រឿងស្ងោរៗដែលបងៗស្រ្តីមេផ្ទះគួរតែដឹង

រឿងចង្រ្កានជើងឆ្នាំង និងការចម្អិនម្ហូបអាហារនេះសំខាន់ខ្លាំងណាស់សម្រាប់ស្រ្តីមេផ្ទះ ព្រោះនៅពេលដែលបងៗស្រ្តីមេផ្ទះចម្អិនម្ហូបអាហារបានឈ្ងុយឆ្ងាញ់ មានរសជាតិ និងមិនមានធំក្លិនឆ្អាបនោះ សមាជិកក្នុងគ្រួសារនឹងសប្បាយរីករាយណាស់ក្នុងការទទួលទានអាហារដ៏ឆ្ងាញ់ៗទាំងអស់នោះ។ ដូច្នេះថ្ងៃនេះ ទំព័រចំណេះដឹងស្រ្តីមេផ្ទះនៃទស្សនាវដ្ដី ឡារ៉ែន សូមនាំយកតិចនិកក្នុងការធ្វើម្ហូបបែបស្ងោរៗមកជម្រាបជូន ដែលឡារ៉ែនជឿថា នៅពេលសមាជិកក្នុងគ្រួសារទាំងអស់បានពិសាហើយ ច្បាស់ជាលើកមេដៃជូនអ្នកចម្អិនជាមិនខាន។

តិចនិកស្ងោរបន្លែឱ្យឆ្ងាញ់ពិសា

  1. ព្យាយាមប្រើទឹកឱ្យតិចបំផុតតាមដែលអាចធ្វើទៅបានក្នុងការស្ងោរបន្លែ។
  2. មុននឹងយកបន្លែមកដាក់ស្ងោរ គួររង់ចាំឱ្យទឹកពុះជាមុនសឹន សឹមដាក់បន្លែចូលទៅ ដោយមិនគួរដាក់ត្រាំស្ងោរនៅក្នុងឆ្នាំងតាំងពីដំបូងឡើយ។
  3. បន្លែពណ៌បៃតងគួរធ្វើឱ្យឆ្អិនដោយវិធីស្រុះ​ ឬដាក់ចូលទៅក្នុងទឹកពុះ ហើយពេលទឹកពុះម្តងទៀត ចូរលើកចុះភ្លាម។
  4. បន្លែមើម ដូចជា មើមស្ពៃ មើមឆៃថាវ មើមការ៉ុត គួរស្ងោរនៅក្នុងទឹកពុះតិចៗ និងគួរស្ងោរទាំងមូល ព្រោះនឹង​​ជួយរក្សាគុណប្រយោជន៍ខាងអាហារបានច្រើនជាងការហាន់ជាដុំៗដាក់ស្ងោរ។
  5. រាល់ពេលស្ងោរបន្លែ គួរបិទគម្របឆ្នាំង ដើម្បីឱ្យទឹកឆាប់ពុះ និងបន្លែកាន់តែឆាប់ឆ្អិន ព្រោះបន្លែកាន់តែនៅក្នុងទឹកក្តៅយូរប៉ុនណា គុណប្រយោជន៍ខាងអាហារនឹងកាន់តែថយចុះប៉ុននោះដែរ។

ធ្វើតាមតិចនិកដ៏ងាយៗខាងលើ ក្រៅពីបងៗទទួលបានបន្លែស្ងោរដែលឆ្ងាញ់ជាងអ្នកដទៃហើយ នៅ​បានទទួលគុណប្រយោជន៏ខាងអាហារយ៉ាងពេញបរិបូរណ៍ទៀតផង ។

តិចនិកស្ងោរពោតឱ្យទន់ ផ្អែម ឆ្ងាញ់

ផ្លែពោត គឺជាបន្លែផ្លែឈើដែលងាយឆ្អិនជាទីបំផុត ដូច្នេះយើងមិនគួរប្រើពេលវេលាក្នុងការស្ងោរយូរឡើយព្រោះនឹងធ្វើឱ្យសាច់គ្រាប់់ផ្លែពោតឡើងស្វិតជ្រួញ ញ៉ាំលែងឆ្ងាញ់។

វិធីស្ងោរមានដូចតទៅ៖ ចូរដាក់ទឹកដោះគោឆៅមួយកូនចានទឹកជ្រលក់ទៅក្នុងទឹកស្ងោរពោត ស្ករសមួយស្លាបព្រាកាហ្វេ រួចដាំទឹកឱ្យពុះ​ដោយ​ប្រើ​​ភ្លើង​​ខ្លាំង រង់ចាំឱ្យទឹកនៅក្នុងឆ្នាំងពុះខ្លាំងជាមុនសិន សឹមយកផ្លែពោតដាក់ចូលទៅដោយតម្រៀបគ្នានៅក្នុងឆ្នាំង បន្ទាប់មកស្ងោរបន្តទៀតរយៈពេល 3នាទី ផ្លែពោតនឹងឆ្អិនល្អ រួចចូរស្រង់ផ្លែពោតឡើងមក ហើយយកអំបឹលសមកលាបពីលើបន្តិច តែប៉ុណ្ណឹងយើងនឹងបានផ្លែពោតស្ងោរដែលទន់ ​ផ្អែម និងឈ្ងុយឆ្ងាញ់សម្រាប់ទទួលទានហើយ។

វិធីស្ងោរត្រីមិនឱ្យធំក្លិនឆ្អាប

វិធីងាយៗក្នុងការស្ងោរត្រីមិនឱ្យមានក្លិនឆ្អាបក្នុងទឹកស្ងោរនោះគឺ ចូរដាក់ស្លឹកតែចិនចូលទៅក្នុងឆ្នាំងស្ងោរប្រមាណជា 6-7សន្លឹក ហើយបើបានដំមើមខ្ទឹមក្រហម 2-3​ មើមឱ្យបែកហើយដាក់ចូលទៅផងនោះ នឹងរឹតតែបង្កើនរសជាតិសម្លរស្ងោរត្រី របស់បងៗស្រ្តីមេផ្ទះឱ្យកាន់តែឈ្ងុយឆ្ងាញ់ បាត់ក្លិនឆ្អាប និងទទួលទានកាន់តែស្និទ្ធឡើងទៀតផង។

ស្ងោរសាច់ជ្រូកចិញ្រ្ចាំ…ធ្វើយ៉ាងម៉េចឱ្យសាច់ទន់ឆ្ងាញ់?

បងៗស្រ្តីមេផ្ទះជាច្រើននាក់ប្រហែលជាធ្លាប់ជួបបញ្ហាពេលធ្វើសម្លស្ងោរសាច់ជ្រូកចិញ្រ្ចាំហើយ សាច់ជ្រូកឡើងរឹងទទួលទានមិនឆ្ងាញ់មាត់សោះហើយមើលទៅ ដូច្នេះពេលនេះសូមឈប់កង្វល់ទៅ ឡារ៉ែនមានវិធីសាស្រ្តងាយៗក្នុងការធ្វើឱ្យសាច់ជ្រូកចិញ្រ្ចាំក្នុងសម្លស្ងោរនោះ​ទន់ឆ្ងាញ់បានដូចតទៅ៖ គឺបងៗគួរជ្រើសយកសាច់ 3ជាន់មកធ្វើជាសាច់ចិញ្រ្ចាំ តែបើខ្លាចថាមានខ្លាញ់ច្រើនពេក អាចប្រើសាច់កន្លែង​ផ្សេង​ក៏បាន តែឱ្យមានជាប់ខ្លាញ់ខ្លះផង​។ ពេលចិញ្រ្ចាំបានហើយ ចូរយកមកលាយច្របល់ជាមួយនឹងទឹកស៊ុបដែលទុក​ឱ្យត្រ​ជាក់​​ហើយ ដើម្បីឱ្យសាច់នោះមានលក្ខណៈទន់ និងបៀមទឹកបន្តិច ដល់ពេលយកទៅស្ងោរ សាច់ជ្រូកចិញ្រ្ចាំនោះនឹងឡើងទន់ ហើយមានរស់ជាតិឆ្ងាញ់ទៀតផង៕

Advertisement