នៅពេល​កូនតូច​ឈានចូល​ខែ​ទី6

លក្ខណៈ​របស់​កូនតូច​ពេល​ចូលដល់​ខែ​ទី6

មកដល់​ខែ​នេះ អ្នក​ម្ដាយ​អាច​សង្កេតឃើញថា ទឹកដោះ​របស់ខ្លួន​ដែល​ធ្លាប់តែ​បំបៅកូន​គ្រប់គ្រាន់​នោះ បែរជា​តិច​ទៅ។ ក្នុងអំឡុង​ខែ​នេះ​អ្នក​ម្ដាយ​អាចឱ្យ​កូន​មឹ​ម​ទឹកដោះគោ​ឆុង​បាន តែ​ក្មេង​ដែល​ធ្លាប់​បៅដោះ​ម្ដាយ​មករ​ហូត​នោះ​អាច​នឹងមិន​ព្រម​បៅ​ទឹកដោះគោ​ពី​ដប ដូច្នេះ​សាកល្បង​ដាក់​ក្នុង​ពែង​ឱ្យ​ញ៉ាំ​ក៏បាន ដោយ​ស្មាន

បរិមាណ​ទឹកដោះគោ​តាមរយៈ​អត្រា​កើនឡើង​របស់​ទម្ងន់​ខ្លួន។ កូន6ខែ ទម្ងន់​នឹង​កើន​ឡើងជា​មធ្យម​មួយថ្ងៃ​ប្រមាណ​ជា15ក្រាម បើ​ក្នុង10ថ្ងៃ​ទម្ងន់​កើនឡើង​ត្រឹមតែ120-130ក្រាម។ សាកល្បង​បន្ថែម​ទឹកដោះគោ​ឱ្យ​ទៀត​មួយថ្ងៃ2ដប គួរឱ្យ​មឹ​ម​ក្រោយពេល​ញ៉ាំ​អាហារ​បន្ថែម។ បើ​មិន​ព្រម​បៅ​ទឹកដោះគោ សាកល្បង​ឱ្យ​បៅ​ទឹក​សណ្ដែក​លឿង និង​បង្កើន​បរិមាណ​អាហារ​បន្ថែមដើម្បីឱ្យ​អាហារ​គ្រប់គ្រាន់​ទៅនឹង​តម្រូវការ​របស់​រាងកាយ។ ក្មេង​ណា​ដែល​ធ្លាប់តែ​ក្អួត​ចេញមក​វិញ​ក្រោយពេល​បៅ​រួច មកដល់​ខែ​នេះ​អាការ​នេះ​នឹង​បាត់​លែងមាន​ហើយ។

ដល់ពេល​ចាប់ផ្ដើម​អាហារ​បន្ថែម​ហើយ

គួរ​ចាប់ផ្ដើម​ឱ្យ​ញ៉ាំ​នៅពេលដែល​កូន​បង្ហាញ​កាយវិការ​ថា​ចង់​ញ៉ាំ ដូចជា លូកដៃ​មក​ស្រវា​ចាប់​ស្លាបព្រា កម្រើក​មាត់​ឮសូរ​ជុប​ចាប់​ជាដើម។ បើ​កូន​នៅ​មិនទាន់​ដល់ពេល​ចង់ ទោះជា​បញ្ចុក ក៏​តែងតែ​ប្រើ​អណ្ដាត​ទល់​រុញចេញ​មកវិញ​ដែរ និង​មិនគួរ​បង្កើន​បរិមាណ​អាហារ​បន្ថែម​លឿន​ពេក​ទេ។ បើ​ក្នុង10ថ្ងៃ​ទម្ងន់​ខ្លួន​កើន300ក្រាម​ឡើងទៅ បង្ហាញថា កូន​ញ៉ាំ​អាហារ​ច្រើនពេក​ហើយ និង​មិនគួរ​បង្ខំ​ឱ្យ​កូន​ញ៉ាំ​អាហារ​ដែល​មិន​ចូលចិត្ត​នោះទេ។ ចំណែក​មូល​ហេតុដែល​ត្រូវឱ្យ​ញ៉ាំ​អាហារ​បន្ថែម​គឺ ទឹកដោះ​ម្ដាយ​មាន​សារ​ធាតុដែក​កាន់តែ​តិច​ទៅ និង​វិធី​ការពារ​ជំងឺ​ឈាម​ស្លេក​ដោយសារខ្វះ​សារ​ធាតុដែក​គឺ ញ៉ាំ​អាហារ​បន្ថែម​ដោយ​ចាប់ផ្ដើម​ពី​បបរ​កិន​ម៉ដ្ឋ​នៅពេល​អាយុ6ខែ ហើយ​ផ្លាស់​ទៅជា​បបរ​ធម្មតា​នៅពេល​អាយុ7-8ខែ ហើយ​បាយ​ដូច​មនុស្ស​ធំ​នៅពេល​អាយុ​បាន1ឆ្នាំ។

គោលការណ៍​សំខាន់​ក្នុង​ការឱ្យ​ញ៉ាំ​អាហារ​បន្ថែម

– ឱ្យ​ញ៉ាំ​អាហារ​ណា​ដែល​កូន​ចូលចិត្ត​ដោយ​មិន​បង្ខំ។ អាយុ6ខែ គួរឱ្យ​មួយថ្ងៃ1ពេល លើកលែងតែ​បៅ​ទឹកដោះ​ម្ដាយ​មិន​គ្រប់គ្រាន់ និង​មិន​ព្រម​បៅ​ទឹកដោះគោ។
– ឱ្យ​ញ៉ាំ​មុនពេល​បៅ និង​មិនចាំបាច់​ឱ្យ​ញ៉ាំ​នៅពេល​ព្រឹក​ជានិច្ច​នោះទេ ដូចជា​ចាប់ផ្ដើម​ពី​ម៉ោង10:00ជាដើម  ព្រោះ​បើសិន​កើត​អាការ​រាករូស​ដោយសារ​អាហារ​មិន​ស្អាត នឹង​បាន​នាំទៅ​ពេទ្យ​បាន​ងាយស្រួល​ជាង​នៅពេល​ល្ងាច។
– ចាប់ផ្ដើម​ពី1-2ស្លាបព្រា​កាហ្វេ បើ​មិន​ចូលចិត្ត​ស៊ុប​មាន់ស្ងោរ សាកល្បង​ធ្វើជា​ទឹក​សម្ល​ស្ងោរ​ពងមាន់​ក៏បាន។
– ពេល​ញ៉ាំ​បបរ​កិន​ជាមួយ​ស៊ុត​បាន​ពូកែ​ហើយ ចាប់ផ្ដើម​ឱ្យ​ញ៉ាំ​បន្លែ​កិន ដោយ​ចាប់ផ្ដើម​ពី​ល្ពៅ​ស្ងោរ​កិន ដំឡូងបារាំង​ស្ងោរ​កិន និង​ការ៉ុត​ស្ងោរ​កិន​ជាដើម។
– ប្រកាន់យក​ភាពងាយស្រួល គឺ​មិន​ធ្វើ​អាហារ​សម្រាប់តែ​កូនតូច​ជាពិសេស​ទេ តែ​ជ្រើស​រើសយក​ពី​អាហារ​ដែល​ធ្វើឱ្យ​មនុស្ស​ធំ​ញ៉ាំ និង​បែង​ឱ្យ​កូនតូច​ញ៉ាំ។
– បើ​បានទទួល​ទឹកដោះ​ម្ដាយ​មិន​គ្រប់គ្រាន់ និង​មិន​ព្រម​បៅ​ទឹកដោះគោ ហើយ​ទម្ងន់​ខ្លួន​កើនឡើង​តិចជាង​មួយថ្ងៃ10ក្រាម គួរ​ជ្រើសរើស​អាហារ​ដែល​មានកា​ឡូរី​ខ្ពស់ ដូចជា ស៊ុត​ក្រហម ថ្លើម​ស្ងោរ​កិន សាច់​ស្ងោរ​កិន សាច់​ត្រី និង​សាច់មាន់។ល។
– អាហារ​របស់​មនុស្ស​ធំ​ដែល​កូនតូច​ក្នុង​វ័យ​នេះ​អាច​ញ៉ាំ​បាន​គឺ អាហារ​ស៊ុត​ទាំងឡាយ សម្ល​ស្ងោរ​ធម្មតា​ទូទៅ និង​ស៊ុបផ្សេងៗ តៅហ៊ូ សាច់​ត្រី សាច់គោ សាច់ជ្រូក សាច់មាន់​ស្ងោរ​ផុយ និង​បន្លែ​ស្ងោរ​ជាដើម។

អាការ​ដែល​អាច​កើតឡើង

* រាករូស
កូន​អាច​បន្ទោបង់​មក​រាវ ព្រោះ​មាន​មេរោគ​បាក់តេរី ឬ​មេរោគ​វីរុស​ដោយសារ​អាហារ​មិន​ស្អាត​គ្រប់គ្រាន់។ ពេល​កូន​រាក ក៏​អាចមាន​ក្ដៅខ្លួន អារម្មណ៍មិនល្អ មិន​ព្រម​បៅ​ទឹកដោះ និង​ក្អួត​ជាដើម។ បើ​រាក​ដោយសារ​អាហារ​មិន​ស្អាត​គ្រប់គ្រាន់ គួរ​ធ្វើឱ្យបាន​ស្អាត មាន​អនាម័យ ឬ​បើ​កូន​មិនដែល​បានទទួល​អាហារ​បែប​នោះ​ពីមុន នៅពេល​ញ៉ាំ​ហើយ​រាក ចូរ​បញ្ឈប់​អាហារ​នោះ រហូត​ដល់ពេល​បាត់​រាក សឹម​ឱ្យ​ញ៉ាំ​ជាថ្មី ដោយ​បន្ថយ​បរិមាណ​អាហារ​ចុះ​ឱ្យ​នៅសល់​ពាក់កណ្ដាល។ តែបើ​នៅតែ​រាក​មិន​បាត់ ចូរ​ប្រញាប់​នាំ​កូនតូច​ទៅ​មន្ទីរពេទ្យ។

* ក្អក​ញឹកញាប់

នៅពេល​អាការ​ប្រែប្រួល កូន​អាចមាន​អាការ​ក្អក បើ​ក្អក​នៅពេល​ព្រលប់ អាចមាន​ក្អួត​ទៀតផង បើ​វាស់​សីតុណ្ហភាព​ហើយ​ឃើញ​មិនមាន​ក្ដៅខ្លួន កូន​មិន​យំ​រករឿង នៅ​លេង​ធម្មតា នៅ​បៅ​ទឹកដោះ​បាន​ធម្មតា​នោះ​បញ្ជាក់ថា​កូនតូច​មិនមាន​កើត​អ្វី​ធ្ងន់ធ្ងរ​ទេ។ អំឡុង​ពេលដែល​កូន​ក្អក​គួរ​ចៀសវាង​ការ​ងូតទឹក​ក្នុងពេល​ដែលមាន​ធាតុអាកាស​ត្រជាក់ ព្រោះ​នឹងធ្វើ​ឱ្យ​កើត​ស្លេស្ម៍​ឡើង​ច្រើន។ គួរ​ងូតទឹក​ឱ្យ​កូន​នៅពេលរសៀលៗនិង​នាំ​កូន​ចេញទៅ​សំដិល​ថ្ងៃ​នៅ​ខាងក្រៅ​ផ្ទះ ដោយ​មិនបាច់​ស្លៀក​សម្លៀកបំពាក់​ក្រាស់​ឱ្យ​ទេ ដើម្បីឱ្យ​សុខភាព​ស្បែក​របស់​កូន​បាន​រឹងប៉ឹង។

* យំ​រករឿង​នៅពេល​យប់

មាន​មិនតិច​ទេ​ដែល​ក្នុង​មួយយប់ៗកូន​ភ្ញាក់​យ៉ាងតិច2-3ដងនោះ។ មាន​ក្មេង​តិច​ណាស់​ដែល​ស្រែកយំ​រំខាន ព្រោះ​ឃ្លាន ដូច្នេះ​គួរ​បន្ថែម​បរិមាណ​ទឹកដោះគោ​ឱ្យ​ច្រើនឡើង ឬ​បន្ថែម​ពេល​បៅ​នៅ​ពេលយប់​មួយពេល​ទៀត​ក៏បាន។

* កើត​បូស​នៅលើ​ក្បាល

ក្មេង​ដែល​ស្បែកក្បាល​រលាក​ក្លាយ ពេល​អេះ​យូរ​ទៅនឹង​ដាច់​រលាត់ និង​មាន​មេរោគ​ចូល​ក្លាយជា​បូស។  ក្មេង​ខ្លះ​អាច​កើត​ពេញ​ក្បាល និង​ច្រើន​តែមាន​គ្រុន​ក្ដៅខ្លួន​រួមជាមួយ​ផង ហើយ​យំ​រករឿងរំខាន ដូច្នេះ​ត្រូវការពារ​ទុកជាមុន​ដោយ​ការ​កាត់​ក្រចកដៃ​កូន​ឱ្យ​ខ្លី​ជាប់​ជានិច្ច ឧស្សាហ៍​ប្ដូរ​ស្រោមខ្នើយ និង​គួរ​ប្រញាប់​ព្យាបាល​ឱ្យ​ឆាប់​ជា។

វិវឌ្ឍនាការ​របស់​កូនតូច
* រាងកាយ
– ក្រឡាប់​បាន​កាន់តែ​ចំណាន​ឡើង និង​ចាប់ផ្ដើម​ចេះ​លូន​ទៅខាង​មុខ ឬ​មក​ក្រោយ​បាន​ខ្លះ​ហើយ។
– ចេះ​អង្គុយ​ទប់​លំនឹង​ខ្លួន​បានល្អ និង​បាន​យូរហើយ តែ​ត្រូវមាន​អ្វី​មកទល់​ទប់​ពីក្រោយ ព្រោះ​អាច​នឹង​ផ្ងារ​ក្រោយ​បាន​យ៉ាង​ងាយ។
– អាច​កាន់​ដប​ទឹកដោះគោ​បាន ចាប់​របស់​លេង​បាន និង​ដូរ​ពី​ដៃ​ម្ខាង​ទៅ​ដៃ​ម្ខាង​បាន​យ៉ាង​ស្រួល។
– ចេះ​បញ្ចេញ​សំឡេង​បាន​ច្រើនបែប​ហើយ ដោយ​ចាប់ផ្ដើម​បញ្ចេញ​សំឡេង​ដែលមាន​តួ​ព្យញ្ជនៈ។
– ស្រវា​ចាប់​អ្វីមួយ​បានចំៗ ហើយ​ចេះ​លែងឱ្យ​ធ្លាក់​ទៅវិញ​បាន។
– ពេល​គេង​ផ្ងារ​ចូលចិត្ត​យកដៃ​ចាប់ជើង​លេង ឬ​យក​ជើង​មក​បៀម។
– ក្មេង​ខ្លះ​អាច​នឹង​ចាប់ផ្ដើម​មាន​ដុះធ្មេញ​ឡើងមក ឬ​មាន​អាការ​រមាស់​អញ្ចាញធ្មេញ​ខ្លះ​ហើយ។

* សង្គម​ជុំវិញខ្លួន

– ចេះ​ធ្វើ​ត្រាប់​តាម​ឥរិយាបថ ឬ​ទឹកមុខ​របស់​មនុស្ស​ជុំវិញខ្លួន។
– ចេះ​ញែក​ថា នរណា​ជា​មនុស្ស​ចាស់ ឬ​នរណា​ជា​កូនក្មេង។
– បញ្ចេញ​សំឡេង​ស្រែក​នៅពេល​ត្រូវការ​ជំនួយ តែ​ជាការ​បញ្ចេញ​សំឡេង​ស្រែក​បែប​មានន័យ។
– ចូលចិត្ត​លេង​ជាមួយ​អ្នកដទៃ​ច្រើនឡើង។
– ចូលចិត្ត​ឈោងដៃចាប់​មុខក្មេងៗដូចគ្នា។

* លេង​ជាមួយ​កូន​ញឹកញាប់

កូនតូច​ក្នុង​វ័យ​នេះ​មានការ​ចាប់អារម្មណ៍​លើ​អ្វី​ជុំវិញខ្លួន​ច្រើន ដូច្នេះ​នៅ​ថ្ងៃ​ណា​ដែល​ធាតុអាកាស​ល្អ អ្នក​ម្ដាយ​សាកល្បង​រក​កន្លែង​ណាមួយ​នៅខាងមុខ​ផ្ទះ ឬ​នៅលើ​វាលស្មៅ ក្រាលកន្ទេល ហើយ​ដាក់​កូនតូច​ឱ្យ​គេង​ផ្កាប់​លេង មើល​ដើមឈើ ស្លឹក​ស្មៅ ឬ​មនុស្ស​ដែល​ដើរ​ទៅមក​នៅមុខ​ផ្ទះ។ កូន​នឹងមាន​អារម្មណ៍​សប្បាយរីករាយ និង​ព្យាយាម​រំកិល​ខ្លួន​ទៅខាង​មុខ ដូចជា​ការហាត់ប្រាណ​ម្យ៉ាងដែរ តែបើ​កូនតូច​របស់​អ្នកជា​ក្មេង​ដែល​មិនសូវ​កម្រើក គួរ​បង្ហាត់​ឱ្យធ្វើ​កាយវិការ​តាមរយៈ​ការលេង​ជាមួយ​កូន​ខ្លះ​ផង។

ក្នុង​វ័យ​នេះ នៅពេល​កូន​ចាប់ផ្ដើម​ចេះ​ធ្វើ​ចលនា​បាន​ច្រើនឡើង ឧប្បត្តិហេតុ​ក៏​ងាយ​នឹង​កើតឡើង​ដែរ ជាពិសេស​ការធ្លាក់​ពីលើ​គ្រែ និង​ត្រូវ​ប្រយ័ត្ន​មិន​ឱ្យមាន​វត្ថុ​គ្រោះថ្នាក់​ណាមួយ

នៅក្បែរ​ខ្លួន​ឱ្យសោះ​ពេល​ដាក់​កូន​នៅលើ​កម្រាល​ឥដ្ឋ មិន​ថា​គេង​លក់ ឬ​ភ្ញាក់​នោះឡើយ។ ត្រូវ​ប្រមូល​ទុកដាក់​របស់របរ​ជុំវិញ​ខ្លួន​ឱ្យអស់ ជាពិសេស​របស់​គ្រោះថ្នាក់​ដូចជា បារី កន្ទុយបារី ឈើគូស ខ្សែក្រវាត់ ម្ជុល ផ្លែ​ឡា​ម ថ្នាំ​គ្រាប់ ឡេវអាវ កាក់ ធុង​ទឹក​ក្ដៅ ប្រអប់​ធូបមូស និង​របស់​លេង​ក៏​មិនគួរ​ជា​របស់​ដែលមាន​ជ្រុងស្រួចៗឬ​ផ្លា​ស្ទិ​កស្រួយៗដែល​ងាយ​បែកបាក់​នោះដែរ ទាំងអស់នេះ​គឺ​សុទ្ធតែ​ដើម្បី​សុវត្ថិភាព​របស់​កូន​សម្លាញ់​ក្នុង​វ័យ​នេះ៕

Advertisement