ទ្រាំ​មិន​បត់ជើងតូច​ញឹកញាប់ ក្នុងអំឡុងពេល​មានគភ៌ ធ្វើឱ្យ​រលូត​កូន​មែនឬ?

រឿង​ដែល​ប្រែប្រួល​យ៉ាង​មើលឃើញ​ច្បាស់​ក្នុងអំឡុង​ពេលដែល​ស្ត្រី​កំពុង​តាំង​គភ៌ ក្រៅពី​នឹងមាន​ទំហំ​ពោះ​ដែល​ធំ​ឡើង​រៀងរាល់ថ្ងៃ​ហើយ​នោះ នៅមាន​ទង្វើ​ដែល​ប្លែក​ម្យ៉ាងទៀត​គឺ មាន​អារម្មណ៍​ថា ឈឺ​បត់ជើងតូច​ញឹកញាប់​ណាស់ ហើយ​ត្រូវ​ចូល​បន្ទប់ទឹក​ញឹកញាប់​ដែរ បើ​ប្រៀបធៀប​នឹង​ពេលមុន​មានគភ៌ តែ​ដោយសារតែ​ការដែល​ត្រូវ​ចូល​បន្ទប់ទឹក​ញឹកញាប់​នេះឯង ដែល​ធ្វើ​ស្ត្រី​មានគភ៌​មួយចំនួន​ជ្រើសរើស​ក្នុងការ​ទ្រាំ​មិន​ទៅ​បត់ជើងតូច ដែល​លទ្ធផល​នៃ​ការ​ទ្រាំ​ខំ​ទប់​មិន​ទៅ​បត់ជើងតូច​នេះ អាច​នឹង​ធ្វើឱ្យ​រលូត​កូន ឬ​ប្រសូត​មុន​កំណត់​បាន។

បញ្ហា​ឈឺ​បត់ជើងតូច​ញឹកញាប់​នេះ​ច្រើន​កើតឡើង​ក្នុងអំឡុងពេល​តាំង​គភ៌ 3ខែ​ដំបូង​ហើយនឹង​កើតឡើង​ម្ដងទៀត គឺ​នៅក្នុង​អំឡុងពេល​ជិត​ប្រសូត។ មូលហេតុ ព្រោះថា ក្នុងអំឡុងការតាំង​គភ៌3ខែ​ដំបូង​នេះ ស្បូន​នឹងមាន​ការពង្រីក​ខ្លួន​ធំ​ឡើង ធ្វើ​ឱ្យទៅ​ប្រជ្រៀត​ជាមួយនឹង​ប្លោកនោម ហើយ​ថែមទាំង​មាន​ចរន្តឈាម​ដែល​ហូរ​វិល​មក​បរិវេណ​ឆ្អឹងត្រគាក​ច្រើនឡើង​ផងដែរ​នោះ ទើប​ធ្វើឱ្យមាន​អារម្មណ៍​ឈឺ​បត់ជើងតូច​ញឹកញាប់។

ចំណែក​ក្នុងអំឡុងពេល​ជិត​ប្រសូត ក៏​កើត​អា​ការឈឺ​បត់ជើងតូច​ញឹកញាប់​ទៀត​ដូចគ្នា ដោយសារតែ​ក្បាល​របស់​ទារក​នៅក្នុង​គ​ភ៌​បាន​រំកិល​ទៅជិត និង​សង្កត់ពីលើ​បរិវេណ​ថ្ងាស (ពោះក្រោម​ផ្ចិត) របស់​ម្ដាយ ដែល​ក៏​នឹង​ទៅ​ប្រជ្រៀត​នឹង​ប្លោក​ទឹកមូត្រ​ដូចគ្នា។ តែ​ដោយសារតែ​ស្ត្រី​ដែល​កំពុង​តាំង​គភ៌​ជាច្រើន​ត្រូវធ្វើ​ការងារ​ក្រៅ​ផ្ទះ មិន​ងាយស្រួល​ក្នុង​ការចូល​បន្ទប់ទឹក ទើប​ប្រើ​វិធី​ទ្រាំ​ទប់​មិន​ទៅ​បន្ទោបង់ ដែល​លទ្ធផល​នៃ​ការ​ទប់​ទ្រាំ​មិន​បន្ទោបង់​នេះ (មិន​ថា​ក្នុងអំឡុងពេល​មានគភ៌ ឬក៏​អត់​នោះទេ) នឹងធ្វើ​ឱ្យ​ប្លោក​ទឹកមូត្រ​ឆ្លង​មេរោគ ហើយយូរៗទៅ​ក៏​នឹង​ចាប់ផ្ដើម​កើតមាន​អាការ​ដូចជា បន្ទោបង់​មិន​អស់ (ដូចជា​នៅ​ឈឺ​បត់ជើងតូច​ទៀត តែ​ទឹកមូត្រ​លែងចេញ​ហើយ) និង​នៅពេល​ធ្ងន់ធ្ងរ​ខ្លាំង​ឡើង ក៏​នឹងមាន​ទឹកមូត្រ​ចេញមក​តិច (តែ​ញឹកញាប់​ឡើងជារឿយ) និង​ទីបំផុត​អាច​នឹង​ដល់​ថ្នាក់​រលាក​បំពង់​សាជី​ក្រលៀន ដែល​អាចធ្វើឱ្យ​រលូត​កូន ឬ​ប្រសូត​មុន​កំណត់​បាន។

វិធី​កែប​ញ្ហា​សម្រាប់​ស្ត្រី​ដែល​កំពុង​តាំង​គភ៌​និង​មិន​ងាយស្រួល​ក្នុង​ការចូល​បន្ទប់ទឹក​ក្នុងអំឡុងពេល​ធ្វើដំណើរ​គឺ ចូរ​ព្យាយាម​ចៀសវាង​ការទទួល​ទាន​ទឹក​មុនពេល​ចេញពីផ្ទះ​រយៈពេល 1ម៉ោង ដូចជា ប្រុង​ចេញទៅ​ក្រៅ​នៅ​ម៉ោង 10ព្រឹក ដូច្នេះ​ក្រោយ​ម៉ោង 9ព្រឹក​មិនគួរ​ទទួលទាន​ទឹក​ឡើយ ហើយ​គួរ​បត់ជើងតូច​ឱ្យ​ហើយ​មុនពេល​ចេញទៅ​ក្រៅ ទោះជា​មិន​ឈឺ​ក៏ដោយ លុះ​ពេលទៅដល់​គោលដៅ​ហើយ សឹម​ទទួលទាន​ទឹក​បំពេញ​វិញ​ក៏​អាចជួយ​កែខៃ​បញ្ហា​នេះ​បានដែរ៕

Advertisement