កូនមិនព្រមគេងថ្ងៃ ធ្វើយ៉ាងណាស្រួលទៅ?

បញ្ហាកូនមិនព្រមគេងថ្ងៃអាចប្រទះឃើញទាំងនៅលើក្មេងតូច និងក្មេងក្នុងវ័យរៀន ការគេងគឺជារឿងសំខាន់សម្រាប់កុមារ ព្រោះការគេងលក់ស្រួលពេញលេញជួយបង្កើនវិវឌ្ឍនាការផ្នែកផ្សេងៗរបស់រាងកាយ និងវិវឌ្ឍនាការផ្នែកខួរក្បាល។ ក្មេងក្នុងវ័យនីមួយៗមានរយៈពេលគេងនិងអំឡុងពេលគេងខុសប្លែកពីគ្នា ឥឡូវសូមអ្នកម្តាយនាំគ្នាមកមើលថា តើការគេងលក់ក្នុងវ័យនីមួយៗរបស់កូនយ៉ាងណាខ្លះ? ដូចតទៅ ៖

អាថ៌កំបាំងនៃការគេងរបស់ក្មេងដែលមនុស្សធំគួរដឹង

ជាទូទៅយើងនឹងឃើញថា ទារកទើបនឹងកើតនេះគេងលក់ស្ទើរតែគ្រប់ពេលវេលា តែជឿទេថា ដែលយើងឃើញថា ទារក កំពុងគេងលក់នោះ ការពិតទៅកូនតូចមិនបានគេងលក់ពេញលេញមែនទែននោះទេ ព្រោះមិនថាពេលគេងលក់ ឬពេលភ្ញាក់នោះទេ ខួរក្បាលតូចៗរបស់ទារកបែរជាស្វាហាប់ក្លៀវក្លាគ្រប់ពេលវេលា ដោយអ្នកស្រាវជ្រាវ និងអ្នកជំនាញការបានណែនាំលោកឪពុកអ្នកម្តាយថ្មោងថ្មីថា មិនចាំបាច់ធ្វើឱ្យបន្ទប់គេងស្ងប់ស្ងាត់ជ្រុលពេកទេ អាចបើកបទភ្លេងកំដរស្រាលៗ បើកភ្លើងភ្លឺព្រាលៗ ឬមានសំឡេងជជែកគ្នារវាងឪពុកម្តាយស្ងាត់ៗ វានឹងហុចផលល្អ ព្រោះកូនតូចអាចនឹងកំពុងផ្អៀងត្រចៀកចាំស្តាប់សំឡេងរបស់លោកអ្នកក៏អាចថាបានដែរ រឹតតែសំឡេងរបស់លោកឪពុកអ្នកម្តាយផងនោះ រឹតតែធ្វើឱ្យគេមានអារម្មណ៍កក់ក្តៅក្នុងចិត្តខ្លាំងឡើងទៀតផង។

បន្ទាប់មកលោកឪពុកអ្នកម្តាយគួរយល់ដឹងអំពីរយៈពេលដែលក្មេងត្រូវការគេងសម្រាកក្នុងអំឡុងវ័យរបស់គេ អ្នកជំនាញការខាងពេទ្យកុមារ បានអធិប្បាយអំពីអំឡុងពេលនៃការគេងសម្រាករបស់កុមារដូចតទៅ៖

– កុមារវ័យ1-2ឆ្នាំ៖ នឹងគេងក្នុងមួយថ្ងៃប្រមាណជា12ម៉ោង ដោយគេងនៅពេលថ្ងៃប្រមាណជា1ម៉ោង។
– កុមារវ័យមត្តេយ្យ វ័យ3-5ឆ្នាំ៖ នឹងគេងប្រមាណជា8-12ម៉ោង ឯការគេងលក់នៅពេលថ្ងៃវិញ អាស្រ័យលើកុមារម្នាក់ៗ និងកិច្ចការងារដែលបានធ្វើក្នុងមួយថ្ងៃៗថា តើវាសាងនូវភាពនឿយហត់អស់កម្លាំងខ្លាំងប៉ុនណា?
– កុមារវ័យ5-6ឆ្នាំ៖ កុមារក្នុងវ័យនេះមានចំនួនច្រើនណាស់ដែលមិនព្រមគេងថ្ងៃ ដូច្នេះមិនចាំបាច់កង្វល់ទេ បើនៅពេលយប់ក្មេងបានគេងលក់គ្រប់គ្រាន់ តែកិច្ចការងារនៅពេលរសៀលវាគួរតែជាកិច្ចការងារស្រាលៗ ដើម្បីឱ្យកុមារមានអារម្មណ៍ធូរស្រាល។

ពាក្យណែនាំសម្រាប់លោកឪពុកអ្នកម្តាយ
ដំបូងគេ គឺមិនគួរឱ្យកូនចូលគេងយប់ជ្រៅទេ គួរបង្ហាត់ឱ្យភ្ញាក់ពីព្រឹករហូតក្លាយជារឿងប្រក្រតី សម្រាប់ថ្ងៃឈប់សម្រាកដែលមិនបានទៅរៀន គួរនាំកូនតូចធ្វើកិច្ចការងារផ្សេងៗ ឬនាំកូនហាត់ប្រាណនៅពេលព្រឹក ឬពេលថ្ងៃៗបន្តិច ដើម្បីឱ្យក្មេងបានប្រើប្រាស់កម្លាំងថាមពល លុះដល់ពេលរសៀលកូននឹងបានងងុយ ហើយគេងលក់បានស្រួលតែម្តង៕

Advertisement