គន្លឹះល្អៗក្នុងការចម្អិនម្ហូបអាហារបែបចៀន ឬបំពង

មានប្អូនៗស្ត្រីមេផ្ទះថ្មោងថ្មីជាច្រើននាក់ណាស់ ដែលតែងតែមានបញ្ហាក្នុងរឿងចៀន ឬបំពងត្រី ឬសាច់ផ្សេងៗ ដោយមិនដឹងជាត្រូវធ្វើយ៉ាងណាដើម្បីឱ្យឆ្អិនល្អ មិនជាប់ខ្ទះ និងមានពណ៌ស្អាតគួរឱ្យចង់ទទួលទាន…។ ខាងក្រោមនេះ គឺជាចំណេះដឹងល្អៗពាក់ព័ន្ធនឹងការចៀន ឬបំពងត្រី ឬសាច់ផ្សេងៗដែលស្ត្រីមេផ្ទះយើងបានដឹងហើយ ច្បាស់ជាចង់សាកល្បងធ្វើតាមជាមិនខាន។

 មើមខ្ញីជួយឱ្យត្រីចៀនមិនជាប់ខ្ទះ

នេះជាវិធីមួយដែលនឹងជួយឱ្យពេលចុងភៅ(មិនសូវ)ចំណានដូចយើងប្រុងចៀនត្រី វិធីតទៅនេះនឹងមិនធ្វើឱ្យត្រីជាប់ខ្ទះឡើយ។ វិធីនោះគឺ ពេលចាក់ខ្លាញ់ ឬប្រេងឆាចូលទៅក្នុងខ្ទះ និងទុក​​ឱ្យ​​ក្តៅល្មមហើយ សូមយកមើមខ្ញីស្រស់ៗមកហាន់ជាបន្ទះស្តើងៗប្រមាណជា 2-3បន្ទះ រួចដាក់ចូល​ទៅក្នុងខ្ទះ​ដែលមានខ្លាញ់ក្តៅ​ស្រាប់​​ហើយនោះ។ រង់ចាំឱ្យបន្ទះខ្ញីនោះឡើងក្រៀមហើយសឹមដួសចេញ រួចដាក់ត្រីចូលទៅចៀន ត្រីនោះនឹង​មិនជាប់ខ្ទះឡើយ(ធានា!)។

វិធីចៀនសាច់ត្រីឱ្យមានពណ៌លឿងស្អាត មិនបែក ឃើញហើយគួរឱ្យចង់ទទួលទា

ស្ត្រីមេផ្ទះទាំងឡាយប្រហែលជាធ្លាប់ជួបច្រើនដងមកហើយ នៅពេលដែលចង់ពិសាសាច់ត្រីចៀនឱ្យឆ្ងាញ់មាត់ម្តង តែបែរជាជួបនូវសាច់ត្រីចៀនដែលបែកខ្ទេច ឬបាក់ដាច់ជាបំណែកតូចៗ ឃើញហើយមិនចង់ឱ្យទទួលទានសោះ…ថ្ងៃនេះ អ្នកគ្រូ ឆវីមានតិចនិកក្នុងការចៀនត្រីបែបថ្មី មកជម្រាបជូន ធានាថា សាច់ត្រីនឹងនៅជាដុំមូល មិនបែក និងមានពណ៌គួរឱ្យចង់​ញ៉ាំទៀតផង ។

  • ដាក់ខ្លាញ់ ឬប្រេងចៀននៅលើភ្លើងឱ្យក្តៅខ្លាំងជាមុនសិន។
  • ដាក់សាច់ត្រីចូលទៅចៀន ដោយដាក់ខាងស្បែកចុះក្រោម ព្រោះកន្លែងសាច់ជាប់ស្បែកក្រឆ្អឹនជាងកន្លែង​             សាច់សុទ្ធ​។
  • យកវែកឆា ឬវែកឈើសម្រាប់ចៀនសាច់សង្កត់លើសាច់ត្រីតិចៗ ដើម្បីកុំឱ្យសាច់ត្រី-ងឡើង និងកុំប្រែចុះ​ឡើងញឹកញាប់ដោយមិនចាំបាច់ គួរទុកឱ្យឆ្អឹនម្តងម្ខាង។
  • ពេលសាច់ខាងស្បែកនោះឆ្អឹនក្រៀមល្អហើយ សឹមត្រឡប់ឱ្យសាច់ខាងលើទៅនៅខាងក្រោមម្តង និងចៀនរហូតឡើងឆ្អឹនក្រៀម សឹមស្រង់ឡើង ទុកឱ្យស្រក់ខ្លាញ់អស់។

ចូរកុំភ្លេច មុនពេលដាក់ចៀន អ្នកគួររោយអំបឹលពីលើសាច់ត្រីឱ្យសព្វ ដើម្បីការពារកុំឱ្យសាច់ត្រីជាប់ខ្ទះ។

 គន្លឹះក្នុងការបំពងសាច់មាន់ ឱ្យស្រួយខាងក្រៅ ទន់ខាងក្នុង

យកសាច់មាន់ដែលលាងហើយទៅដាក់សំដឹលខ្យល់ឱ្យស្ងួត។ បុកមើមខ្ទឹមស និងគ្រាប់ម្រេញឱ្យបែកល្អិតចូលគ្នាសព្វ ដាក់អំបឹលចូល ហើយយកទៅប្រឡាក់ផ្អាប់ជាមួយសាច់មាន់ដែលសំដឹលស្ងួតហើយនោះ រួចទុកចោលយ៉ាងតិច​ឱ្យបានកន្លះម៉ោង។ បន្ទាប់ពីនោះយកមកដាក់ក្នុងចាន ហើយយកទៅដាក់ចំហុយនៅក្នុងឡាំងស៊ឹង(ឆ្នាំងសម្រាប់ចំហុយ) ដែលមានទឹកពុះជាស្រេច​(ដាំទឹកឱ្យពុះសិន សឹមដាក់សាច់មាន់ចូលចំហុយ)។ ចំហុយរហូតសាច់មាន់ឆ្អឹនល្មម សឹមយកចេញពីក្នុងឡាំងស៊ឹង ទុកឱ្យត្រ​ជាក់ និងដាក់សំដឹលខ្យល់ឱ្យស្ងួត រួចហើយយកសាច់មាន់មកច្របល់ជាមួយ និងម្សៅសាលី(ឬម្សៅបំពងស្រួយក៏បាន) បន្ទាប់មកយកទៅជ្រលក់នៅក្នុងទឹកស៊ុតក្រឡុក រួចទើបយកទៅចៀនបំពងនៅក្នុងខ្លាញ់ដែលកំពុងក្តៅខ្លាំង ដោយប្រើភ្លើងខ្លាំងល្មម។ ពេលមើលឃើញម្សៅស៊ុតខាងក្រៅឆ្អឹនឡើងពណ៌លឿងស្រួយហើយ ចូរយកចង្កឹះចាប់ស្រង់ឡើងយកមកទុកឱ្យ​​​ស្រក់ខ្លាញ់អស់…តែប៉ុណ្ណឹងលោកអ្នកនឹងបានសាច់មាន់បំពងដែលស្រួយក្រៅ ទន់ក្នុង មកទទួលទានយ៉ាងឆ្ងាញ់មាត់មិនខាន៕

Advertisement