មែនឬ? ស្ត្រី​មានគភ៌ ស្អប់​អ្នកណា ខឹង​អ្នកណា កូន​កើតមក​នឹង​ដូច​ម្នាក់​នោះ?

ជំនឿ​ដែលថា បើ​ស្ត្រី​មាន​ផ្ទៃពោះ​ខឹង​អ្នកណា ឬ​ស្អប់​អ្នកណា កូន​កើតមក​នឹង​ដូច​ម្នាក់​នោះ វា​អាច​មើល​ទៅជា​រឿង​មួយ​ដែល​ស្ត្រី​មានគភ៌​មួយចំនួន​ក៏​ជឿ តែ​ខ្លះទៀត​និយាយថា វា​មិនមាន​ពាក់ព័ន្ធ​គ្នា​ទេ។

នៅក្នុង​ការពិត​វិញ មូលហេតុ​ដែល​ធ្វើឱ្យមាន​ការនិយាយតៗគ្នា​ឡើង​ថា បើ​អ្នកមាន​ផ្ទៃពោះ​ស្អប់​អ្នកណា កូន​កើតមក​នឹង​ស្រដៀង​នឹង​ម្នាក់​នោះ វា​អាចជា​ឧបាយកល​របស់​មនុស្ស​សម័យបុរាណ​ដែល​មិន​ចង់ឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​មាន​សុខភាព​ផ្លូវចិត្ត​មិនល្អ និង​មិន​ចង់ឱ្យមាន​ភាព​តានតឹង ធុញថប់ មួម៉ៅ​រហូត​ហុច​ផល​មិនល្អ​ទៅដល់​ទារក​នៅក្នុង​គភ៌​ហ្នឹងឯង។

មែនឬ​អត់? ស្ត្រី​មានគភ៌​សម្លឹងមើល​រូបថត​មនុស្ស​ដែល​ខ្លួនឯង​ពេញចិត្ត កូន​កើតមក​នឹងមាន​មុខមាត់​ដូច​មនុស្ស​ម្នាក់​នោះ?

ក្នុង​ផ្លូវ​ផ្ទុយគ្នា​វិញ ជំនឿ​ដែលថា បើ​អ្នកមាន​ផ្ទៃពោះ​សម្លឹងមើល​រូបថត​មនុស្ស​ដែល​ខ្លួនឯង​ពេញចិត្ត ឬ​នឹកឃើញ​រឿង​ដែល​ខ្លួនឯង​ចូលចិត្ត កូន​ប្រសូត​ចេញមក​ក៏​នឹងមាន​មុខមាត់​ដូច​មនុស្ស​ម្នាក់​នោះ ឬ​ចូលចិត្ត និង​មាន​ទេពកោសល្យ​ក្នុង​រឿង​ដែល​ម្ដាយ​តែង​នឹកឃើញ​ញឹកញាប់​កាលពីពេល​តាំង​គភ៌​នោះឯង។ ជំនឿ​នេះ ក៏​អាចជា​ឧបាយកល​មួយទៀត​របស់ចាស់ៗបុរាណ​ដែល​ចង់ឱ្យ​ស្ត្រី​មានគភ៌​មាន​សុខភាព​ផ្លូវចិត្ត​ដែល​ល្អ​នឹក​ឃើញតែ​រឿងល្អៗនឹង​បាន​សប្បាយចិត្ត​ហ្នឹងឯង។

នៅក្នុង​ការពិត​វិញ លក្ខណៈ​ខាង​រូប​កាយ​របស់​កូន​នៅក្នុង​ផ្ទៃ​នោះ ត្រូវបាន​កំណត់ដោយ​មាន​តួ​ហ្ស៊ែ​ន​ជាច្រើន​ផ្គុំ​ចូលគ្នា ដោយ​កូនតូច​នឹង​បានទទួល​ហ្ស៊ែ​ន​ទាំងពី​ឪពុក និង​ម្ដាយ មិនមែន​បាន​ពី​នរណាម្នាក់​ផ្សេង​ឡើយ។ ទោះជា​សម្លឹងមើល​រូបថត​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ចូលចិត្ត​យូរ​ប៉ុនណា​ក៏ដោយ ក៏​មុខមាត់​របស់​កូន​មិន​ខុសប្លែក​ពី​ហ្ស៊ែ​ន​ដែល​បានទទួល​ពី​ឪពុក និង​ម្ដាយ​ដែរ។

អី​ចឹ​ង តើ​ចរិត​និស្ស័យ​របស់​កូន​បានមកពី​នរណា?

ចំណែកឯ​រឿង​ចរិត​និស្ស័យ​របស់​កូន​វិញ​នោះ ទោះជា​ការចម្លង​បន្ត​ខាង​ពូជ​អម្បូរ​នឹងមាន​ចំណែក​កំណត់​លក្ខណៈ​ចរិត​និស្ស័យ​របស់​ក្មេង​ក៏ដោយ តែ​ការចិញ្ចឹម​មើលថែ និង​សភាព​បរិស្ថាន​ជុំវិញខ្លួន ក៏​ជា​បច្ច័យ​ចម្បង​ដែល​ហុច​ផល​ដល់​ចរិត​និស្ស័យ​របស់​កូន​បានដែរ។ ក្រៅពីនោះ​ហើយ ការរស់នៅ​ប្រចាំថ្ងៃ​របស់​ឪពុក និង​ម្ដាយ​អ្នក​ចិញ្ចឹម​មើលថែ ឬ​ឧបនិស្ស័យ​ផ្ទាល់ខ្លួនខ្លះៗក៏​អាច​ហុច​ផល​ដល់​ចរិត​និស្ស័យ​របស់​ក្មេង​បានដែរ។ បើ​កូន​កើតមក​ហើយ កូន​មើលឃើញ​ទង្វើ​ដូចជា ម្ដាយ​ចូលចិត្ត​រអ៊ូរទាំ ឬ​និយាយដើម​នរណាម្នាក់ កូន​ក៏​អាច​នឹង​ជ្រួតជ្រាប​ចរិត​និស្ស័យផ្សេងៗទាំងនោះ​តាម​បានជាបណ្ដើរៗដូចគ្នា។

ទារក​ក៏ដូចជា​ក្រណាត់ស​ដូច្នោះ​ដែរ ការដែល​ក្មេង​នឹងមាន​ចរិត​និស្ស័យ​ល្អ ឆ្លាត វាងវៃ​បាន​នោះ​ក្រៅពី​ហ្ស៊ែ​ន​ពូជ​របស់​ឪពុក និង​ម្ដាយ​ហើយ​នោះ​នៅ​ត្រូវ​អាស្រ័យ​លើ​ការចិញ្ចឹម​មើលថែទាំ​ដែល​ល្អ បរិស្ថាន​ជុំវិញខ្លួន​ដែល​ល្អ​ស័ក្តិសម និង​ការជំរុញ​ដ៏​ល្អ​ពី​ក្រុមគ្រួសារ​ផងដែរ៕

Advertisement