់ផ្នែកវិជ្ជមានពីរំពាត់ដែលវាត់ប៉ះនឹងសាច់ឆ្លុះបញ្ចាំងទៅដល់ផ្លូវចិត្តកូន ដែលឪពុកម្ដាយនឹកស្មានមិនដល់

ធ្វើឱ្យកូនមិនហ៊ានបង្ហាញពីអារម្មណ៍ពិតប្រាកដរបស់ខ្លួនឯងចេញមក ដូចជាអារម្មណ៍ខឹង ខូចចិត្ត ជាដើម ព្រោះខ្លាចថា បើបង្ហាញពីអារម្មណ៍ពិតប្រាកដរបស់ខ្លួនចេញទៅ ខ្លាចប៉ាម៉ាក់អាចនឹងខឹង និងត្រូវទទួលទោសបន្ថែម។

ធ្វើឱ្យកូនមានសម្ពាធ និងលាក់ទុកក្នុងចិត្ត ពេលមានទុក្ខ ឬកើតបញ្ហា មិនហ៊ានក្នុងការប្រឹក្សានឹងឪពុកម្ដាយ ព្រោះខ្លាចត្រូវទទួលទោស ទើបមិនហ៊ាននិយាយប្រឹក្សាជាមួយអ្នកណា។

ធ្វើឱ្យកូនខ្វះភាពជឿជាក់លើខ្លួនឯង មិនហ៊ានធ្វើអ្វី រហូតលែងហ៊ានធ្វើអ្វីទាំងអស់ ព្រោះគិតតែថា រឿងដែលចង់ធ្វើ អាចនឹងខុសទៀតក៏បានដែរ។

ធ្វើបាបផ្លូវចិត្តកូនដោយមិនដឹងខ្លួន ព្រោះក្នុងគំនិតរបស់កូនៗ អ្នកដែលនៅមើលថែទាំ និងជិតស្និទ្ធជាមួយរូបគេដូចឪពុកម្ដាយ គឺត្រូវតែនៅចាំមើលថែទាំ និងការពាររូបគេ តែផ្ទុយទៅវិញ មនុស្សទាំងពីរនោះបែរជាធ្វើបាបលើរាងកាយ(ដាក់ទោសដោយការវាយ) និងផ្លូវចិត្តកូនទៅវិញ(តាមរយៈអារម្មណ៍ដែលទាំងក្រេវក្រោធផង ទាំងស្រឡាញ់ផងរបស់ឪពុកម្ដាយដែលលាយឡំចូលគ្នាខណៈពេលវាយកូន)។

ធ្វើឱ្យភាពរឹងទទឹងច្រងេងច្រងាងដែលដក់ជាប់នៅក្នុងចិត្តកូន ដោយអារម្មណ៍ក្រោធខឹង ខូចចិត្ត ដែលកូនមិនអាចបង្ហាញចេញមកឱ្យឪពុកម្ដាយឃើញបាននោះ កូនអាចនឹងងាកទៅបង្ហាញភាពច្រងេងច្រងាងដាក់អ្នកដទៃ ដូចជាធ្វើបាបមិត្តភ័ក្តិ ជាដើម(ប៉ាម៉ាក់ចេះវាយកូនបាន រឿងអីកូនសាកវាយអ្នកផ្សេងខ្លះមិនបាន?)

ធ្វើឱ្យកូនភ័យខ្លាចការត្រូវវាយធ្វើបាប សម្រាប់មនុស្សធំអាចមើលឃើញថា ការវាយ គឺដើម្បីបង្រៀនប្រដៅ តែសម្រាប់ក្មេងវិញ ការវាយធ្វើឱ្យកើតក្ដីភ័យខ្លាច និងមានអារម្មណ៍ថា កំពុងត្រូវធ្វើបាបលើរាងកាយធ្វើឱ្យមានអារម្មណ៍ឈឺចាប់ «ការវាយកូនគឺដើម្បី…ប្រដៅ តែខណៈពេលជាមួយគ្នា ពាក្យប្រដៅ ក៏ត្រូវបិទបាំងជិតដោយក្ដីភ័យខ្លាច ដែលកើតឡើងបន្តិចម្ដងៗនៅក្នុងផ្លូវចិត្តកូន»

តាមរយៈផលប៉ះពាល់អវិជ្ជមានដែលបង្កប់នៅក្នុងនោះ អាចនិយាយបានថា ការវាយដំ ៈ ធ្វើឱ្យឈឺចាប់ទាំងកាយ ឈឺចាប់ទាំងចិត្ត ទាំងឪពុកម្ដាយ និងកូនៗទៀតផង។ អ្នកគ្រូ ឆវី ចង់និយាយថា បើធាតុពិតរបស់ការវាយ គឺ ពាក្យប្រដៅ…ដូច្នេះនៅពេលកូនធ្វើខុស សូមសាកល្បងឆ្លងរំលងដំណាក់កាលហ្នឹងចោល…ហើយប្រើពាក្យប្រៀនប្រដៅ ប្រើការយល់ចិត្ត និងប្រើហេតុផលក្នុងការបង្រៀនប្រៀនប្រដៅកូនវិញម្ដង ល្អដែរទេ?។

ព្រោះការប្រៀនប្រដៅកូនឱ្យស្គាល់ខុស និងត្រូវ…ដោយហេតុផល…ក៏ជាការបង្ហាត់ឱ្យកូនចេះប្រើទាំងហេតុ និងផលក្នុងការធ្វើទង្វើអ្វីផ្សេងៗនាពេលអនាគតដូចគ្នា៕

Advertisement