មែន​ឬទេ ដែល​ពាក្យចាស់​លោក​ថា ម្តាយ​ជ្រុះ​សក់​ ក្រោយពេល​ឆ្លងទន្លេ​រួច ព្រោះតែ​កូន​ចាំ​មុខ​ម្តាយ?

ស្ត្រី​កូនខ្ចី​ស្ទើរតែ​គ្រប់រូប​តែង​ជួបនឹង​បញ្ហា​សក់​ជ្រុះ​ក្រោយពេល​ឆ្លងទន្លេ​រួច តែ​នឹង​ជ្រុះ​ច្រើន​ឬ​តិច​នោះ វា​អាស្រ័យ​លើ​បច្ច័យផ្សេងៗរបស់​រាងកាយ ឬក៏​កើតឡើង​ដោយសារតែ​ទារក​ចំណាំ​មុខ​ម្តាយ​បាន​ហើយ​ទើប​ធ្វើឱ្យ​សក់​ជ្រុះ​ដូចដែល​ចាស់​បុរាណ​បា​និយាយ? ភាពមិនច្បាស់លាស់ និង​ក្តី​សង្ស័យ​មួយ​នេះ​អាច​និយាយបានថា មាន​គ្រប់​យុគ​គ្រប់​សម័យ ព្រោះ​អំឡុង​ពេលដែល​សក់​ក្បាល​របស់​អ្នក​ម្តាយ​ជ្រុះ​គឺ​ស្ថិតក្នុង​អំឡុងពេល​ប្រមាណ​ជា3-4ខែក្រោយ​ប្រសូត គឺ​ចំ​ពេលដែល​កូនតូច​អាច​នឹង​ចំណាំ​មុខ​ម្តាយ​បាន​ហើយ
​ហ្នឹងឯង អ៊ើ… តើ​វា​ជា​រឿង​ចៃដន្យ ឬ​ជា​រឿង​ពិត យើង​នាំគ្នា​មក​អាន​បន្ត​ទាំងអស់គ្នា​ដូចខាងក្រោម។

ក្នុង​ផ្នែក​វេជ្ជសាស្ត្រ សក់​ជ្រុះ​ក្រោយពេល​ឆ្លងទន្លេ​រួច​បណ្តាលមកពី​កម្រិត​អ័រម៉ូន​អេស​ត្រូ​ជេន​ដែល​ថយចុះ​ក្រោយពី​សម្រាល​បុត្រ​រួចហុច​ផល​ឱ្យ​បរិ​មាណនៃ​ការហូរ​វិល​របស់​លោហិត​ថយចុះ​ដែរ ឈាម​ដែល​ទៅ​ចិញ្ចឹម​ស្បែកក្បាល​ក៏​ថយចុះ​ទៅតាម​នោះដែរ ទើប​ធ្វើឱ្យ​សរសៃសក់​ដែល​ធ្លាប់តែ​ខ្មៅ​ក្រាស់​តាំងពី​ពេល​តាំង​គភ៌​នោះ​របូត​ជ្រុះ​មក​ច្រើនជាង​ប្រក្រតី។

ការពិតទៅ ជា​ប្រក្រតី​មនុស្ស​យើង​នឹង​ជ្រុះ​សក់​ក្នុង​មួយថ្ងៃ​ប្រមាណ​ជា10សរសៃ តែ​ក្នុងអំឡុងពេល​ជ្រុះ​សក់​ក្រោយពេល​សម្រាល​បុត្រ​រួច​នេះ​អាច​នឹង​កើនឡើង​ដល់40-50សរសៃ​ក្នុង​មួយថ្ងៃ តែ​មិនបាន​ជ្រុះ​ច្រើន​បែបនេះ​រហូត​នោះទេ ព្រោះ​នៅពេល​អ័រម៉ូន​ចាប់ផ្តើម​ដំណើរការ​ស្រួលបួល​ឡើងវិញ (រយៈពេល​ប្រមាណ​ជា6-12ខែ) គ្រប់យ៉ាង​នឹង​វិល​ទៅរក​សភាព​ប្រក្រតី​វិញ​មិន​ខាន។ សក់​របស់​អ្នក​ម្តាយ​នឹង​បន្ថយ​ជ្រុះហើយ​សក់​ថ្មី​នឹង​ដុះ​ឡើង​ជំនួស​វិញ តែ​ទាំងអស់នេះ​អាស្រ័យ​លើស​ភាព​រាងកាយ​របស់​ស្ត្រី​ជា​ម្តាយម្នាក់ៗដែរ មិន​កំណត់ថា ត្រូវតែ6-12ខែ​នោះទេ អ្នកខ្លះ​ជ្រុះ​តែមួយ​ខែ​ហើយ​ឈប់​ជ្រុះ​ទៀត​ក៏មានដែរ។

សម្រាប់​ជំនឿ​ដែលថា ជ្រុះ​សក់​ដោយសារតែ​កូន​ចាំ​មុខ​ម្តាយ​បាន​ហើយ​នោះ ប្រហែលជា​វា​ចៃដន្យ​ទៅ​ត្រូវ​គ្នា​នឹង​អំឡុង​ពេលដែល​វិវឌ្ឍនាការ​តាម​វ័យ​របស់​ទារក​ដែល​ចាប់ផ្តើម​ចេះ​ចំណាំ​ផ្ទៃមុខ​ម្តាយ ឬ​អ្នក​នៅ​ជិតដិត​បាន​ហើយ និង​ចំពេល​ដែល​ម្តាយ​ស្ថិតក្នុង​អំឡុងពេល​សក់​ជ្រុះ​ក្រោយពេល​ឆ្លងទន្លេ​រួច​ដែរ ទើប​ក្លាយជា​ប្រភព​នៃ​ជំនឿ​ដែលថា ជ្រុះ​សក់​ក្រោយពេល​សម្រាលកូន​រួច ព្រោះតែ​កូន​ចំណាំ​មុខ​ម្តាយ​បាន​ហើយ​ហ្នឹងឯង។

តើ​ត្រូវ​មើលថែទាំ​អាការ​ជ្រុះ​សក់​ក្រោយពេល​សម្រាលកូន​រួច​យ៉ាងណា​ស្រួល?
1- អ្នក​ម្តាយ​មួយចំនួន​ប្តូរ​ម៉ូដ​សក់​ថ្មី កែសម្រួល​លក្ខណៈ​ផ្ទាល់ខ្លួន​ឱ្យទៅជា​អ្នក​ម្តាយ​ស្រស់ស្អាត​ថ្មី​ម្នាក់​ក៏​ល្អ​ម្យ៉ាងដែរ ព្រោះ​ម៉ូដ​សក់​ខ្លី​ងាយស្រួល​មើលថែទាំ និង​ធ្វើ​ឱ្យមើល​មក​ឃើញ​សក់​រាង​ក្រាស់​ទៀតផង។

2- ការមើល​ថែទាំ​សរសៃសក់​ដែល​សំខាន់​គឺជ្រើសរើស​ប្រើ​ផលិតផល​បែប​ធម្មជាតិ​ដើម្បី​ថ្នម​សរសៃសក់ ចៀសវាង​ការធ្វើ​ម៉ាស្សា​ស្បែកក្បាល ឬ​សិតសក់ខ្លាំង។ ក្រោយពេល​កក់សក់​រួច ត្រូវ​ជូត​សក់​ក្បាល​យ៉ាង​ថ្នមដៃ ព្រោះ​សក់​ដែល​កំពុង​ទទឹក​សើម​មានឱកាស​ជ្រុះ​បាន​ងាយ​ណាស់ ការធ្វើ​បែបនេះ​នឹង​ជួយ​ថ្នម​សរសៃសក់​បាន​កាន់តែ​ល្អ​ឡើង។

3- ទទួលទាន​អាហារ​ដែល​ជួយ​បំប៉ន​សរសៃសក់ ដែលមាន​ដូចជា ៖
• ស៊ុត មាន​ចំណែក​ជួយ​បំប៉ន​សរសៃសក់​ឱ្យ​ភ្លឺរលោង ព្រោះ​ក្នុង​ស៊ុតមាន​សារធាតុ​បៃ​អូ​ឌី​ននិង​វីតាមីន B។
• មើម​ការ៉ុត មាន​វីតាមីន A កាត់បន្ថយ​ការ​ជ្រុះ​របស់​សរសៃសក់ និង​បំប៉ន​ស្បែកក្បាល។
• បន្លែ​ស្លឹក​បៃតង សម្បូរ​ទៅដោយ​វីតាមីន A និង C ដូចជា ស្លឹក​ផ្ទី ប្រូ​ខូ​លី ស្ពៃក្តោប ជួយ​បំប៉ន​សរសៃសក់ និង​ស្បែកក្បាល។
• សាច់​ត្រី ជាពិសេស​ត្រី​សាល់​ម៉ុ​ន ជា​ប្រភព​ប្រូ​តេ​អី​ុ​ន និង​វីតាមីន​D ថែមទាំង​មាន​សារធាតុ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា3ដែល​ជួយ​បំប៉ន​ស្បែកក្បាល កាត់បន្ថយ​ការកើត​អង្គែ​បាន​ទៀតផង៕

Advertisement