ស្ត្រី​មានគភ៌​តែងខ្លួន​បែបណា​ឱ្យ​មើលទៅ​ស្អាត​បែប Fashion

សូម​ទទួលស្គាល់​ទៅ​ថា ស្ត្រីៗយើង​ទោះជា​កាលពីពេល​មិនទាន់​មានគភ៌ ធ្លាប់មាន​រូបរាង​ស្គម​ស្វែ​ល​ស្អាត​ខ្ញង់​លំដាប់​បវរកញ្ញា​ខ្លាំង​ប៉ុនណា​ក៏ដោយ តែ​ដល់ពេល​មាន​ផ្ទៃពោះ​ច្បាស់​ជា​មើលទៅ​ឃើញ​ធាត់​កន្ទ្រល និង​ថែមទាំង​ទ្រោម​ស្រពោន​ខុស​កាលពីមុន​ទាំងស្រុង។ តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​ស្ត្រី​គ្រប់រូប​នៅតែ​ចង់ឱ្យ​ខ្លួនឯង​មើល​មក​ស្រស់ស្អាត​គ្រប់ពេលវេលា​ជានិច្ច​ដែរ ដូច្នេះ​មិនថាតែ​ពេល​មានគភ៌ ឬ​មិនមាន​ក៏ដោយ ហើយ​ដើម្បី​ជាការ​បន្ថែម​ភាពជឿជាក់​លើ​ខ្លួនឯង សូម​ស្ត្រី​មានគភ៌​ទាំងឡាយ​នាំយក​តិច​និក​ការតុបតែង​ខ្លួន​ខាងក្រោម​នេះ​ទៅប្រើ​សាកល​មើល ទោះជា​ក្នុងអំឡុងពេល​មានគភ៌​ក៏ដោយ​ក៏​ស្ត្រី​យើង​នៅតែ​មើលទៅ​ស្អាត​ខ្ញង់​ដែរ។

1/ តែងខ្លួន​បែបងាយៗក្នុង​ថ្ងៃសប្បាយ៖ ក្នុង​ថ្ងៃ​ធម្មតា​ដែល​ស្ត្រី​មានគភ៌​ចង់​ចេញទៅ​ទិញ​ឥ​វ៉ាន់​នៅ​ខាងក្រៅ​ផ្ទះ​បន្តិចបន្តួច​នោះ ការពាក់​យឺត​វាល​ក្លៀក​ខ្លួន​រាង​វែង​បន្តិច ជាមួយនឹង​ខោ​ខូវប៊យ​ចង្កេះធូរៗក៏​គួរតែ​ល្មម​គ្រប់គ្រាន់​ហើយ។ ព្រោះ​ឈុត​បែបនេះ​នឹង​ជួយ​ឱ្យ​ដងខ្លួន​របស់​ស្ត្រី​មានគភ៌​មើលទៅ​ឃើញ​រាង​វែង​ខ្ពស់​ឡើង​រហូត​មាន​អារម្មណ៍​ថា រាង​ស្គម និង​ដើម្បីឱ្យ​រូបរាង​មើល​មក​ឃើញ​រាង​ស្វែ​ល​ឡើង​បន្តិច​ទៀតផង អ្នក​គួរ​ជ្រើសរើស​ស្លៀក​ពណ៌​បែបដិតៗបន្តិច ដូចជា ពណ៌​ខ្មៅ ឬ​ពណ៌​ទឹកប៊ិច​ចាស់ ព្រោះ​វា​នឹង​ជួយ​លាក់​រូបរាង​របស់​អ្នក​បាន​យ៉ាង​ល្អ។

2/ ស្លៀកសំពត់​ខ្លី៖ ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​អ្នក​ក៏​អាច​យក​ឈុត​ដ្រេ​សមក​ស្លៀក​បាន​ដូចគ្នា​ដោយ​គ្រាន់តែ​យក​សំពត់​ដ្រេ​ស​នោះមក​ចាប់​គូ​ជាមួយ​ខោ​សាច់​ក្រណាត់​យឺត​ជើងវែង ក៏​អូ​ខេ​បាត់ទៅហើយ ឬ​ចង់​ស្លៀក​ជាមួយ​សំពត់​វែង​រាង​ស្មើ​ចុះក្រោម ក៏​មើល​មក​ឃើញ​ស្អាត​ម្យ៉ាងដែរ។

3/ ស្អាត​ស្រទន់​ដោយ​សំពត់​រ៉ូ​ប​វែង៖ សំពត់​រ៉ូ​ប​វែង គឺជា​ឈុត​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់រូប​គួរ​មាននៅ​ក្នុង​ទូ​សម្លៀកបំពាក់ ព្រោះ​ស័ក្តិសម​សម្រាប់​មនុស្ស​មាន​ផ្ទៃពោះ​បំផុត។ តាមរយៈ​សំពត់​រ៉ូ​ប​មាន​លក្ខណៈ​វែង​ចុះក្រោម រីក​ធំ​ទៅ​ក្រោម​ចាប់តាំងពី​ទ្រូង​ចុះទៅ​បែបនេះ នឹង​ជួយ​លាក់​រូបរាង​របស់​ស្ត្រី​មានគភ៌​ឱ្យមើល​ទៅ​ឃើញ​ស្គម​បាន ធ្វើឱ្យ​មិន​មើលឃើញ​ក្បាលពោះ និង​ត្រគាក​ច្បាស់​នោះទេ ហើយ​ឈុត​នេះ​ថែមទាំង​មិន​រឹប​ណែន​រហូត​ធ្វើឱ្យ​ធុញថប់​ដូច​ឈុត​ផ្សេង​ទៀតផង។

4/ ចាប់​គូ​សំពត់​ខោអាវ​ឱ្យ​ត្រូវ៖ ព្រោះ​ការជ្រើសរើស​ចាប់​គូ​សំពត់​ខោអាវ​នេះ​នឹង​ជួយ​ធ្វើឱ្យ​រូបរាង​របស់​ស្ត្រី​មានគភ៌​មើល​មក​មាន​រាង​មាន​រៅ​ល្អ​ឡើង ដូច្នេះ​អ្នក​គួរតែ​ដឹង​អំពី​តិច​និក​ការចាប់​គូ​សំពត់​ខោអាវ​ដើម្បី​ស្លៀក​ហើយ​ឱ្យ​រូបរាង​មើល​ហើយ​ឃើញ​ស្អាត​ដូចជា ចៀសវាង​ការ​ពាក់អាវ ជាមួយ​សំពត់​រលុងធំៗជាដើម ព្រោះ​នឹងធ្វើ​ឱ្យ​រូបរាង​របស់​ស្ត្រី​មានគភ៌​មើល​មក​ឃើញ​ធំ​ណែន។

5/ គ្រឿងអលង្ការ​តុបតែង​ខ្លួន​ក៏​សំខាន់៖ ជា​រឿង​ប្រក្រតី​ដែល​ផ្ទៃមុខ​របស់​ស្ត្រី​នឹង​មើលទៅ​ឃើញ​ទ្រោម​ស្រពោន​ក្នុងខណៈ​មាន​ផ្ទៃពោះ ព្រោះ​ស្ត្រី​មានគភ៌​នឹងមាន​អារម្មណ៍​នឿយ​ល្វើយ​គ្រប់ពេលវេលា​ហើយ​ថែមទាំង​ពេលខ្លះ​នៅ​អាច​កើត​អាការ​ចាញ់កូន​ខ្លាំង​រហូត​ធ្វើឱ្យ​រាងកាយ​មើលទៅ​ចុះ​ទ្រុឌទ្រោម តែ​ការ​បាន​ពាក់​គ្រឿងអលង្ការ​តុបតែង​បន្តិចបន្តួច ដូចជា ចិញ្ចៀន ក្រវិល កងដៃ ឬ​ដង្កៀប​កៀប​សក់ស្អាតៗ ក៏​ជួយ​ឱ្យ​ស្ត្រី​មានគភ៌​មើលទៅ​ស្អាត​ស្រស់ស្រាយ​បានដែរ៕

Advertisement