ស្លៀកពាក់​ទៅ​ប្រសូត​បែបណា​ត្រឹមត្រូវ និង​បែបណា​មិនគួរ​ស្លៀក?

បើ​ស្ត្រី​មានគភ៌​ជិត​ប្រសូត​កំពុង​រៀបចំ​កាបូប​ខោអាវ​ត្រៀមខ្លួន​ទៅ​ប្រសូត និង​ត្រៀម​របស់របរ​ប្រើប្រាស់​ដែល​ចាំបាច់​សម្រាប់​ខ្លួនឯង និង​កូនតូច​នោះ នៅ​មានរឿង​សំខាន់​ម្យ៉ាងទៀត​ដែល​ស្ត្រី​មានគភ៌​មិនគួរ​ភ្លេចភ្លាំង នោះ​គឺ ការ​ស្លៀកពាក់​តែងខ្លួន​ទៅ​ប្រសូត។ ដូច្នេះ​យើង​នាំគ្នា​មក​មើលថា តើ​ត្រូវ​ស្លៀកពាក់​តែងខ្លួន​យ៉ាងណា​ឱ្យ​ស័ក្តិសម សមរម្យ និង​ងាយស្រួល​ទាំង​ម្ដាយ និង​កូន​ដូចតទៅ។

គួរ ឬ​មិនគួរ… តើ​ត្រូវ​ស្លៀកពាក់​តែងខ្លួន​បែបណា​នៅ​ថ្ងៃ​ឆ្លងទន្លេ?

អំឡុង​ពេលនេះ​ជា​អំឡុង​ពេលដែល​ច្របូកច្របល់ និងរ​ហេនរ​ហន់​ខ្លាំង​បំផុត បើ​កើត​អាការ​បែក​ទឹកភ្លោះ​បែប​ទាន់ហន់​ដោយ​មិនបាន​ដឹងខ្លួន​មុន​ផង​នោះ ហ្នឹង​គឺជា​ការបញ្ជូន​សញ្ញា​ថា ពេលប្រសូត​បានមក​ដល់​ហើយ ដូច្នេះ​សម្លៀកបំពាក់​ដែល​ត្រៀម​ទុក​សម្រាប់​ស្លៀក​ទៅ​ប្រសូត​សំខាន់បំផុត​នាពេលនេះ ៖

គួរ៖ ជា​ឈុត​ដែល​ងាយស្រួល​ស្លៀកពាក់ សាច់​ក្រណាត់​ពាក់​ទៅ​ស្រួល ហើយ​ដែល​សំខាន់​គឺ ស្ត្រី​មានគភ៌​គួរតែ​ត្រៀម​ការ​ទុកជាមុន ដោយ​ការរៀបចំ​ឈុត​សម្រាប់​ស្លៀក​ពេល​ទៅ​ប្រសូត​ព្យួរទុក​ជាស្រេច។

មិនគួរ៖ សម្លៀកបំពាក់​ដែលមាន​ខ្សែរ​ណេង​រណោង មាន​ឡេវ​ច្រើន ឬ​ត្រូវ​រូត​ខ្សែរូត​ចុះឡើង ព្រោះ​នៅពេល​ទៅដល់​មន្ទី​ី​រ​ពេទ្យ អ្នកនឹង​ត្រូវ​ផ្លាស់​ស្លៀក​ឈុត​របស់​មន្ទីរពេទ្យ​ហើយ។

គ្រឿង​តុបតែង ឬ​គ្រឿងអលង្ការ

គួរ៖ ក្នុងអំឡុងពេល​ដ៏​សែន​កោលាហល​នេះ បណ្ដា​គ្រឿងអលង្ការ​ដែល​ស្ត្រី​មានគភ៌​ធ្លាប់​ពាក់ មិនថាតែ​ក្រវិល ខ្សែក ឬ​ចិញ្ចៀន-ល- គួរតែ​ដោះ​ទុក​សិន ព្រោះ​ក្រៅពី​មិនចាំបាច់​សោះ​ក្នុងអំឡុងពេល​ហ្នឹងហើយ អាច​នឹង​ធ្វើឱ្យ​កើតមាន​គ្រោះថ្នាក់​ដល់​ខ្លួនឯង ឬ​អាច​នឹង​របូត​ជ្រុះ​បាត់​ក៏មានដែរ។

មិនគួរ៖ មិនគួរ​ពាក់​គ្រឿងអលង្ការ​មានតម្លៃថ្លៃៗ ដូចជា ពេជ្រ មាស-ល- ព្រោះ​អាចធ្វើឱ្យ​បាត់បង់​ដោយ​មិនដឹង​ខ្លួន​បាន។

លាបថ្នាំ​ក្រចក? អត់​ទេ​ណា៎ កុំ!

គួរ៖ ក្នុងអំឡុង​ពេលដែល​គ្រូពេទ្យ​ត្រូវ​ពិនិត្យមើល​កម្រិត​អុក​ស៊ី​ហ្ស៊ែ​ន​ក្នុង​រាងកាយ ដំណាក់កាល​ដំបូង​គ្រូពេទ្យ​នឹង​ពិនិត្យមើល​ការប្រែប្រួល​របស់​ពណ៌​ក្រចក។ ដូច្នេះ​សូមអ្នក​គិត​ទៅ​មើល! ចុះបើ​ក្រចក​ពណ៌​ក្រហម បៃតង លឿង​វិញ​នោះ​តើ​វា​នឹង​ធ្វើឱ្យ​ការធ្វើការ​របស់​គ្រូពេទ្យ​ពិបាក​ប៉ុនណា​ទៅ? ដូច្នេះ​ដើម្បី​សុវត្ថិភាព និង​ការធ្វើការងារ​របស់​ក្រុមគ្រូពេទ្យ​មាន​ភាពងាយស្រួល គួរតែ​លាង​សម្អាត​ថ្នាំ​ក្រចក​ចេញ​ឱ្យ​ស្អាត។

មិនគួរ៖ បច្ចុប្បន្ន​ការតុបតែង​ក្រចក លាប​ពណ៌​ក្រចក​ឱ្យស្អាតៗ មាន​ច្រើន​ម៉ូដ​ច្រើន​ម៉ាក តែ​ចូរ​កុំ​សោកស្ដាយ​ដែល​ត្រូវ​លាង​វា​ចេញ​នោះ ព្រោះ​ពេលនេះ វា​ជា​រឿង​មួយ​ដែល​មិនចាំបាច់​ទាល់តែសោះ។

បន្ថែម៖ ត្រៀម​រៀបចំ​កាបូប​ខោអាវ​ពេល​ទៅ​ប្រសូត សម្រាប់​អ្នក​ម្ដាយ

  1. ប័ណ្ណ​ពិនិត្យ​គភ៌ និង​អត្តសញ្ញាណប័ណ្ណ។
  2. ឈុត​ខាងក្នុង និង​សំឡី​អនាម័យ៖ អាវទ្រនាប់ សម្រាប់​ពាក់​នៅ​ថ្ងៃ​ត្រឡប់ទៅផ្ទះ​វិញ គួរតែ​ជា​អាវទ្រនាប់​ដែល​ងាយស្រួល​បើក​ឱ្យ​កូនតូច​បៅដោះ​បាន​ស្រួល។ ខោ​ទ្រនាប់ គួរ​ត្រៀមខោ​ទ្រនាប់​រាងធំៗជាង​ខ្លួន​បន្តិច និង​មាន​ពណ៌ដិតៗឱ្យបាន​ច្រើន សម្រាប់​ស្លៀក​ពេល​គេង​សម្រាក​ក្រោយពេល​ប្រសូត​នៅ​មន្ទីរពេទ្យ។ គួរ​ជ្រើសរើស​ប្រើ​ខោ​ទ្រនាប់​បែប​ស្លៀក​ទៅ​ស្រួល​សប្បាយខ្លួន ធូររលុងៗ ដើម្បីឱ្យ​ខ្យល់អាកាស​ចេញចូល​ស្រួល។
  3. សម្លៀកបំពាក់​សម្រាប់​អ្នក​ម្ដាយ​ស្លៀក​ពេល​ចេញពី​មន្ទីរពេទ្យ។
  4. ស្បែកជើងផ្ទាត់។

សម្រាប់​កូនតូច

  1. ក្រណាត់​កន្ទបស្អាត។
  2. ខោអាវ​កូនតូច​ខ្នាត​ទើបនឹង​កើត ស្រោមដៃ ស្រោមជើង និង​មួក។
  3. កន្សែង​សម្រាប់​រុំ​ខ្លួន​កូន​ត្រឡប់ទៅផ្ទះ​ត្រៀមខ្លួន​រួចរាល់​ហើយ​មែន​ទេ​សម្រាប់​ការត្រៀមខ្លួន​ទៅ​ប្រសូត? សូមឱ្យ​អ្នក​ម្ដាយ និង​កូនតូច​មាន​សុខភាព​រឹងប៉ឹង និង​កុំ​ភ្លេច​ស៊ែរ​រូប​កូនតូច​មកឱ្យ​អ្នកគ្រូ ឆវី បាន​មើល និង​ជួយ​ត្រេកអរ​ផង​ណា៎​ចា៎ស៕
Advertisement