សាងទារកយ៉ាងណាឱ្យក្លាយជាក្មេងអច្ឆរិយៈ?

ឪពុកម្ដាយ​គ្រប់រូប​តែង​ប្រាថ្នា​ចង់ឱ្យ​កូន​ជាទីស្រឡាញ់​របស់​ខ្លួន​ក្លាយជា​ក្មេង​អច្ឆ​រិយៈ​ មាន​ភាព​ឆ្លាត​វាងវៃ​ រហ័សរហួន​ អារម្មណ៍ល្អ​ អាច​រៀន​យល់ដឹង​បាន​ឆាប់រហ័ស​ និង​អាច​សម្របសម្រួល​ខ្លួន​ចូលក្នុង​សង្គមមនុស្ស​បាន​ តែ​តើ​យើង​នឹង​ធ្វើ​ឱ្យ​ទារក​ដែល​ប្រសូត​ចេញ​មក​ក្លាយជា​ក្មេង​អច្ឆ​រិយៈ​យ៉ាងម៉េច​បាន​ទៅ​?ដោយ​តិ​ចណូ​ឡូ​ជី​ខាង​វេជ្ជ​សាស្រ្ត​ក្នុង​ពេល​ច្ចុ​ប្ប​ន្ន​នេះ​ ធ្វើ​ឱ្យ​យើង​ដឹង​ថា​ មាន​បច្ច័យ​ចម្បង​ 3យ៉ាងដែល​បើសិនជា​យើង​អាច​ត្រៀម​ឱ្យ​រួចជាស្រេច​មុននឹង​ចាប់តាំង​គភ៌​នោះ​ ទារក​ដែល​ប្រសូត​ចេញ​មក​ក៏​នឹង​មានគុណ​ភាពល្អ​ និង​មានឱកាស​ក្លាយជា​ក្មេង​ពូកែ​អច្ឆ​រិយៈ​ដូចដែល​ឪពុកម្ដាយ​រំពឹង​ប្រាថ្នា​បាន​មិនខាន​។

1. ពូជ​កំណើត​ពី​ឪពុក​ និង​ម្ដាយ​
ទារក​កើត​ចេញពី​ការ​រួមបញ្ចូល​គ្នា​រវាង​កោសិកា​របស់​ខាងឪពុក​ និង​ម្ដាយ​ ដោយ​កោសិកា​ប្រកប​ទៅ​ដោយ​ ក្រូម៉ូ​ហ្សូម​ (Chromozome​) ដែល​មាន​លក្ខណៈ​ជា​សរសៃ​ 2. ខ្សែ​ដែល​តម្រៀប​គ្នា​ជា​គូៗ​ តោង​គ្នា​ជាប់​ណែន​ដូចជា​ជណ្ដើរវិល​ ហើយ​នៅ​លើ​សរ​សៃ​ក្រូម៉ូ​ហ្សូម​នឹង​មាន​ហ្សែ៊ន​ ដែល​ហ្សែ៊​ននេះ​បាន​មក​ពី​ការ​ផ្សំ​ចូលគ្នា​រវាង​ខាងឪពុក​ និង​ខាងម្ដាយ​ម្នាក់​ពាក់កណ្ដាល​។ ហ្សែ៊ន​ជា​អង្គភាព​គ្រប់គ្រង​គុណភាព​ និង​លក្ខ​ណៈ​ផ្សេង​ៗរបស់​មនុស្ស​ មិនថា​តែ​មុខមាត់​ រូបរាង​ កម្ពស់​ ពណ៌​សម្បុរ​ ភាព​ឆ្លាត​-ល- ហើយ​ដែល​ហ្សែ៊​ននៅ​ក្នុង​ផ្នែក​របស់​អវយវៈ​ខួរក្បាល​នេះឯង​ដែល​បាន​ទទួល​មក​ពី​ហ្សែ៊​នរ​បស់​ឪពុក​ និង​ម្ដាយ​ម្នាក់​ពាក់កណ្ដាល​ ដែល​មានផល​ធ្វើ​ឱ្យ​ទារក​នៅពេល​ធំធាត់​ឡើង​នឹង​មាន​លក្ខណៈ​ស្រដៀងនឹង​ឪពុក​ និង​ម្ដាយ​។ដូច្នេះហើយ​ទើប​ពូជ​កំណើត​ពី​ឪពុក​ និង​ម្ដាយ​គឺជា​ផ្នែក​មួយ​ដែល​មាន​ភាព​សំខាន់​ចំពោះ​គុណភាព​របស់​ទារក​ ព្រោះថា​ ទារក​នឹង​ឆ្លាត​វាងវៃ​ប៉ុនណា​ ហ្សែ៊​នដែ​លបាន​ទទួល​ពី​ឪពុក​ និង​ម្ដាយ​នោះ​មាន​ចំណែក​ពាក់ព័ន្ធ​គ្នា​យ៉ាង​ខ្លាំង​។ ក្រៅ​ពី​ហ្សែ៊​នដែ​លបាន​ទទួល​ពី​ឪពុក​ និង​ម្ដាយ​ហើយ​ នៅ​មាន​បច្ច័យ​ផ្សេងទៀត​ក៏​មានផល​ចំពោះ​ទារក​ដែរ​។

2. អាហារ​ការ​ហូបចុក​
ចំណីអាហារ​ដែល​យើង​ញ៉ាំ​ចូល​ទៅ​ក្នុង​មួយ​ថ្ងៃ​ៗនឹង​ត្រូវ​បំប្លែង​ឱ្យ​ក្លាយជា​សារធាតុ​អាហារ​ ដែល​ក្នុង​ពេល​បច្ចុប្បន្ន​ពិភព​វេជ្ជ​សាស្រ្ត​បាន​ផ្ដល់​នូវ​ការ​ទទួលស្គាល់​ហើយ​ថា​ បើ​ទារក​តាំងពី​នៅក្នុង​គភ៌​បាន​ទទួល​សារធាតុ​អាហារ​ដែល​ល្អ​ និង​សមរម្យ​នោះ​ នឹង​ជួយ​ឱ្យ​រាងកាយ​របស់​ទារក​អាច​អភិវឌ្ឍ​ និង​ធំធាត់​ឡើង​ក្លាយជា​ក្មេង​អច្ឆ​រិយៈ​បាន​ដូចគ្នា​ ព្រោះ​សារធាតុ​អាហារ​ជាច្រើន​ប្រភេទ​មានផល​ល្អ​ក្នុង​ការ​កសាង​រាងកាយ​របស់​ទារក​តាំងពី​នៅក្នុង​គភ៌​ ដូចជា​ ប្រូ​តេ​អុីន​ជា​សារធាតុ​អាហារ​ដែល​រាងកាយ​ត្រូវ​ប្រើ​ដើម្បី​បង្កើន​ទំហំ​ និង​គុណភាព​របស់​ខួរក្បាល​។ បើ​ទារក​បាន​ទទួល​សារធាតុ​អាហារ​ដែល​គ្រប់គ្រាន់​ រាងកាយ​របស់​ទារក​ក៏​នឹងអាច​អភិវឌ្ឍ​ខួរក្បាល​បាន​យ៉ាង​ល្អ​ពេញ​-លេញ​។ នៅពេល​ខួរក្បាល​ល្អ​ពេញលេញ​ ការ​ធ្វើ​ការងារ​របស់​ខួរក្បាល​ក៏​នឹង​ដំណើរការ​ទៅ​បាន​យ៉ាង​ពេញលេញ​ល្អ​ដូចគ្នា​។ខួរក្បាល​ជា​អវយវៈ​ដែល​សំខាន់​ខ្លាំង​ណាស់​ ហើយ​ខួរក្បាល​ក៏​ប្រកប​ទៅ​ដោយ​កោសិកា​ក្នុង​ចំនួន​ដ៏​ច្រើន​ដូចគ្នា​។ បើស្រ្តី​មានគភ៌​បាន​ទទួល​សារធាតុ​អាហារ​ជា​ប្រូ​តេ​អុីន​តិច​ជ្រុល​ពេក​ កោសិកា​ខួរក្បាល​របស់​កូន​ក្នុង​ផ្ទៃ​ក៏​នឹង​មាន​ទំហំ​តូច​ និង​ធ្វើ​ឱ្យ​ទារក​ដែល​ប្រសូត​ចេញ​មក​មាន​កម្រិត​សតិបញ្ញា​ទាប​ជាង​ក្មេង​ដទៃទៀត​។ ក្រៅ​ពី​ប្រូ​តេ​អុីន​ហើយ​ នៅ​មាន​សារធាតុ​អាហារ​ផ្សេង​ៗទៀត​ ដូចជា​ ក្រុម​វីតាមីន​ប្រភេទ​ខ្លះ​ក៏​មានផល​ល្អ​ដល់​ប្រព័ន្ធ​ប្រសាទ​របស់​ទារក​ដែរ​ ដូច្នេះហើយ​ទើប​អាហារ​ដែល​ស្រ្តី​មានគភ៌​បាន​ទទួល​ចូល​ទៅ​នោះ​ មានផល​ល្អ​យ៉ាង​ខ្លាំង​ដល់​ទារក​ក្នុង​គភ៌​។

3. សភាព​បរិស្ថាន​
សភាព​បរិស្ថាន​នៅក្នុង​ទីនេះ​នឹង​មានផល​ប៉ះពាល់​តាំងពី​ស្រ្តី​ចាប់ផ្ដើម​តាំង​គភ៌​ម្លេះ​។ លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ខាង​វេជ្ជ​សាស្រ្ត​បាន​បញ្ជាក់​ថា​ បើស្រ្តី​ដែល​មានគភ៌​ត្រូវ​ទ្រាំទ្រ​នៅជា​មួយ​សភាព​បរិស្ថាន​ដែល​មិនល្អ​ ទាំង​រឿង​សំឡេង​ដែល​ឮខ្លាំង​ហួសហេតុ​ មាន​ក្លិន​ដែល​មិន​គួរ​ឱ្យ​ប៉ងប្រាថ្នា​ ឬធ្វើ​ឱ្យ​ស្រ្តី​មានគភ៌​មាន​អារម្មណ៍​មួម៉ៅ​ ឬធុញថប់​នោះ​ ទារក​ក៏​នឹង​បាន​ទទួលផល​ប៉ះពាល់​ពី​សភាព​បរិស្ថាន​ទាំងនោះ​ដូចគ្នា​ ដូចជា​ នៅពេល​ប្រសូត​ចេញ​មក​ហើយ​ ទម្ងន់​ខ្លួន​នឹង​តិច​ជាង​ប្រក្រតី​ ឬត្រូវ​ប្រសូត​ចេញ​មក​មុន​កំណត់​ ទារក​ងាយ​ភ្ញាក់ផ្អើល​ ពិបាក​ចិញ្ចឹម​ ឬប៉ិន​យំ​ ជាដើម​។

បើ​ចង់ឱ្យ​ប្រសូត​ទារក​ចេញ​មក​ក្លាយជា​ក្មេង​អច្ឆ​រិយៈ​ តើ​ត្រូវ​ធ្វើ​យ៉ាងណា​?
យើង​មើលឃើញ​ថា​ ពូជ​កំណើត​ពី​ឪពុក​ និង​ម្ដាយ​គ្រាន់តែ​ជា​ចំណែក​ 1ភាគ3​ នៃ​បច្ច័យ​ប៉ុណ្ណោះ​ ដែល​នឹង​ធ្វើ​ឱ្យ​កូន​ក្លាយជា​ក្មេង​ដែល​មានគុណ​ភាព​ ជា​ក្មេង​អច្ឆ​រិយៈ​ និង​បច្ច័យ​ 2ផ្នែក​ទៀត​ គឺ​រឿង​អាហារ​ការ​ហូបចុក​ និង​សភាព​បរិស្ថាន​ក៏​ជា​រឿង​ដែល​ឪពុកម្ដាយ​គ្រប់រូប​អាច​កំណត់​ និង​កែខៃ​បាន​ដែរ​ ដូច្នេះ​មិន​ចាំបាច់​ទៅ​នឹក​កង្វល់​ថា​ ពូជ​កំណើត​របស់​យើង​មិនល្អ​គ្រប់គ្រាន់​ទេ​។ គោលការណ៍​ក្នុង​ការប្រតិបត្តិ​ខ្លួន​របស់​ស្រ្តី​ក្នុងអំឡុងពេល​មានគភ៌​យ៉ាង​ងាយ​ៗនោះ​គឺ​ ទទួលទាន​អាហារ​ឱ្យ​បាន​គ្រប់​ប្រភេទ​ក្រុម​នៃ​អាហារ​ សង្កត់ធ្ងន់​លើ​អាហារ​ដែល​មាន​ប្រូ​តេ​អុីន​ឱ្យ​ច្រើន​បន្តិច​ អាច​នឹង​ញ៉ាំទឹក​ដោះ​គោ​ក្នុង​មួយថ្ងៃ​ 3-4កែវ​ ស៊ុតមាន់​ 1គ្រាប់​ ទទួលទាន​ត្រី​ឱ្យ​បាន​ច្រើន​ បន្លែ​ផ្លែឈើ​ រួម​ទាំង​ថ្នាំ​បំប៉ន​ដែល​បាន​ទទួល​ពី​គ្រូពេទ្យ​ដែល​ពិនិត្យ​គភ៌​ រួម​ទាំង​គួរ​រស់នៅ​ក្នុង​ទីកន្លែង​ដែល​គ្មាន​សំ​ឡេង​ខ្លាំង​ៗរំខាន​ មាន​ខ្យល់អាកាស​ចេញចូល​ល្អ​ និង​ថែរក្សា​អារម្មណ៍​របស់​ខ្លួន​ឱ្យ​ស្រស់ថ្លា​ជាប់​ជានិច្ច​…តែ​ប៉ុណ្ណឹង​ ទារក​នៅក្នុង​ផ្ទៃ​ក៏​នឹង​ល្អឥតខ្ចោះ​ រឹងមាំ​ទាំង​រាងកាយ​ និង​ចិត្តគំនិត​ និង​ត្រៀម​ជាស្រេច​ក្នុង​ការ​ធំធាត់​ឡើង​ក្លាយជា​ក្មេង​ដែល​ឆ្លាត​វាងវៃ​ អច្ឆ​រិយៈ​បាន​បាត់​ទៅ​ហើយ​៕

Advertisement