ជួយ​យ៉ាងណា ពេល​កូន​ឈ្លោះ​គ្នា​ជាមួយ​ពួកម៉ាក?

មិត្តភាព​របស់​ក្មេង​វ័យ​ជិត​ចូល​វ័យ​ជំទង់​ច្រើនតែ​មិនសូវ​ជា​ស្ថិតស្ថេរ​យូរអង្វែង​ប៉ុន្មាន​ទេ ជា​មធ្យម​ច្រើនតែ​សេពគប់​គ្នា​បានតែ​ប្រមាណ​ជា1ឆ្នាំ​ប៉ុណ្ណោះ ព្រោះ​ច្រើន​តែមាន​មិត្តភក្តិថ្មីៗទៀត​នៅពេល​ឡើងទៅ​ថ្នាក់ខ្ពស់ ឬ​មាន​ចំណាប់អារម្មណ៍​ខុសប្លែក​ពីគ្នា តែ​កូន​របស់​អ្នក​អាច​នឹង​ប្រេះ​ធ្លាយ​បេះដូង​នៅពេល​មិត្តភក្តិ​ដែល​ធ្លាប់តែ​និយាយ​រកគ្នា​បែរជា​ព្រងើយកន្តើយ​ដាក់ ដោយសារតែ​ការ​ទាស់ចិត្ត​គ្នា​ក្នុង​រឿង​ណាមួយ ដែល​រឿងនេះ​ក្នុងនាម​អ្នកជា​ឪពុកម្ដាយ​ត្រូវតែ​ជួយ​កូន​ក្នុងការ​សម្រាល​ការ​ខូចចិត្ត​ក្នុង​គ្រានេះ។

– ទទួល​ស្ដាប់​កូន​យ៉ាង​អាណិត​មេត្តា ព្រោះ​ក្មេង​វ័យ​នេះ​ច្រើនតែ​ចង់ឱ្យ​ឪពុកម្ដាយ​យកចិត្តទុកដាក់​ស្ដាប់​ពី​បញ្ហា​របស់ខ្លួន។ បើ​កូន​ចង់​និយាយ​អំពី​រឿង​ដែល​ឈ្លោះ​គ្នា​ជាមួយ​មិត្តភក្តិ​នោះ អ្នក​ក៏គួរតែ​យកចិត្តទុកដាក់​ស្ដាប់​យ៉ាងពិត​ប្រាកដ និង​កុំ​សម្រេចសេចក្ដី​ថា អ្នកណា​ខុស ឬ​ត្រូវ ឬ​បញ្ចេញយោបល់​ដូចជា “ម៉ាក់​ថា​ហើយ​ថា កូន​ឯង​មិនគួរ​ទៅ​សេពគប់​ជាមួយ​ម្នាក់​ហ្នឹង​ទេ” ជាដើម ព្រោះ​មានតែ​នឹងធ្វើ​ឱ្យ​កូន​រឹតតែ​ខឹង និង​សោកស្ដាយ​កាន់តែខ្លាំង​ឡើង។ គ្រាន់តែ​ងក់ក្បាល​យ៉ាង​យល់ចិត្ត និង​និយាយ​លួងលោម​កូន​ថា “អ៊ើ ពិបាក​មែន​ម៉ាក់​ដឹង​ហើយ​ថា​កូន​កំពុងមាន​អារម្មណ៍​យ៉ាងណា។

– ផ្ដល់នូវ​ពាក្យ​ណែនាំ​នៅពេល​កូន​ត្រូវការ តែ​កុំ​បង្ខំ​បើ​កូន​មិន​យល់ស្រប ព្រោះ​នឹង​រឹតតែ​ធ្វើឱ្យ​កូន​កាន់​តែមាន​អារម្មណ៍​ខឹង​ខ្លាំង​ឡើង។ បើ​កូន​របស់​អ្នកជា​អ្នក​ខុស ចូរ​អធិប្បាយ​យ៉ាងសន្សឹមៗ មួយៗឱ្យគេ​បាន​យល់ ដើម្បី​កុំឱ្យ​កូន​ធ្វើ​ខុសឆ្គង​ម្ដងទៀត ដោយ​អាច​នឹង​និយាយ​ទៅកាន់​កូន​ថា “កូន​សាកល្បង​គិត​មើលទៅ​មើលថា បានធ្វើ​អ្វីខ្លះ​ឱ្យ​ពួកម៉ាក​ខូចចិត្ត​ដែរឬទេ?” ជាដើម។

– កុំ​ជ្រួលច្របល់​រហូត​ជ្រុល​ពេក។ ការ​ទូរស័ព្ទ​ទៅ​មិត្តភក្តិ​របស់​កូន ឬ​ឪពុកម្ដាយ​របស់​មិត្តភក្ដិ​កូន​ដែល​ឈ្លោះ​គ្នា​ដើម្បី​រក​ខុស រក​ត្រូវ ឬ​កែសម្រួល​សម្ពន្ធភាព​ឡើងវិញ ច្រើនតែ​ធ្វើឱ្យ​រឿង​រឹតតែ​ច្រ​បូល​ច្របល់​រញ៉េរញ៉ៃ​កាន់តែ​ធំ​ឡើង ហើយ​កូន​ក៏​ប្រហែលជា​មិន​ពេញចិត្ត​ដែរ​ដែល​អ្នកធ្វើ​បែបនេះ។

– ចែករំលែក​បទពិសោធ​របស់​ខ្លួនឯង​ឱ្យ​កូន​បានដឹង កូន​នឹងមាន​អារម្មណ៍​ធូរស្រាល​ឡើង​នៅពេល​ដឹងថា កាលពី​អាយុ​នៅប្រហែលៗហ្នឹង អ្នក​ក៏​ធ្លាប់​ឈ្លោះ​ជាមួយ​មិត្តភក្ដិ​ដូចគ្នា​ដែរ និង​អាច​ទប់​ទល់នឹង​បញ្ហា​នោះបាន​ទៀតផង។

– ណែនាំ​ឱ្យ​កូន​រក​មិត្តភក្តិ​ថ្មី ដែល​អាច​នឹង​ជួយ​ធ្វើឱ្យ​អារម្មណ៍​របស់​កូន​បានល្អ​ឡើងវិញ និង​លែង​សូវ​ខូចចិត្ត​ជាមួយនឹង​រឿងចាស់ៗ និង​កុំទៅ​កង្វល់​ខ្វល់ខ្វាយ​នៅពេល​ឃើញថា កូន​មាន​មិត្តភក្តិ​តែម្នាក់ ឬ​ពីរ​នាក់​នោះ​អី ព្រោះ​មិត្តភាព​ដែល​ល្អ មិនបាន​មានន័យថា ត្រូវតែមាន​មិត្តភក្ដិច្រើនៗជានិច្ច​នោះទេ។

ឪពុកម្ដាយ​គឺជា​មិត្តភក្ដិ​ដំបូង​គេ​របស់​កូន និង​ជាម​នុស្ស​ដែល​កូន​ទុកចិត្ត​បំផុត​នៅពេល​មាន​បញ្ហាម្ដងៗ ដូច្នេះ​ការទទួល​ស្ដាប់​បញ្ហា​របស់​កូន​យ៉ាង​យល់ចិត្ត​ដោយ​មិនចាំបាច់​និយាយ​អ្វី​ក៏​ធ្វើឱ្យ​កូន​បាន​ធូរស្បើយ​មួយកម្រិត​ដែរ ហើយ​អធិប្បាយ​ពន្យល់​កូន​ដោយ​ក្ដី​ស្រឡាញ់ និង​អាណិតអាសូរ គឺជា​ភារកិច្ច​របស់​ឪពុកម្ដាយ៕

Advertisement