វីតាមីន​សំខាន់ 8យ៉ាង ដែល​គួរ​បានទទួល​មុនពេល​តាំង​គភ៌ និង​ក្នុងពេល​មានគភ៌

តើ​អ្នក​គិត​យ៉ាងណាដែរ នៅពេល​ជិត​មាន​សមាជិក​ថ្មី​ម្នាក់​កើតឡើង​នៅក្នុង​ជីវិត និង​ក្នុង​គ្រួសារ​របស់​អ្នក? អ្នក​ប្រហែលជា​ត្រេកអរ​ខ្លាំងណាស់​និង​ប្រាកដ​ក្នុង​ចិត្ត​បានតែ​ម្ដងថា អ្នក​ត្រូវតែ​បំប៉ន​គភ៌​មួយ​នេះ​យ៉ាង​ល្អ​បំផុត ហើយ​អ្វីដែល​អ្នកនឹង​ធ្វើ​ចំពោះ​កូន​សម្លាញ់​របស់​អ្នក​ក្នុងអំឡុងពេល​តាំង​គភ៌​នោះ​គឺ ការទទួល​ទាន​អាហារ​ដែល​ល្អ និង​មាន​ប្រយោជន៍​ដល់​រាងកាយ​របស់​កូន​ដែល​នៅក្នុង​គភ៌។ អាហារ​គឺ​សំខាន់​មិនអាច​ខ្វះ​បានឡើយ បើ​អ្នកមាន​ផែនការ​ចង់បាន​បុត្រ នោះ​គឺ​ការ​ទទួលទាន​វីតាមីន ហើយ​បើ​ចង់ឱ្យ​ល្អ​បំផុត​នោះ អ្នក​គួរតែ​ទទួលទាន​តាំងពី​មុនពេល​តាំង​គភ៌ និង​ក្នុងអំឡុងពេល​មានគភ៌ ហើយ​វីតាមីន​ដែល ឡា​រ៉ែ​ន ចង់​ណែ​នាំឱ្យ​ទទួលទាន មាន​ដូចតទៅ ៖

1/ អាស៊ីត​ហ្វូ​លិ​ក

អាស៊ីត​ហ្វូ​លិ​ក មាន​ភាព​សំខាន់​ខ្លាំងណាស់​សម្រាប់​ស្ត្រី​មានគភ៌​គ្រប់រូប។ ស្ត្រី​ដែលមាន​ផែនការ​ចង់បាន​កូន​គួរ​ទទួលទាន​អាស៊ីត​ហ្វូ​លិ​ក​យ៉ាងតិច​មុនពេល​មានគភ៌1-3ខែ ហើយ​បើ​ដឹងថា ខ្លួន​តាំង​គភ៌​ហើយ គួរតែ​ទទួលទាន​ភ្លាម​តែម្ដង​ព្រោះ​អាស៊ីត​ហ្វូ​លិ​ក​នឹង​ជួយ​កាត់បន្ថយ​ភាព​ពិការ​តាំងពី​ពេល​កើត​ដំបូង​របស់​ទារក​បាន។ ស្ត្រី​អាច​ទទួលទាន​អាស៊ីត​ហ្វូ​លិ​ក​ក្នុង​រូប​បែប​ជា​ថ្នាំ ឬ​អាហារ​ក៏បាន អាស្រ័យ​លើ​ភាពងាយស្រួល។ បើ​ត្រូវការ​ទទួលទាន​ជា​អាហារ​ក៏មាន​ដូចជា គ្រាប់​សណ្ដែកខ្មៅ បន្លែ​ស្លឹក​បៃតង ស្លឹក​ផ្ទី និង​ថ្លើម ជាដើម។

2/ វីតាមីន C

បើ​ស្ត្រី​ដែល​ចាប់ផ្ដើម​តាំង​គភ៌​បាន​ទទួលទាន​វីតាមីន C យ៉ាង​ត្រឹមត្រូវ នឹង​ជួយ​ការពារ​ការ​រលូត​បុត្រ​បាន ហើយ​បើ​ចំពោះបុរសៗដែល​ត្រូវ​ការចង់ឱ្យ​ភរិយា​របស់ខ្លួន​មានកូន​វិញ​នោះ ក៏​គួរតែ​ទទួលទាន​វីតាមីន​ឱ្យច្រើនៗដែរ ព្រោះ​វា​នឹង​ជួយ​បង្កើន​បរិមាណ​ទឹកអសុចិ និង​ធ្វើឱ្យ​មេជី​វិត​រឹងមាំ​ទៀតផង។

3/ វីតាមីន E

វីតាមីន E សំខាន់​ខ្លាំងណាស់ ទាំង​ស្ត្រី ទាំង​បុរស។ សម្រាប់​បុរស វីតាមីន E នឹងធ្វើ​ឱ្យ​ទឹក​មេជី​វិត​រឹងប៉ឹង ហើយ​សម្រាប់​មនុស្ស​ស្រី​នឹងធ្វើ​ឱ្យ​ចរន្ត​នៃ​ការទម្លាក់​ស៊ុត​ញី​ដំណើរការ​យ៉ាង​ប្រក្រតី។

4/ ជាតិ​ស័ង្កសី

សំខាន់​សម្រាប់​ទាំង​បុរស និង​ទាំង​ស្ត្រី​គ្រប់រូប​ដូចគ្នា ព្រោះ​នឹងធ្វើ​ឱ្យ​ប្រព័ន្ធ​បន្ត​ពូជ​ធ្វើការ​បានល្អ និង​ការ​បំបែក​ខ្លួន​របស់​កោសិកា​ធ្វើការ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ប្រភព​អាហារ​ដែល​សម្បូរ​ដោយសារ​ធាតុ​សំខាន់​មួយ​នេះ​រួមមាន​ដូចជា ទឹកដោះគោ​ជូរ យ៉ា​អួ សណ្ដែកខៀវ អយ​ស្ទ័​រ សាច់មាន់ បង្គា​ស្រស់ សាច់គោ គ្រាប់ល្ង និង​គ្រាប់​ល្ពៅ​ជាដើម។

5/ វីតាមីន B6

ជួយ​គ្រប់គ្រង​ប្រព័ន្ធ​ការទម្លាក់​ស៊ុត​ឱ្យ​ដំណើរការ​ប្រក្រតី​សម្រាប់​ស្ត្រី និង​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ដែលមាន​អាការ​ចាញ់កូន អាច​ទទួលទាន​វីតាមីន B6 ដើម្បី​ជួយ​សម្រាល​អាការ​នេះ​បាន។ អាហារ​ដែលមាន​វីតាមីន B6 ច្រើន មានដូចជា បន្លែ​ផ្ទី មើម​ស្ពៃ ម្ទេស ខ្ទឹមស ទំពាំង​បារាំង ប្រូ​ខូ​លី ត្រី​ធូ​ណា បន្លែ​ខាត់ណា សាច់​ត្រី ថ្លើម ស្ពៃក្ដោប និង​ជី​បារាំង។

6/ អាហារ​ដែល​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អនុ​មូល​ឥស្សរៈ

អាហារ​ពពួក​នេះ​នឹង​ជួយ​ឃុំគ្រង​ស៊ុត​ញី​របស់​ស្ត្រី និង​មេជី​វិត​របស់​បុរស​ពី​ភាពខុសប្រក្រតី​របស់​ប្រព័ន្ធ​ក្រូ​ម៉ូ​ហ្សូ​ម។ ប្រភព​អាហារ​ដែល​សំខាន់​គឺ បង្គា​ស្រស់ ផ្សិត ថ្លើម សាច់​ត្រី សាច់​ត្រី​ធូ​ណា សាច់​ត្រី​សាល់​ម៉ុ​ន និង​សាច់​ត្រី​ឆ្ពង់។

7/ សារធាតុ​ដែក

សារធាតុ​ដែក ជា​ប្រភព​អាហារ​សំខាន់​ក្នុង​ការមិន​ធ្វើឱ្យ​លោកអ្នក​កើត​ជំងឺ​លោហិត​ស្លេក និង​សំខាន់​ខ្លាំងណាស់​សម្រាប់​ស្ត្រី​មានគភ៌។ ប្រភព​អាហារ​ដែល​យើង​រក​សារធាតុ​នេះ​បាន​គឺ តៅហ៊ូ គ្រាប់សណ្ដែក បន្លែ​ត្រកួន និង​គ្រាប់​ល្ពៅ។ល។

8/ អាស៊ីត​ខ្លាញ់​ចាំបាច់ផ្សេងៗ

ដូចជា អូ​មេ​ហ្កា 3 ជាដើម វា​នឹង​ជួយ​គ្រប់គ្រង​កម្រិត​អ័រម៉ូន​របស់​ស្ត្រី​មានគភ៌ ធ្វើឱ្យ​ស្បូន​រឹងមាំ ជួយ​ដល់​ប្រព័ន្ធ​ឈាម​រត់ កាត់បន្ថយ​សភាវ​ប្រសូត​មុន​កំណត់ និង​ធ្វើឱ្យ​ទម្ងន់​ខ្លួន​កូន​ល្អ។ ប្រភព​អាហារ​សំខាន់​ដែល​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​ល្អ មាន​ដូចតទៅ សណ្ដែក​វ៉​ល​ណាត់ បង្គា​ស្រស់ ត្រី​សា​ឌី​ន ត្រី​ធូ-ណា ត្រី​សាល់​ម៉ុ​ន គ្រាប់​ហ្វ្លែ​កស៍ និង​ត្រី​ឆ្ពង់។

ស្ត្រី​ដែល​កំពុង​តាំង​គភ៌​ហើយ ឬ​កំពុង​ត្រៀមខ្លួន​ជិត​មានគភ៌ បើ​ចង់​មាន​សុខ​ភាពល្អ ក្រៅពី​ការទទួល​ទាន​អាហារ​ហើយ នៅ​ត្រូវ​ហាត់ប្រាណ​គួបផ្សំ​ផងដែរ។ សម្រាប់​ស្ត្រី​កំពុង​មានគភ៌​គួរប្រឹក្សា​ជាមួយ​គ្រូពេទ្យ​សិន​មុននឹង​ចាប់ផ្ដើម​ទទួលទាន​អាហារ​បំប៉ន​ណាមួយ និង​មិនគួរ​ទទួលទាន​ច្រើន​ជ្រុល​ពេក​នោះទេ។ អ្វីដែល​សំខាន់ គួរ​ចៀសវាង​សភាវ​ជ្រៀតជ្រែក​ពី​រោគផ្សេងៗដែល​អាច​កើតឡើង​បាន ដូចជា ការទទួល​សារធាតុពុល ឬ​ការប្រើ​ថ្នាំ​ប្រភេទ​ខ្លះ​ដែលមាន​ផលប៉ះពាល់​ជាមួយ​អ័រម៉ូន​ក្នុង​រាងកាយ៕

Advertisement